ភ្នំពេញ៖ មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ កម្មករ​ប្រមូល​សំរាម​នៃ​ក្រុមហ៊ុន ​ស៊ីនទ្រី ប្រមាណ​ជាង ​៣០០ ​នាក់ ​បាន​វិល​មក​ធ្វើ​វិញ​ តាំង​ពី​ថ្ងៃ ​១០​ តុលា មក ​ប៉ុន្តែ​មាន​កម្មករ​ខ្លះ​នៅ​បន្ត​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ​២ ​ចំណុច​ពី​ក្រុមហ៊ុន គឺ​​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​ ខណៈ​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ក៏​កំពុង​បន្ត​សម្របសម្រួល​នៅ​ឡើយ​។

ការ​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​​វិញ​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នៅ​ថ្ងៃទី ១០ ខែ​តុលា ​នោះ ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ក៏​បាន​ចេញ​លិខិត​បញ្ជា​​ឲ្យ​ក្រុម​កម្មករ​ត្រូវ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ ជាមួយ​នឹង​ការ​បង្ហាញ​ជំហរ​ថា​អាច​ឈប់​យក​ករណី​នេះ​មក​ពិចារណា​ប្រសិន​បើ​កម្មករ​មិន​អនុវត្ត​តាម​​។​

លោក ​ម៉េត​ មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​រហូត​មក​ទល់​ពេល​នេះ​មាន​កម្មករ​ប្រមូល​សំរាម​ជាង ​៣០០ នាក់ ក្នុង​ចំណោម​អ្នក​ធ្វើ​កូដកម្ម​បាន​ភ្ញាក់​រឭក​វិល​ត្រឡប់​ចូល​បម្រើ​ការងារ​វិញ។​

លោក​បាន​បញ្ជាក់​ថា៖ «ចំពោះ​កម្មករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា សាលាក្រុង​ និង​ក្រុមហ៊ុន​នឹង​បន្ត​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​នឹង​កម្មករ​ទាំង​នោះ​​ទៀត»។

អគ្គ​លេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ (​គ.ក.ប) លោក​ ទេស រុក្ខាផល បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ម្សិលមិញ​ដែរ​ថា​ ប្រសិន​បើ​​កម្មករ​នៅ​តែ​មិន​ចូល​ធ្វើ​ការ​តាម​ការ​បង្គាប់​ទេ​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​អាច​ទម្លាក់​ចោល​​ករណី​នេះ​​ ដោយ​មិន​​យក​មក​ធ្វើ​ការ​ពិចារណា​ទៀត​ទេ ហើយ​វិធានការ​បន្ត​ គឺ​និយោជក​ខ្លួន​ឯង​ថា​ តើ​ត្រូវ​ចាត់ចែង​យ៉ាង​ម៉េច​​? ឯភាគី​ក្រសួង​ការងារ​គ្រាន់​តែ​ជួយ​សម្រប​សម្រួល​​ប៉ុណ្ណោះ។

លោក​ថា៖ «ជម្រើស​ដែល​ល្អ​គឺ ​ពួក​គាត់​ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​នេះ​...យក​ល្អ​វិធី​ដែល​ដំណើរ​ការ​ដោយ​សន្តិវិធី ​គឺ​ពួក​គាត់​អាច​រក​មេធាវី​ មក​ជជែក​គ្នា​ហើយ​បន្ត​ចូល​ធ្វើ​ការ​វិញ​ទៅ»។​ ដោយ​ឡែក ចំពោះ​ការ​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​របស់​សាលាក្រុង​វិញ លោក​ ទេស ​រុក្ខាផល ​​ បាន​បញ្ជាក់​ថា ​គឺ​មិន​ខុស​ទេ បើ​គិត​តាម​ច្បាប់​ការងារ​ទាក់ទង​នឹង​សេវា​ប្រមូល​សំរាម ​សេវា​មន្ទីរពេទ្យ ​ឬ​សេវា​នៅ​ព្រលាន​យន្តហោះ​ ដោយសារ​វា​ជា​សេវា​សាធារណៈ។​

