ភ្នំពេញៈ កម្ពុជា និង​អ៊ីតាលី ឯកភាពគ្នា​បន្ត​រក្សា​ចំនួន​ទីភ្នាក់ងារ​ស្មុំ​កូន​អន្តរប្រទេស​ចំនួន ៨ ឲ្យ​នៅ​ដដែល​ដោយ​ស្វ័យប្រវត្តិ សម្រាប់​រយៈពេល ​៣ ឆ្នាំ​បន្តទៀត ​បន្ទាប់ពី​ព្រមព្រៀងគ្នា​កាលពី​ឆ្នាំមុន ​ដើម្បី​ជ្រើសរើស​ភ្នាក់ងារ​ដែល​អាចមាន​សិទ្ធិ​ផ្តល់​សេវា​លើ​​​ការ​ស្មុំ​កូន​រវាង​ប្រទេស​ទាំង​ ២ ក្រោយ​ផ្អាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

ក្នុង​កំណត់ហេតុ​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ ដែលមាន​លោក ​នឹម ថូត​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ និង​លោក ​Gianni Bardini​ សមាជិក​អាជ្ញាធរ​កណ្តាល ​នៃ​ប្រទេស​ អីុតា​លី បាន​ឲ្យ​ដឹងថា ផ្អែក​តាម​គោលការណ៍​ទូទៅ​នៃ​ការ​ស្មុំ​កូន​អន្តរប្រទេស ​គឺសំដៅ​ទប់ស្កាត់​ការជួញដូរ​កុមារ ​និង​ដើម្បី​លើកកម្ពស់​កិច្ច​ការពារ​កុមារ។ ជាពិសេស​កុមារ​ដែល​គ្មាន​សាច់ញាតិ​ កុមារ​ត្រូវគេ​បោះបង់ ​ដោយ​ឆ្លើយតប​នូវ​អនាគត​ល្អ ​ប្រកបដោយ​ក្តី ស្រឡាញ់ ​និង​មានគ្រួសារ​ល្អជាអចិន្រៃ្តយ៍ ភាគី​ទាំង ២ ត្រូវតែ​ពិភាក្សាគ្នា​ ដើម្បី​កំណត់​ចំនួន​ទីភ្នាក់ងារ​ស្មុំ​កូន​អន្តរ​ប្រទេស។

ក្រោយ​បញ្ចប់​កិច្ចពិភាក្សា ​ភាគី​ទាំង ២ ​បានសម្រេច​ឯក​ភាព​​គ្នា ​បន្ត​សកម្មភាព​មួយ​ចំនួន​ ដូចជា ​ភាគី​កម្ពុជា​ បាន​ស្នើ​សុំ​ចែក​ចំនួន​ទីភ្នាក់ងារ​ទាំង ៨ ឲ្យ​នៅ​ដដែល ​ដោយ​គ្រាន់តែ​ចែក​ជា ​២ ក្រុម ​មួយក្រុម​មាន​ចំនួន ​៤ ទីភ្នាក់ងារ ​ដែល​ត្រូវបាន​បែងចែក​ដោយ​អាជ្ញាធរ​កណ្តាល​ស្មុំកូន​អន្តរប្រទេស​នៃ​កម្ពុជា។ ​ទីភ្នាក់ងារ​នីមួយៗ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​ដូចគ្នា ​ក្នុង​ការ​ទទួល​ខុស​ត្រូវ ចំពោះមុខ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការស្មុំកូន​អន្តរប្រទេស​របស់​ប្រទេស​កម្ពុជា និង​អ៊ីតាលី។

កំណត់​ហេតុ​ដដែល​បន្ត​ថា ​ក្រៅពីនេះ ​ភាគី​ទាំង ២ បាន​ឯកភាព ​នឹង​ត្រូវរាយការណ៍​ជូន​អាជ្ញាធរ​កណ្តាល​ស្មុំ​កូន​អន្តរ​ប្រទេស​នៃ​ប្រទេស​ទាំង ២ អំពី​លទ្ធផល​នៃ​ការពិភាក្សា និង​ចាប់ផ្តើម​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ​ជាពិសេស​គោលការណ៍​ណែនាំ​ខ្លី សម្រាប់​ណែនាំ​ដល់ទី​ភ្នាក់ងារ ដែល​ត្រូវបាន​ទទួលស្គាល់​ ដើម្បី​ដំណើរការ​នីតិវិធី​ស្មុំ​កូន​អន្តរ​ប្រទេស​ ស្រប​តាម​​ច្បាប់​ស្មុំ​កូន​អន្តរប្រទេស​នៃ​ប្រទេស​កម្ពុជា។ បន្ថែម​ពីនេះ ​ភាគី​ទាំង ២ ចាំបាច់​កំណត់​ពេលវេលា ​ទីកន្លែង​ដើម្បី​ជួបពិភាក្សា​វាយតម្លៃ​លទ្ធផល​បណ្តា​ឆ្នាំកន្លងមក នៃ​កិច្ច សហ ប្រតិបត្តិការ​ និង​លើក​ទិសដៅ​សម្រាប់​៣ឆ្នាំ​បន្ត​ទៀត។

