ភ្នំពេញៈ កម្ពុជា និង​កា​រិ​យាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) របស់​សហរដ្ឋ​អាមេរិក​នឹង​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា (MoU) ជា​លើក​ដំបូង លើ​កិច្ច​សហ​ប្រតិបត្តិការ ជុំវិញ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​អំឡុង​ពេល​មន្ត្រី​ជាន់​ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មហា​អំណាច​មួយ​នេះ​ដែល​រំពឹង​ថា​កម្ពុជា​នឹង​ទទួល​បាន​សម្ភារ និង​បច្ចេកទេស​ដើម្បី​ចូលរួម​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

លោក​ នេ​ត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោក​ គៀត ច័ន្ទ​ថារិទ្ធ អគ្គនាយក​អន្តោ​ប្រវេសន៍​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ខែ​ មេសា តប​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ របស់​សហរដ្ឋ​អាមេរិក ក្នុង​គោល​បំណង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លង​ដែន ដែល​រួម​មាន​បញ្ហា​គ្រឿងញៀន​ ភេរវកម្ម ​ការ​ជួញ​ដូរ​មនុស្ស ​ការលាង​លុយ​កខ្វក់។

លោក ​ឆាយ គឹម​ខឿន ​អ្នក​នាំពាក្យ ​និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មុន​ចេញ​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ ​កាល​ពី​ម្សិលមិញ​ថា ​ទស្សនកិច្ច​នេះ ​មាន​គោលបំណង​ ២ គឺ​ទី១ ​ផ្លាស់ប្តូរ​បទ​ពិសោធកិច្ចសហ​ប្រតិបត្តិការ​ ការជជែក​គ្នា​ពង្រឹង​ឡើងវិញ​នូវ​ការប្រយុទ្ធ​ប្រឆាំង​បទ​ឧក្រិដ្ឋ ​និង​ទី២ ​គឺ​ដើម្បី​ចុះ​ហត្ថ​លេខា​លើការ​ចុះ​អនុស្សរ​ណៈ​យោគយល់​​គ្នាបង្កើត​ក្រុម​ប្រតិបត្តិការ​រួមមួយ ​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​បទ​ឧក្រិដ្ឋ​ឆ្លងដែន ​និង​បញ្ហា​ផ្សេងៗ​ទៀត ​ដែល​ភាគី​ទាំង ២ ​ចាប់​អារម្មណ៍។

លោក​បន្តថាឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​​ទាំងនេះ​គឺ​សំដៅ​លើ​បទ​ល្មើស​​គ្រឿងញៀន​ ភេរវកម្ម ​ការ​ជួញដូរ​មនុស្ស ​ការលាង​លុយ​កខ្វក់ ​និង​បទ​ឧក្រិដ្ឋ​កុំ​ព្យូទ័រ​ជា​ដើម។

អ្នក​នាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ «ការចុះ​ហត្ថលេខា​នេះ ​គឺ​ធ្វើ​ឡើង ​រវាង​អគ្គស្នងការ​នគរបាល​ជាតិ ​ជាមួយអគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ និង​ FBI។ មាន​និយាយ​ជារួម ​ដែល​អាច​ផ្តល់​ជា​សម្ភារ​បច្ចេកទេស​មួយចំនួន ​ក្នុង​ប្រតិបត្តិ​ការ រួម​ទាំង​ការ​​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ជំនាញ​កម្ពុជា»។

លោក​បន្តថា​៖ «ជាមួយ ​FBI នេះ​ គឺ​ធ្វើឡើង​ជា​លើក​ទី១ ​ក្រៅតែពី​មាន​សហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថាប័ន​នេះរវាង​ករណី​ឆ្លងដែន​ផ្ទាល់​រវាង​ប្រទេស ​និង​ប្រទេស​ដែលមាន​ការសហការ​គ្នា​ក្នុងការ​ស៊ើប​អង្កេត​ ព្រោះ​បទឧក្រិដ្ឋ​ឆ្លងដែន​បែបនេះ​ មាន​ការរីក​រាលដាល​ខ្លាំង​ ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ទប់ស្កាត់»។

លោក​​ ឆាយ គឹម​ខឿន ​អះអាង​ថា ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ​នឹង​បញ្ជាក់​លម្អិត​នៅពេល​ក្រោយ​ការ​បំពេញ​​ទស្សនកិច្ច​ចប់​ ព្រោះ​ក្នុង​ពេលនោះ ​ភាគី ​FBI នឹង​បង្ហាញ​ពីបទ​ពិសោធ​របស់​គេ​មក​កម្ពុជា។

លោក​ស្រី Emily Zeeberg ​ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​និយាយថា​ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ដែលរួមមាន​ទាំង FBI ​ផងនោះ​ធ្វើការ​ជាមួយនឹង​ប្រទេស​កម្ពុជា​ជាដៃគូ​ ដើម្បីប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការជួញដូរ​មនុស្ស ​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ​ ការជួញដូរ​គ្រឿង​ញៀន ​បទល្មើស​បច្ចេក​ទេស​ ទំនិញ​ក្លែងក្លាយ​ ការឆ​បោក​លក់​ទិដ្ឋាការ ​និង​បទល្មើស​ឆ្លង​ដែន​ផ្សេងៗ​ទៀត។

