
កិច្ចប្រជុំរវាងមន្ត្រី UN និងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា។ ក្រសួងការងារ
ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការសហប្រជាជាតិ (UN) កាលពីម្សិលម្ង៉ៃបានបើកកិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី ៣ នៃកម្មវិធី «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» នៅទីស្ដីការក្រសួងការងារដោយបានអនុម័តនូវផែនការសកម្មភាពជំហានទី ២ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជាសម្រាប់ជំហានទី ២ នេះផ្តោតលើ «ការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឲ្យទាន់សម័យកាលថ្មី និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤»។
លោកបន្តថា៖ «ផែនការជំហានទី ២ នេះនឹងពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅគឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម»។
លោកបានឲ្យដឹងថាផែនការនេះក៏ប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការបណ្ដុះបណ្ដាល ការអប់រំនៅតាមរោងចក្រសហគ្រាសពិសេសជំរុញការកាត់បន្ថយអនក្ខរកម្មចំពោះនិយោជិត និងបំណិនជីវិតតាមគ្រឹះស្ថានអប់រំក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ។
លោកបានបន្តថាបានជា UN ជួយកម្ពុជាសម្រាប់គម្រោងនេះគឺស្របទៅតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍អង្គការសហប្រជាជាតិ។
លោក អ៊ិត សំហេង បានបន្តថាអង្គការសហប្រជាជាតិក៏ចង់ជំរុញគោលនយោបាយរបស់ខ្លួនឱ្យស្របនឹងគោលនយោបាយកម្ពុជាផងដែរ ដែលមានប្រយោជន៍ទៅលើការអភិវឌ្ឍ ការបណ្ដុះបណ្ដាលរបស់យុវជនកម្ពុជាដើម្បីបង្កើតឲ្យមានកាលានុវត្តភាព និងការកសាងសមត្ថភាពស្ថាប័នដែលអនុវត្តកិច្ចការទាំងនេះឲ្យមានលទ្ធភាពចាត់ចែងបន្តនៅទូទាំងប្រទេស។
លោក អ៊ឹម សុធី នាយកប្រតិបត្ដិក្រុមប្រឹក្សាយុវជនកម្ពុជាបានថ្លែងថា កត្ដាដែលក្រសួងការងារ និង UN ផ្ដើមផែនការនេះព្រោះយុវជនភាគច្រើនមិនសូវយល់ដឹងពីគុណតម្លៃនៃសហគ្រិនភាព និងជំនាញវិជ្ជាជីវៈពិសេសអ្នកទើបប្រឡងចប់ថ្នាក់ទី ១២។
លោកបញ្ជាក់ថា៖ «យុវជនភាគច្រើនពិសេសអ្នកទើបបញ្ចប់ថ្នាក់ទី ១២ មិនសូវយល់ដឹងពីការចាប់យកជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងខ្លួនពួកគាត់ទេ។ អ៊ីចឹងតាមការស្រាវជ្រាវរវាងក្រសួងការងារ និង ILO បានរកឃើញថា យុវជនម្នាក់គួរមានអាជីពមួយច្បាស់លាស់»។
លោក សុធី បានបន្តថាយុវជនបច្ចុប្បន្នបានប្រឹងប្រែងសិក្សា ប៉ុន្ដែប្រឹងតែលើជំនាញដែលបានប្រាក់ខែដូចជា ជំនាញទីផ្សារធនាគារ និងជំនាញផ្សេងៗ តែពួកគាត់ភ្លេចពង្រឹងលើជំនាញ និងអាជីពពិតប្រាកដក្នុងខ្លួន និងអនាគតរបស់ពួកគេ។
លោកថា៖ «ដូច្នេះផែនការរបស់ក្រសួងការងារ និងអង្គការសហប្រជាជាតិនេះ និងជួយយុវជនឲ្យមានជំនាញពិតប្រាកដ និងអាចបង្កើតមុខរបរខ្លួនឯងបាននាពេលអនាគត»។
លោកបានលើកឡើងថាយុវជនកាលពីមុនរៀនអ្វី និងចាប់យកជំនាញអ្វីគឺធ្វើតាមគ្នាដោយមិនស្វែងយល់ឲ្យបានច្បាស់លាស់ចំពោះជំនាញ និងអាជីពសម្រាប់ខ្លួនពួកគេទេ។