កាលពី​ខែកញ្ញា ​ឆ្នាំ ២០១៨​ កម្ពុជា និង​អីុតាលី បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ ​ស្តីពី​ការកំណត់​ចំនួន​ទីភ្នាក់ងារ​ស្មុំ​កូន​អន្តរ​ប្រទេស ​ដែលមាន​សមាសភាព​ទីភ្នាក់ងារ​ចំនួន ៨​ ដើម្បី​ទទួលបាន​សិទ្ធិ​អនុ​ញ្ញាត​ឲ្យ​ផ្តល់​សេវា​នៅ​កម្ពុជា តែ​រហូតមក​បច្ចុប្បន្ន​ ទីភ្នាក់ងារ​នេះ ​នៅ​មិនទាន់​ជ្រើស​រើស​បាន​នៅ​ឡើយ​ទេ។ នេះបើតាម​លោក​ស្រី ឡេវ សុភា​វី ​ប្រធាន​រដ្ឋបាល​ស្មុំ​កូន​អន្តរ​​ប្រទេស​នៃ​ក្រសួង​សង្គមកិច្ច។

លោកស្រី ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ចាប់​តាំងពី​រដ្ឋាភិបាល​បាន​ផ្អាកការ​ស្មុំ​កូន​ជា​អន្តរប្រទេស​កាលពី​ឆ្នាំ ២០១១ ការ​ស្មុំ​កូន​នៅ​កម្ពុជា ​មិនទាន់បាន​អនុវត្ត​ឡើងវិញ​នោះទេ​ បូករួម​ទាំងប្រទេស​អីុតាលី ​ជាដើម។ ព្រោះ​ប្រទេស​ទាំង​នោះ​ស្ថិត​ក្នុង​ដំណាក់កាល​ជជែក​ពិភាក្សា​ជុំវិញ​ច្បាប់​ជាតិ ​អន្តរជាតិ ​ដែល​កម្ពុជា ​បានធ្វើការ​កែប្រែ​កន្លង​មក ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ការ​ស្មុំ​កូន​ជា​អន្តរ​ប្រទេស​នេះ​មាន​ប្រសិទ្ធភាព។

លោកស្រី​បានបញ្ជាក់ថា​៖ «យើង​មិន​ទាន់មាន​ករណី​នោះទេ​ ជុំវិញ​ការស្មុំ​កូន​នេះ ​ដោយសារតែ​ច្បាប់​យើង​ថ្មី ​ហើយ​កន្លងមក​ដោយសា​រ​តែមាន​បញ្ហា​ភាពមិនប្រក្រតី​ហ្នឹង។ អ៊ីចឹង​យើង​មិនទាន់​ធ្វើ​អ្វី​ទេ ​ដោយ​ត្រូវ​សិក្សា​បន្តិច​ម្តងៗ​ អំពី​ច្បាប់ អំពី​នីតិ​វិធី ​ស្របពេល​មន្ត្រី​របស់​យើង​ក៏​ថ្មី ​ដែល​យើង​នឹង​ព្យាយាម​ធ្វើការ​ងារ​នេះ​ឲ្យ​លឿន ​តាម​ប្រព័ន្ធ​ច្បាប់​ថ្មី»។

លោកស្រី​បន្តថា៖ «ហើយ​ម្យ៉ា​ង​ទៀត យើង​មិនទាន់​ទទួលស្គាល់ ទីភ្នាក់ងារ​ណាដែល​ធ្វើ​ការងារ​ហ្នឹង ហើយ​ទាំងនេះ គឺ​គ្រាន់តែ​ជា​យន្តការ ស្ថិតនៅ​ក្នុង​ការពិភាក្សា និង​សិក្សា​នៅឡើយ មិនថាតែ​ប្រទេស​អីុតាលី សូម្បីតែ​ប្រទេស​ដទៃ​ទៀត ក៏​មិន​ទាន់​ដែរ ដូចជា​យើង​កំពុង​សិក្សា​ជាមួយ​ប្រទេស​អេស្ប៉ាញ»។

