ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា កម្ពុជា និងសហរដ្ឋអាមេរិកបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ខណៈដែលកម្ពុជាមានផ្ទៃដីសម្រាប់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះរហូតដល់ជាង ៧ លានហិកតា។
លោក សាយ សំអាល់ បានថ្លែងបែបនេះនៅអំឡុងជំនួបពិភាក្សាការងារ ជាមួយលោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជានាទីស្តីការក្រសួងបរិស្ថានកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា នៅក្នុងជំនួបខាងលើនេះភាគីទាំង ២ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកិច្ចការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក៏ដូចជាកិច្ចគាំពារបរិស្ថាន។ លោក សំអាល់ បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា កម្ពុជាមានតំបន់ការពារធនធានធម្មជាតិច្រើនជាងគេក្នុងតំបន់អាស៊ីដែលប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះមានផ្ទៃដីរហូតដល់ជាង ៧,២ លានហិកតាស្មើនឹង ៤១ ភាគរយ នៃផ្ទៃដីប្រទេស កម្ពុជា។
លោកបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាបច្ចុប្បន្នមានការយល់ដឹងខ្ពស់ពីបញ្ហាបរិស្ថាន ដោយសារកត្តាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ ជាប់គ្នាជាប្រចាំក្នុងអំឡុងជាង ២០ ឆ្នាំមកនេះបានចូលរួមផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន» ។
លោក សាយ សំអាល់ ក៏បានលើកទឹកចិត្តឲ្យមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងផ្តោតលើការកសាងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។
ជាមួយគ្នានេះលោក ប៉ាទ្រិក ម័រហ្វី បានសម្តែងការកោតសរសើរចំពោះក្រសួងបរិស្ថានដែលបានបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកដើម្បីឧត្តមប្រយោជន៍ប្រជាជនកម្ពុជា និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
លោកបញ្ជាក់នៅលើ Twitter របស់លោកកាលពីថ្ងៃចន្ទថា៖ «កិច្ចប្រជុំនៅថ្ងៃនេះ (ថ្ងៃចន្ទ) ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការជម្នះរាល់បញ្ហាប្រឈមក្នុងការការពារ និងគ្រប់គ្រងជីវចម្រុះដ៏អស្ចារ្យរបស់កម្ពុជា វាមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក»។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជាមួយស្ថានទូតអាមេរិកនេះ។
ប៉ុន្តែលោក ជា ហ៊ាន បញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការ គឺជាការល្អហើយ តែបើយើងផ្អែកទៅលើតែក្រសួងមួយមុខ មិនមានអង្គការសង្គមស៊ីវិលចូលរួម សហការជាមួយនោះក៏វាមិនសូវមានប្រសិទ្ធភាព ដោយចំណាយលុយឥតប្រយោជន៍ ហើយបទល្មើសនៅតែបន្តកើតមាន...»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងលោកស្រី Emily Zeeberg អ្នកនាំពាក្យសា្ថនទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងជំនួបខាងលើនេះ។
កាលពីខែសីហា ឆ្នាំ ២០១៩ កន្លងទៅរាជរដ្ឋាភិបាលបានចេញលិខិតមោឃភាព ឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើចេញពីដីសម្បទាន «LP» និងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ «PC» ទាំងអស់ដែលចេញនាពេលកន្លងទៅ ដើម្បីរៀបចំចេញលិខិតអនុញ្ញាតសាជាថ្មី ងាយស្រួលគ្រប់គ្រង និងឱ្យក្រសួង ស្ថាប័នជំនាញ ត្រួតពិនិត្យ មោឃភាព និងដកហូតសិទ្ធិពីក្រុមហ៊ុនដែលមិនគោរពច្បាប់ មិនគោរពកិច្ចសន្យា មិនគោរពកិច្ចព្រមព្រៀង។
លើសពីនេះរដ្ឋាភិបាលថែមទាំងឲ្យបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើទៀតផង ក្រៅពីការផ្ដន្ទាទោស និងការពិន័យជាប្រាក់ ៕