ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កែប្រែ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ កម្មការិនី​កាត់ដេរ​ពី​ការទទួល​បាន​ ៦០ ​ភាគរយ​ ក្នុង​អំឡុង​ពេល​ព្យួរការងារ​មក​ទទួលបាន​ប្រាក់​ ៧០ ​ដុល្លារ​វិញ ព្រោះតែ​ភាគី​រោងចក្រ​គ្មាន​លទ្ធភាព ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​កម្មករ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នោះទេ ក្រោយពី​មាន​រោងចក្រ​ជាង​ ១០០ បានប្រកាស​បិទទ្វារ​ព្យួរការងារ​កម្មករ​តាំងពី​ថ្ងៃទី​ ៦ មេសា​។

កាលពី​អំឡុង​ខែកុម្ភៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​រោងចក្រ​កាត់ដេរ​ចេញ ៤០% ហើយ​រាជរដ្ឋាភិបាល​ចេញ ២០% នៃ​ប្រាក់ខែ​អប្បបរមា ១៩០ ​ដុល្លារ​ដែល​យ៉ាង​ហោចណាស់​កម្មករ​ម្នាក់​នឹង​ទទួលបាន ១១៤ ​ដុល្លារ​ ក្រោយពី​រោងចក្រ​ប្រកាស​ព្យួរការងារ ហើយ​ពួកគេ​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​។

ប៉ុន្តែ​លោក​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​វិមាន​សន្តិភាព​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​បានសម្រេច​នូវ​របៀប​ថ្មី​ដោយ​បាន​កែប្រែ​ឲ្យ​ម្ចាស់​រោងចក្រ​ចេញ​តែ​ ៣០ ​ដុល្លារ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ ៤០ ​ដុល្លារ​វិញ​។ លោក​អះអាង​ថា ការធ្វើ​យ៉ាង​ដូច្នេះ​គឺជា​ទង្វើ​មនុស្សធម៌​។

លោក​បញ្ចាក់​ថា​៖ «​ម្ចាស់​រោងចក្រ​មិនមាន​លទ្ធភាព​ទេ​។ ​អ៊ីចឹង​ឥឡូវនេះ​រដ្ឋ​ចេញ​ ៤០ ​ដុល្លារ ឯ​ម្ចាស់​រោងចក្រ​ ៣០ ​ដុល្លារ​។ អ៊ីចឹង​កម្មករ​ម្នាក់​ទទួល​បាន​អត្ថប្រយោជន៍ ៧០ ​ដុល្លារ​ ដែល​មុននេះ​គិតថា​នឹង​ទទួលបាន (​ជាង​ ១០០) ​ដុល្លារ ប៉ុន្តែ​ខាង​រោងចក្រ​គ្នា​រត់​មិន​រួច ហើយ​បង្ខំ​តទៀត​ក៏​មិន​បានដែរ​»​។

លោក​ថា នៅពេល​មាន​ការកែប្រែ ការទទួល​បាន​ប្រាក់ឧបត្ថម្ភ​តិចជាង​មុន​វិញ​នោះ​នឹង​មិន​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​ត្រូវបំពេញ​កាតព្វកិច្ច​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តាម​ការកំណត់​នោះទេ​។ លោក​ថ្លែងថា​៖ «​ដោយសារ​តែ​បញ្ហា​វា​កើតឡើង​របៀបនេះ​គឺ​កម្មករ​ម្នាក់​នឹង​ទទួល​បានតែ​ ៧០ [​ដុល្លារ​] ​ទេ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​កម្មករ​ទៅ​ធ្វើការ​ហ្វឹកហាត់​ដូចពេល​មុន​ទេ​។

ពេលមុន​ថា អ្នកឯង​ទទួល​បាន​គឺ​ត្រូវ​ទទួល​ការហ្វឹកហាត់​ ៤ ​ខែ និង​ត្រៀម ២ ​ខែ​ទៀត​។ ប៉ុន្តែ​មិនអាច​ធ្វើទៅ​បាន​ទៀត​ទេ ដោយសារ​តែ​យើង​បាន​បិទ​អស់ហើយ កន្លែង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»​។

គិត​ត្រឹម​ថ្ងៃទី​ ៦ ខែ​មេសា ឆ្នាំ ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ថា នៅ​ទូទាំងប្រទេស​មាន​រោងចក្រ​កាត់ដេរ​ជាង​ ១០០ ​រោងចក្រ​ហើយ​បាន​បិទទ្វារ ដោយសារ​តែ​ខ្លះ​ខ្វះ​វត្ថុធាតុដើម និង​ខ្លះទៀត​មិន​មាន​អ្នកបញ្ជា​ទិញ​។ ប៉ុន្តែ​លោក​ថា មិនមាន​ចំនួន​កម្មករ​កាត់ដេរ​ច្រើន​នាក់​ដែល​ត្រូវ​បាត់បង់​ការងារ​នោះទេ​។

លោក​បន្ថែមថា​៖ «​បើសិន​ជា​សកម្មភាព​អូសបន្លាយ​ពេល​វែង កម្មករ​របស់​យើង​បាត់បង់​ការងារ​ធ្វើ ជម្រើស​របស់​យើង​គឺ​ខុសប្លែក​ពី​សហគមន៍​អឺរ៉ុប​ដែល​តាំងពី​ជីដូន​ជីតា​របស់​ពួកគេ គឺ​សុទ្ធតែ​ជា​កម្មករ​។ ឯកម្មករ​ក្នុង​ប្រទេស​របស់​យើង​គឺ​មិនទាន់​ផ្តាច់ខ្លួន​ពី​កសិករ​នៅ​ឡើយ​ទេ​។ ដោយសារ​កម្មករ​យើង​នៅ​ផ្សាភ្ជាប់​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ឡើយ ហេតុដូច្នេះ​ហើយ​យើង​នឹង​តម្រង់ទិស​សម្រាប់​ឲ្យ​អ្នក​ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​ត្រឡប់​ទៅ​ចូលរួម​ជា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​វិញ​»​។