ទោះយ៉ាង​ណា​ លោកស្រី ​ឡេវ សុភា​វី ​ជឿជាក់ថា​ នៅពេល​ទីភ្នាក់ងារ​ស្មុំ​កូន​អន្តរប្រទេស ​ត្រូវបាន​បង្កើតឡើង នោះ​នឹង​បាន​ចូលរួម​ជួយ​កុមារ​កំព្រា​កម្ពុជា ឲ្យ​ទទួលបាន​គ្រួសារ​ដ៏​កក់ក្តៅ ​និង​ទទួលបាន​សិទ្ធិ​ រួមទាំង​អត្ថប្រយោជន៍​ផ្សេង ព្រោះ​ទីភ្នាក់ងារ​នេះ​ គឺ​នឹង​អនុវត្ត​ទៅតាម​ច្បាប់ និង​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាតិ និង​អន្តរជាតិ។

កម្ពុជា បាន​ផ្អាក​សកម្មភាព​ស្មុំ​កូន​ជាមួយ​ប្រទេស​ដទៃ​ កាលពី​ឆ្នាំ ២០១១ ​បន្ទាប់ពី​កម្ពុជា ​ទទួលរង​នូវ​រឿង​អាស្រូវ ​និង​រកឃើញ​ថា ​កុមារ​ដែល​ត្រូវបាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ស្មុំ​កូន​នេះ ​ទទួល​រង​នូវ​ការជួញដូរ ការ​ក្លែង​បន្លំ​ និង​អំពើ​ដែល​ត្រូវបាន​គេអះអាងថា ​ជា​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស។ នេះ​បើតាម​របាយ​ការណ៍​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​អង្គការ​លីកាដូ កាល​ឆ្នាំ ២០១៨។

លោក​ អំ សំអាត ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា ជាទូទៅ​បណ្តា​ប្រទេស​​លើ​ពិភពលោក​គឺមាន​ការ​ស្មុំ​កូនតែ​ដោ​យ​សារ​តែ​កម្ពុជា មាន​ភាព​ច​ម្រូង​ចម្រាស ​ហើយ​ពេលនេះ​កម្ពុជាចាប់ផ្តើម​អនុវត្ត​ការស្មុំ​កូន​ឡើងវិញ​ ជាពិសេស​ជាមួយនឹង​ប្រទេស​អីុតាលី​ហ្នឹង។ ដូច្នេះ ​លោក​ថ្លែងថា ​កម្ពុជា​គួរតែ​មាន​កិច្ច​ព្រមព្រៀង​ដែលមាន​លក្ខខណ្ឌ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះមានការ​ធានា​នូវ​ច្បាប់​អន្តរជាតិ ​និង​ច្បាប់​កម្ពុជា កុំ​ឲ្យ​កុមារ​ក្លាយជា​ជន​រង​គ្រោះ។

លោក​បញ្ជាក់ថា​៖ «ត្រូវ​ធានាថា​ ការស្មុំ​កូន​​នេះ​ ធ្វើឡើង​ដោយ​ស្របច្បាប់​តាម​ប្រទេស​នីមួយៗ ​ទាំង​ប្រទេស​ដែល​ស្នើ និង​ប្រទេស​ដែល​ទទួល។ ​ខ្ញុំ​គិតថា ​ប្រទេស​កម្ពុជា​យើង​ គួរតែ​ពង្រឹង​អំពី​នីតិវិធី​ ឬក៏​ច្បាប់ ​ក្នុងការ​បន្ត​ទៅលើ​ការស្មុំ​កូន ពីព្រោះ​ពេល​កន្លងមក​យើង​មាន​បញ្ហា​ច្រើន ​រហូត​មានការ​ប្តឹង ​ការទាម​ទារ​ជា​បន្ត​បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​ក្មេង​ដែល​ត្រូវបាន​គេ​ស្មុំ​ហ្នឹង​ ដោយ​សារតែ​នីតិ​វិធី​របស់​យើង​ខ្លះ ធ្វើ​មិនត្រូវ​តាម​នីតិវិធី​ទេ»៕