ភ្នំពេញៈ ប្រមុខការទូត និងជារដ្ឋមន្ត្រីក្រសួងការបទេសកម្ពុជា លោក ហោ ណាំហុង នឹងកំណត់ អញ្ជើញទៅទស្សនកិច្ចនៅប្រទេស អូស្ត្រាលី នៅខែក្រោយ គឺមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាខែធ្នូ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង ជនភៀសខ្លួនដ៏ចម្រូងចម្រាសរវាងប្រទេសទាំងពីរ ក្នុងចំណោមកិច្ចពិភាក្សាផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីម្សិលមិញ។
សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីជំនួបទ្វេភាគី រវាងលោក ហោ ណាំហុង និងសមភាគី គឺលោកស្រី Julia Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្នាំ២០១៥ ក្នុងប្រទេសម៉ាឡេស៊ី កាលពីសប្តាហ៍មុន។
សេចក្តីប្រកាសខាងលើបញ្ជាក់ថា «ភាគីទាំងពីរ បានពិភាក្សាពីការអនុវត្តនូវ អនុស្សរណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងជនភៀសខ្លួន ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីខែ កញ្ញា ឆ្នាំ២០១៤ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងបន្តពិភាក្សាបន្ថែមទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខ»។
ជនភៀសខ្លួន ៤នាក់ រួមមានជនជាតិអីរ៉ង់ ៣ នាក់និង ១នាក់ទៀតជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ប្រទេសមីយ៉ាន់ម៉ា បានស្ម័គ្រចិត្តមកជ្រកក្រោន នៅប្រទេសកម្ពុជាកាលពីខែ មិថុនា ក្រោមកិច្ចព្រមព្រៀងនោះ ដែលរងការរិះគន់យ៉ាងធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី ដោយក្រុមអ្នកអង្កេតការណ៍។
នៅក្នុងជំនួបដាច់ដោយឡែកមួយទៀតជាមួយនឹងលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ហោ ណាំហុង បានស្នើជាថ្មីម្តងទៀតទៅសមភាគីវៀតណាម ឲ្យបញ្ឈប់រាល់សកម្មភាពទាំងអស់ នៅតាមខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានបោះបង្គោលជាផ្លូវការរួច រួមទាំងការជីកស្រះមួយចំនួន នៅក្នុងខេត្តរតនគីរី កន្លងមកផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ដដែរខាងលើ បានបញ្ជាក់ថា «រដ្ឋមន្ត្រីការបរទេសវៀតណាម បានយល់ព្រម បញ្ជូនក្រុមបច្ចេកទេសទៅត្រួតពិនិត្យនៅកន្លែងទំនាស់នោះ និងអនុញ្ញាតឲ្យគណៈកម្មាការព្រំដែនប្រទេសទាំងពីរ បន្តពិភាក្សាបន្ថែមដើម្បីរកដំណោះស្រាយ»៕