ការធ្វើ​បែបនេះ​លោក​ ហ៊ុន សែន ថា គឺជា​ជម្រើស​របស់​កម្ពុជា​ក្នុង​រយៈពេល​វែង ព្រោះ​កម្ពុជា​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​កម្មករ​ជា​រៀងរហូត​នោះ​ទេ ហើយ​ក្នុង​ពេលនេះ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​កម្មករ​ទាំងអស់​ងាក​មក​ចាប់យក​របរកសិកម្ម​ឡើងវិញ​។

លោក​ ម៉ៃ ចាន់ កម្មករ​រោងចក្រ​នៅ​តំបន់ 7NG ដែល​រោងចក្រ​ត្រូវ​បាន​ប្រកាស​ព្យួរការងារ​រយៈពេល​ ២ ​ខែ​មកហើយ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​អំឡុងពេល​នេះ​ប្រាក់​ឧបត្ថម្ភ​ដែល​ទទួលបាន​ប្រមាណ​ ៦០ ​ភាគរយ គ្រួសារ​លោក​ចាយវាយ និង​បង់​ធនាគារ​មិន​គ្រប់​ផង​។ លោក​បន្តថា​ចុះ​ទម្រាំ​ទទួល​ប្រាក់ឧបត្ថម្ភ​តែ ៧០ ​ដុល្លារ តើ​លោក​នឹងត្រូវ​ដោះស្រាយ​យ៉ាងណា​។

លោក​ ម៉ៃ ចាន់ និយាយ​ថា​៖ «​កន្លងទៅ ខ្ញុំ​បាន​ស្វែងរក​ការងារ​បន្ទាប់បន្សំ​ដើម្បី​ទទួល​បាន​ចំណូល បន្ថែម​សម្រាប់​ចាយវាយ និង​ដោះបំណុល ប៉ុន្តែ​ការងារ​នេះ​មិន​ជាប់លាប់​ទេ​។ ខ្ញុំ​បារម្ភ​ណាស់ តែ​មិនដឹង​ធ្វើ​ម៉េច បើ​គ្រប់​គ្នា​ជួប​បញ្ហា​នេះ​ទាំងអស់​គ្នា​។ ខ្ញុំ​ត្រូវ​មាន​កូន​ ២ ​នាក់​ក្នុងបន្ទុក ដូច្នេះ​ខ្ញុំ​ត្រូវតែ​ខំ​រក​ការងារ​បន្ថែមទៀត ដើម្បី​បាន​ចំណូល​ច្រើនជាង​នេះ ព្រោះ​ពេលនេះ​លំបាក​ណាស់ ហូប​មិន​គ្រាន់​ទេ​»​។

លោក​ ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ លើកឡើង​ថា ការសម្រេច​បែបនេះ​គឺ​ធ្វើឲ្យ​កម្មករ​ខាតបង់ ព្រោះ​តាមច្បាប់ និយោជក​មាន​ភារកិច្ច​ខ្ពស់​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​បញ្ហា​ទាំងនេះ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ខ្ពស់​ទៅ​វិញ​។ លោក​បាន​បន្តថា ក្នុង​អំឡុងពេល​ដែល​រោងចក្រ​មួយចំនួន​បាន​ទទួល​ផលប្រយោជន៍​ដ៏ច្រើន​លើសលប់ ប៉ុន្តែ​ពួកគេ​បែរ​ជា​ប្រើ​លេស​មិន​អាច​រ៉ាប់រង​បន្ទុក​ទាំងនេះ​។

លោក​ចោទ​ជា​សំណួរ​ថា​៖ «​បើ​កម្មករ​ងាក​មក​ធ្វើ​កសិកម្ម​ដែល​ឲ្យ​គាត់​ផ្តោត​មកលើ​វិស័យនេះ​ទាំងអស់​គ្នា តើ​មាន​ទីផ្សារ​ដែរឬទេ​? ដែល​ពិបាក បើកាលណា​ពលរដ្ឋ​ងាក​មក​ដាំ​កាន់តែ​ច្រើន​នឹង​ធ្វើឲ្យ​ផលិតផល​ចុះថោក​។ ប៉ុន្តែ​បើសិន​ជា​គាត់​ដាំ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​នោះ​មិន​ជា​បញ្ហា​ចោទ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ដាំ​សម្រាប់​ទីផ្សារ​នោះ​អាច​នឹង​មិន​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​គេ​បាន​ទេ​»​។

ក្រៅពី​លើក​ឡើង​បែបនេះ លោក ប៉ាវ ស៊ីណា សំណូមពរ​ដល់​រដ្ឋាភិបាល​គួរ​ចូលរួម​បញ្ចុះតម្លៃ​ទំនិញ ជាពិសេស​ម្ហូបអាហារ​នៅលើ​ទីផ្សារ និង​ជួយ​សម្រាល​បន្ទុក​បំណុល​ដែល​កម្មករ​កំពុង​ជំពាក់​ធនាគារ​ស្របពេល​ប្រាក់​ដែល​កម្មករ​ទទួល​បាន​មិនអាច​ជួយ​អ្វី​បាន​ច្រើន​នោះ​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) កាលពី​ម្សិលមិញ​មិន​អាច​សុំ​អត្ថាធិប្បាយ​បានទេ​៕

វីដេអូ៖