ភ្នំពេញ: លោក​ឧប​នាយ​ករដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស និង​សហ​ប្រតិ​បត្តិការ​អន្ត​រជាតិ​កម្ពុជា ចង់​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិ​បាល​អុីតាលីដើម្បី​ដោះស្រាយ​បញ្ហា​​ក្នុងប្រ​ទេ​ស​ទាំង​ ២​ ជាអ្វីដែល​មន្ត្រីកា​រទូត​អុីតាលី​ស្វា​គមន៍។ នេះ​បើ​តាម​លោក កេ​ត សោ​ផាន់ អ្នកនាំ​ពាក្យ​ក្រ​សួ​ង​កា​រ​ប​រ​ទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

ការ​លើក​ឡើង​កាល​ពី​ម្សិលមិ​ញ ​គឺ​នៅ​ក្នុង​ជំ​នួប​រវាង​លោក ប្រាក់ សុខុន ជាមួយ​​​លោក Lorenzo Galanti ឯកអគ្គរដ្ឋទូត​អុីតា​លី​ថ្មី ប្រចាំ​កម្ពុជា​ដែល​ទើបត្រូវ​បាន​តែង​តាំង។

បន្ទាប់ពី​ជំនួប​នេះលោក កេ​ត សោ​ផាន់ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា លោក ប្រាក់ សុខុន បានស្នើ​ឲ្យមានកិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេសទាំង ២ ​ពាក់ព័ន្ធ​នឹងន​យោ​បាយ​ដើម្បី​ធ្វើជា​យន្តការ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ការ​បរ​ទេស​នៃ​ប្រទេស​ទាំង ២។

លោក​ថា យន្តការ​នេះ ភាគី​ទាំង ២ ​អាច​ជួប​ពិភាក្សា​គ្នា​ឲ្យបាន​ទៀង​ទាត់ ​ក្នុងការ​កំណត់​បញ្ហា​អ្វីដែល​ប្រទេស​ទាំង ​២ ​មាន​ឧទាហរណ៍​ដូច​ថ្មី​ៗ​នេះ សហភាព​អឺរ៉ុប​បាន​អនុម័ត​វិធាន​ការជុំវិញ​ការ​នាំ​អង្ក​រពី​កម្ពុជា​ជាដើម។

លោក​ថា៖ «ឯក​ឧត្តម ប្រាក់ សុខុន​​ បាន​ឆ្លៀត​លើក​ឡើង​អំពី EBA នៃ EU នេះ ហើយក៏​និយាយ​ពី​នយោ​បាយ​ក្រោយ​ពី​បោះ​ឆ្នោតគឺ​បាន​ប្រកប​ដោយ​សន្ដិ​ភាព គ្មាន​អំពើ​ហិង្សា និង​ខិត​ខំ​អនុវត្ត​វិធានការ​ជាច្រើន​ រួមទាំង​លំហ​នយោបាយ»។

លោក​ សោ​ផាន់ ​ថា លោក ​ប្រាក់ សុខុន បាន​ស្នើ​ឲ្យ​បង្កើន​កំណើន​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២ហើយ​គួររៀបចំ​ឲ្យ​មាន​វេទិកា​គណៈ​ប្រតិភូ​​ទស្សនកិច្ច​រវាង​ប្រទេស​ទាំង ២ ឲ្យ​បាន​ញឹកញាប់ និង​ទៀង​ទាត់។

លោក​បន្តថា ទំនាក់​ទំនង​រវាង​ប្រជាជ​ន និង​ប្រជាជន គឺជា​ចំណុច​សំខាន់​ដើម្បី​ឲ្យ​ប្រទេស​ទាំង ២ ស្គាល់គ្នា​កាន់​តែ​ច្រើន។ ក្នុងនោះ​ប្រទេស​ទាំង ២ ​មាន​អនុស្សរណៈ​ចំនួន​ ២ ដែល​បាន​ចុះហត្ថលេខា​រួចហើយគឺ​អនុស្សរណៈ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍ និង​វប្បធម៌។

ក្នុងជំ​នួប​នោះ លោក Lorenzo Galanti ​បាន​ស្វា​គមន៍​សំណើ​កម្ពុ​ជាដោយ​លោក​ថ្លែង​ថា ​អុីតាលី​មាន​ចំណង​ទាក់​ទង​គ្នា​ជាមួយ​កម្ពុជា​យូរ​ឆ្នាំ​មកហើ​យ​ ដោ​យបា​ន​និង​កំពុង​បន្ត​ទំនាក់​ទំនង​នេះ​ថែម​ទៀត។ លោកបាន​ទទួល​ស្គាល់​ការរីក​ច​ម្រើន​របស់​កម្ពុជា។

លោក​ថា៖ «ពិសេស​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ ​សំ​ណង់ កំណើ​ន​ប្រាក់​ខែ​កម្មក​រ ជារួម​គឺ​សេដ្ឋកិ​ច្ចកម្ពុជា រីក​ចម្រើន​ខ្លាំង​លោក​សូម​អបអរ​សាទរ»៕