លោក​ សុខ ទូច​ ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​យល់ថា ​ការមើល​ជាទូទៅ​តាមរយៈ​រលក​នយោបាយ​ហាក់គិត​ថា​ កម្ពុជា​ និង​អាមេរិក​ មានទំនោរ​មិនល្អ​រវាង​គ្នា ​តែ​វា​មិន​ដូច្នេះទេ ​ព្រោះ​ថា ​ក្នុង​ពេលនេះ ​សហរដ្ឋ​អាមេរិក ​ត្រូវតែ​ក្រឡេក​មក​អាស៊ី ​ដែល​មាន​កម្ពុជា​ផងនោះ ​គឺ​មិនអាច​ចាត់​ទុក​ជាសត្រូវ​បាន​ទេ។ ដូច្នេះលោកថា ​ទំនាក់​ទំនង​រវាង ​កម្ពុជា​ និង​អាមេរិក ​តាមរយៈ​ស្ថាប័ន​ FBI នេះ ​គឺ​ត្រូវតែ​ធ្វើឡើង ​ដោយ​ក្នុង​ក្របខ័ណ្ឌ​មួយ​ចាំបាច់ ​ព្រោះ​ថា ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ជា​ឧក្រិដ្ឋកម្ម​មួយ​គ្មាន​ដែន​កំណត់។

លោក​បញ្ជាក់ថា​៖​ «ភេរវកម្ម​ឆ្លងដែន ​គឺ​គ្មាន​ព្រំដែន​ទេ ​អ៊ីចឹង​ការរួម​សហការ​គ្នា​ទូទាំង​ពិភព​​លោក​ គឺជា​ឱកាស​មួយ​ សម្រាប់​ទប់​ស្កាត់​រឿង​ទាំង​អស់​ហ្នឹង។ កាល​ណា​យើង​នៅ​បែងចែក​នយោបាយ​អ៊ីចេះ​អ៊ីចុះ ​ភេរវកម្ម​ជាឱកាស​យក​ប្រទេស​ណាមួយ​ ជាកន្លែង​ឆ្លង​កាត់»។

លោក​ មាស នី​ អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ​និងជា​អ្នកវិភាគ​នយោបាយ ​ថ្លែងថា ​នេះ​គឺជា​ភាពចាំបាច់ ​ដែលអាមេរិក​ ត្រូវតែ​មានកិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​ ដូចជា​កម្ពុជា​ ព្រោះថា ​អាមេរិក​ បារម្ភពី​ការរីក​រាល​ដាល​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំងនេះ ​ដែលអាច​បង្កឲ្យ​គ្រោះថ្នាក់​ដល់​ប្រទេស​ខ្លួន​ និង​ប្រទេស​នៅក្នុង​តំបន់ ​ដែល​ក្នុង​នោះ ​ពួក​ភេរវ​ជន​អាចនឹង​ឆ្លៀត​ឱកាស​យក​ប្រទេស​កម្ពុជា ​ជាតំបន់​គោលដៅ ​ឬជា​ជម្រក ​ដោយសារ​តែ​ប្រព័ន្ធ​គ្រប់គ្រង​កម្ពុជា​នៅ​មាន​កម្រិត​ខ្សោយ។

លោក​ មាស នី ​បន្តថា​៖ «បើ​និយាយ​មែនទែន​ទៅ ​ឲ្យតែ​ការសហការ​គ្នា ​ដើម្បីកាត់​បន្ថយ ​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​សុទ្ធតែ​មាន​ប្រយោជន៍​រៀង​ខ្លួន​ ក៏ប៉ុន្តែ​អ្វី​ដែលអាមេរិក​កំពុងតែ​សម្លឹងមើល ​គឺការ​សហការ​ជាមួយ​ប្រទេស​តូចៗ​ដើម្បី​ទប់​ស្កាត់​កុំឲ្យ​កើត​មានក្នុង​ប្រទេស​តូចៗ​នោះ ​ដែលអាច​ជាទីតាំង​ភេរវជន​អ៊ីចឹង»។

ទោះ​យ៉ាងណា​ លោក ​មាស នី ​សង្កត់ធ្ងន់ថា ​ការចុះ​ MoU រវាង ​កម្ពុជា​ និង​អាមេរិក​នៅពេលនេះ ​ក៏មិន​សំដៅ​ថា​ ប្រទេស​ទាំង ២​ នេះមានទំនាក់​ទំនង​ល្អូកល្អិន ​ជាមួយ​គ្នាដែរ​ វាគ្រាន់តែ​ជា​ចំណែក​មួយ ​ដែល​កម្ពុជា​ត្រូវ​តែ​ឆ្លៀត​ឱកាស​យក​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ទំនាក់​ទំនង​នេះ ​ខណៈ​វា​គ្រាន់តែ​ជា​សហ​ប្រតិបត្តិការ​ក្នុងការ​ការពារ​សន្តិសុខ​ប៉ុណ្ណោះ៕