លោកថាពួកគេគួរតែយល់ដឹងពីគោលដៅនាពេលខាងមុខជាមុនថា ចង់ធ្វើអ្វី ដើម្បីអាចឲ្យពួកគេចាប់ជំនាញ និងបង្កើតរបរមួយច្បាស់លាស់សម្រាប់ខ្លួនឯង។
លោក ស្រ៊ុន ស្រ៊ន ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ានបានថ្លែងដែរថា យុវជនពីមុនធ្វើអ្វីមិនសូវចេះស្វែងយល់ និងបង្កើតដោយខ្លួនឯងទេគឺច្រើនតែធ្វើតាមគេ ការងាររកបានតាមគេ រៀនសូត្រតាមគេ ប៉ុន្ដែជិត ១០ ឆ្នាំចុងក្រោយនេះពួកគេផ្ដើមធ្វើដោយម្ចាស់ការ និងហ៊ានសម្រេចចិត្ដខ្លួនឯងដោយមិនពឹងគេ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងផ្នត់គំនិតយុវជននាសម័យនេះមានការអភិវឌ្ឍដោយមើលឃើញពិភពលោកទូលាយ...ពួកគាត់ចេះគិតថា ប្រសិនបើចង់រស់ដោយខ្លួនឯងគឺត្រូវតែឯករាជ្យផ្នែកសេដ្ឋកិច្ច ហើយបើចង់ឯករាជ្យផ្នែកសេដ្ឋកិច្ច លុះត្រាតែយើងមានរបរអ្វីមួយដោយខ្លួនឯង»។
លោក ស្រ៊ន បានបង្ហាញថាយុវជនខ្មែរបច្ចុប្បន្នមានផ្នត់គំនិតមួយគឺសកលភាវូបនីយកម្មដែលអាចទទួលពីមជ្ឈដ្ឋានជុំវិញពិសេសពីប្រទេសនៅក្នុងសកលលោក។
បើតាមលោក ស្រ៊ន យុវជនមានអាយុចាប់ពី ១៨-៣០ ឆ្នាំរាប់ត្រឹមឆ្នាំ ២០១០ មកមានគំនិតបង្កើតជំនាញ និងធ្វើអាជីវកម្មខ្លួនឯងច្រើន។
លោកថា៖ «ខ្ញុំសង្កេតឃើញពួកគាត់អាចងាកមកបើកហាងកាហ្វេ បង្កើតខុនដូ និងផលិតចំណូលតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដូចជា យូធូប និងហ្វេសប៊ុកជាដើមដែលនេះជាផ្នត់គំនិតបែបបច្ចេកវិទ្យារបស់ពួកគាត់»។
ក្រសួងការងារ និង UN តាមរយៈផែនការនេះបានបង្វែរទិសដៅអភិវឌ្ឍន៍យុវជនទៅពាក់កណ្ដាលរដ្ឋ និងពាក់កណ្ដាលឯកជនដើម្បីឲ្យយុវជនរឹតតែស្វែងយល់ចំពោះសហគ្រិនភាព និងជំនាញរបស់ពួកគេ។
គួរបញ្ជាក់ថាកាលពីចុងខែសីហាឆ្នាំនេះក្រសួងការងារបានផ្ដល់អាហារូបករណ៍ចំនួន ១៣ ពាន់កន្លែងដែលជាប្រភេទជំនាញវិជ្ជាជីវៈកំពុងមានទីផ្សារនៅកម្ពុជាសម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុប (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា អាហារូបករណ៍ជាជំនាញវិជ្ជាជីវៈដែលកំពុងមានតម្រូវការខ្ពស់ជាងគេដែលរៀនហើយឆាប់បានការងារធ្វើក្នុងនោះមានជំនាញជួសជុលរថយន្ត អគ្គិសនី សំណង់ស៊ីវិល អេឡិចត្រូនិក ជួសជុលម៉ាស៊ីនត្រជាក់ វិស្វកម្មរថយន្ត និងជាងកំបោរជាដើមដែលសិស្សម្នាក់ៗអាចទាក់ទងតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី និងខេត្តចាប់ពីខែកញ្ញារហូតដល់ចុងខែតុលា។ ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះត្រូវបានចែកចេញជា ៣ កម្រិត សម្រាប់សិស្សជ្រើសរើស។
លោកថា៖ «កុំមើលឃើញតែផ្លូវឧត្ដមសិក្សាតែមួយដែលជាផ្លូវសម្រាប់ចាប់យកជំនាញនោះ។ តាមការពិតយើងនៅមានផ្លូវ ២ ផ្សេងទៀតគឺអាចសិក្សាកម្រិតមធ្យមបច្ចេកទេស ឬក៏បច្ចេកទេសជាន់ខ្ពស់ក៏បានដែរ។ បើសិនជាចប់ ២ ឆ្នាំ ចង់បន្ដការសិក្សាទៀតក៏អាចទទួលបានសញ្ញាបត្រកម្រិតបច្ចេកទេសថ្នាក់ឧត្ដមសិក្សាមានតម្លៃស្មើនឹងបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានាដូចគ្នា»៕