ភ្នំពេញៈ រដ្ឋាករ​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ​សហការ​ជាមួយ​ស្ថានទូត​អាមេរិក​បាន​រកឃើញ​ភ្លុក​ដំរី​ទម្ងន់​ជាង​ ៣ ​តោន​ដែល​ឈ្មួញ​​លាក់ទុក​ក្នុង​ទូ​កុងតឺន័រ​។ នេះ​​បើ​តាម​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

យោង​តាម​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​របស់​ផ្នែក​ជលផល និង​សត្វព្រៃ​អាមេរិក​​បាន​ផ្តល់​ព័ត៌មាន​ដល់​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទើប​ឈាន​ដល់​ការរកឃើញ​ភ្លុក​ដំរី​ជាង​ ១ ​ពាន់​ដុំ​ទម្ងន់​ជិត ៣៥០០ គីឡូ​ទុកចោល​ក្នុង​ទូ​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

លោក ស៊ុន ឆាយ ប្រធាន​សាខាគយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​អះអាង​ប្រាប់​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃ​សៅរ៍​ថា ភ្លុក​ដំរី​នោះ​មាន ១ ០២៦ ដុំ ត្រូវ​បាន​ឈ្មួញ​នាំ​ពី​កំពង់ផែ​ឈ្មោះ «​ម៉ាឡាកា​» នៅ​ប្រទេស​មូហ្សំប៊ិក​តាំងពី​ខែ​កក្កដា ឆ្នាំ​នេះ ហើយ​ថា​បច្ចុប្បន្ន​ភ្លុក​ដំរី​​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។

កែវ អូម៉ាលីស្ស អ្នក​នាំពាក្យ​​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែង​ថា​កម្ពុជា​មាន​ផែនការ​ទប់ស្កាត់​ការ​នាំចូល​ភ្លុក​ដំរី​ដោយ​មាន​នាយកដ្ឋាន​គយ និង​មន្ត្រី​នគរបាល​សហការ​ជាមួយ​ប្រទេស​​នៅ​អាហ្វ្រិក និង​អង្គការ​ដៃគូ​​អន្តរជាតិ​ទើប​ធ្វើឲ្យ​ងាយស្រួល​ទប់ស្កាត់ និង​បង្ក្រាប​ភ្លុក​ដំរី​។

កាលពី​ថ្ងៃទី​ ១៥ ខែ​ធ្នូ ឆ្នាំ ២០១៦ សមត្ថកិច្ច​កម្ពុជា​ក៏​ធ្លាប់​បាន​រកឃើញ ភ្លុកដំរី កន្ទុយ ឆ្អឹង​ខ្លា និង​ស្រកាពង្រូល​នៅ​ក្នុង​ទីតាំង​ផែស្ងួត​ភ្នំពេញ​ផង​ដែរ ដែល​បង្កប់​ជាមួយ​ឈើ​ក្នុង​កុងតឺន័រ​ចំនួន ២ ដឹក​ពី​ក្រុង​ព្រះសីហនុ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​ភ្លុក​ដំរី​ ៦៤០ ​ដុំ​ទម្ងន់ ​១,៣ តោន ស្រកាពង្រូល​ជាង​ ១៣៧,៦ គីឡូក្រាម ឆ្អឹង​ខ្លា ជាង​ ៨២ ​គីឡូក្រាម និង​កន្ទុយដំរី ទម្ងន់​ជិត ៥​ ​គីឡូក្រាម​៕