ព្រះសីហនុៈ បុរស​ ៨ ​នាក់ ​ដែលជា​កម្មករ​ស៊ីឈ្នួល​ឱ្យ​ក្រុមហ៊ុន ភឺនផល្លា ត្រូវបាន​តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពីបទ «​ហិង្សា​ដោយ​ចេតនា​» ប្រព្រឹត្ត​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ អូរ​ឧកញ៉ា​ហេង​ក្នុង​ស្រុក​ព្រៃនប់​ក្នុង​រឿង​វិវាទ​ដីធ្លី​កាលពី​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក កុល ផាលី ស្នងការរង​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា ជនសង្ស័យ​មាន​ឈ្មោះ សាំង កូ អាយុ​ ១៩ ​ឆ្នាំ​,​សុខ ភារម្យ អាយុ​ ៣១ ​ឆ្នាំ​, សៀ រដ្ឋា អាយុ​ ៣៦ ​ឆ្នាំ​, ឡៅ តឹកយូ អាយុ​ ៥៧ ​ឆ្នាំ​, ចក់ សុគន្ធ អាយុ​ ៥៦ ​ឆ្នាំ​, សុង ចិន អាយុ​ ៣០ ​ឆ្នាំ​, ផាន សាពេជ្រ អាយុ​ ៣៧ ​ឆ្នាំ និង​ឈ្មោះ គង់ រក្សា អាយុ​ ៣៦ ​ឆ្នាំ​ត្រូវ​បាន​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ចាប់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​ ២០ ​ធ្នូ ឆ្នាំ​ ២០២០​។ ការចាប់ខ្លួន​ជន​ទាំងនេះ​ធ្វើឡើង​ ២ ​ម៉ោង​ក្រោយពី​មាន​ការផ្ទុះ​អំពើហិង្សា​ជាមួយ​អ្នកភូមិ​អូរឧកញ៉ា​ហេង​ក្នុង​ស្រុក​ព្រៃនប់​។

លោក​បន្តថា ពួកគេ​ត្រូវ​បាន​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ស្រុក​ព្រៃនប់ កសាង​សំណុំរឿង​ និង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២០​។ ក្រោយ​បញ្ចប់​ការសួរចម្លើយ នៅ​ថ្ងៃទី​ ២៣ ខែ ​ធ្នូ ឆ្នាំ​ ២០២០ ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ពួកគេ​ទៅ​តុលាការ​។

លោក​ ផាលី ថ្លែង​ថា​នៅ​ល្ងាច​ថ្ងៃទី​ ២៤ ខែ ធ្នូ ឆ្នាំ​ ២០២០ តុលាការ​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ចោទប្រកាន់​ពួកគេ​ទាំង​ ៨ ​នាក់​ ពី​បទ ​«​ហិង្សា​ដោយ​ចេតនា​» នឹង​បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​នាំយក​ពួកគេ​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ព្រៃនប់ ករណី​ហិង្សា​រវាង​កម្មករ​ក្រុមហ៊ុន ភឺន ផល្លា និង​អ្នកភូមិ​អូរឧកញ៉ា​ហេង​កាលពី​ថ្ងៃទី​ ២០ ខែ​ធ្នូ ផ្ដើម​ចេញ​ពី​ជម្លោះដីធ្លី​ដោយ​ភាគី​ខាង​ក្រុមហ៊ុន​បាន​រារាំង​អ្នកភូមិ​មិន​ឱ្យ​សង់ផ្ទះ ដោយ​អះអាង​ថា ដី​ដែល​អ្នកភូមិ​កំពុង​សង់ផ្ទះ​នោះ​ជា​ដី​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​អ្នកភូមិ​អះអាង​ថា ជា​ដី​របស់​ពួកគេ​ដែល​បាន​រស់នៅ​កាន់កាប់ និង​អាស្រ័យផល​តាំងពី​ឆ្នាំ​ ១៩៩៣ មក​។

របាយការណ៍​បាន​បន្តថា ក្នុង​វិវាទ​នោះ​ភាគី​កម្មករ​ក្រុមហ៊ុន ក្រៅពី​ប្រើ​ដំបង ចម្ពាម​បាញ់​គ្រាប់​ដែកថ្នាំង​អំពៅ​នៅ​មាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ទៅលើ​ក្រុម​អ្នកភូមិ​ផងដែរ​។ ចំណែក​ខាង​ភាគី​ប្រជាពលរដ្ឋ​បាននាំគ្នា​ប្រើ​ដុំថ្ម និង​ដំបង គប់ និង​វាយ​តបត​ទៅលើ​ភាគី​កម្មករ​ក្រុមហ៊ុន​វិញ​ផងដែរ​។

លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃនប់​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ម្សិលមិញ​ថា យ៉ាង​ហោចណាស់​មាន​មនុស្ស​ ៥ ​នាក់​ក្នុងនោះ​ ២ ​នាក់​ជា​កម្មករ​របស់​ភាគី​ក្រុមហ៊ុន ភឺនផល្លា និង​ ៣ ​នាក់​ទៀត ​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរឧកញ៉ាហេង​បាន​រងរបួស​នៅក្នុង​អំពើហិង្សា​នោះ និង ខូចខាត​រថយន្ត​ ១ ​គ្រឿង ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ភឺន ផល្លា​។

លោក​បញ្ជាក់ថា​៖ «​យ៉ាងណា​ក៏ដោយ​អំពើហិង្សា​នេះ​បង្ក​ឡើង​ពី​ភាគី​កម្មករ​របស់​ក្រុមហ៊ុន ភឺនផល្លា​។ ហេតុនេះ​ទើប​សមត្ថកិច្ច​យើង​សម្រេច​ចាប់​ឃាត់ខ្លួន​ពួកគេ ដើម្បី​ប្រគល់ជូន​តុលាការ​ចាត់​វិធានការ​ទៅលើ​ពួកគេ​»​។

លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ តាម​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង ៨ ​នាក់ ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​ ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។

ម្ចាស់​ក្រុមហ៊ុន ភឺនផល្លា គឺ លោក ភឺន ផល្លា មិនអាច​ទាក់ទង​ស្នើសុំ​ការអធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