លោក​បាន​ពន្យល់​ថា៖ «តាម​នីតិវិធី​ ​ពួក​គាត់​ត្រូវ​ដាក់​ការ​ជូន​ដំណឹង​ធ្វើ​​កូដកម្ម​ទៅ​​និយោជក​រួច​​ចរចា​ផ្ទៃ​ក្នុង ​រហូត​ដល់​ឆ្លង​អាជ្ញាកណ្តាល​រួច​ស្រេច​ហើយ ទើប​ពួក​គាត់​មាន​សិទិ្ធ​ធ្វើ​កូដកម្ម​ ដោយសារ​តែ​ទាំង​នេះ​ជា​សេវា​សាធារណៈ​។ ពេល​ខ្លះ​សហជីព​ក៏​បំពាន​ច្បាប់​ដែរ គាត់​ដឹង​ច្បាប់​ ប៉ុន្តែ​គាត់​នាំ​កម្មករ​ខុស​។ ​កូដកម្ម​ៗ​ទៅ ​ប៉ុន្តែ​មិន​ត្រូ​វ​ឱ្យ​ស្ទះ​សេវា​​ជា​សារវន្ត​ពាក់ព័ន្ធ​នឹង​សេវា​សាធារណៈ​ទេ​ ទោះបី​ជា​មិន​ទាន់​មាន​ប្រកាស​បញ្ជាក់​ក៏​ដោយ​ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​ការងារ គឺ​មាន​និយាយ​»​។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ បើ​ពេទ្យ​ចង់​ធ្វើ​កូដកម្ម ខណៈ​​មាន​អ្នក​ជំងឺ​ស្នាក់នៅ​នោះ​ គឺ​ពួក​គាត់​មិន​អាច​រត់​ចោល​អ្នក​ជំងឺ​មក​ធ្វើ​កូដកម្ម​ទេ​។ វា​ដូច​គ្នា​នឹង​សេវា​ប្រមូល​សំរាម​នេះ​ដែរ។

ស្រដៀង​គ្នា​នេះ លោក​មេធាវី លី ច័ន្ទតុលា​ ក៏​ធ្លាប់​​បាន​ពន្យល់​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ដែរ​ថា​ ​ក្រុមហ៊ុន​ផ្តល់​សេវា​ជា​សារវន្ត ​គឺ​ច្បាប់​អនុញ្ញាត​ឱ្យ​និយោជក​មាន​សិទ្ធិ​ក្នុង​ការ​​ជ្រើសរើស​កម្មករ​ថ្មី​មក​ជំនួស​កម្មករ​ដែល​ជា​កូដករ​នេះ​។ ​​ករណី​ដែល​ផ្អាក​ការ​ផ្គត់ផ្គង់​សេវា​មាន​ការ​ប៉ះពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់​​ ឬ​សុខភាព​សាធារណៈ​នោះ ​គឺ​គេ​អាច​ជ្រើសរើស​បុគ្គលិក​ជំនួស​បាន។

យ៉ាង​ណា​ក្ដី លោក ម៉ី ផាន អគ្គលេខាធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន ​ស៊ីនទ្រី បាន​ឱ្យ​​ដឹង​ដែរ​ថា កម្មករ​ភាគ​ច្រើន​មិន​ទាន់​បាន​ចូល​ធ្វើ​​ការ​វិញ​ទេ ដោយសារ​ពួក​គាត់​នៅ​ទាមទារ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ​២ ចំណុច គឺ​​ប្រាក់​អតីតភាព​ និង​ប្រាក់​បំណាច់​ឆ្នាំ​។ ប្រសិន​បើ​ក្រុមហ៊ុន​យល់​ព្រម​កម្មករ​នឹង​វិល​ចូល​ធ្វើ​ការងារ​​វិញ។

លោក​ថា៖ «អ្នក​ដែល​ចូល​ទៅ​ធ្វើ​ការ​វិញ ​គឺ​ក្រុម​កម្មករ​ផ្នែក​បោស ប៉ុន្តែ​ផ្នែក​ប្រមូល​ និង​អ្នក​បើកបរ​រថយន្ត​ដឹក​សំរាម ​គឺ​មិន​ព្រម​ចូល​ទេ។ ពួក​គាត់​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ ប៉ុន្តែ​អ្វី​ដែល​គាត់​បារម្ភ​បំផុត ​គឺ​ការ​បាត់​បង់​អតីតភាព​ការងារ​ដែល​ខំ​តស៊ូ​ជាមួយ​​ក្រុមហ៊ុន​យូរ​ហើយ។​គាត់​ទាមទារ​​​ឱ្យ​ដោះ​ស្រាយ​​​ប្រាក់​អតីតភាព​​ការងារ​​ពី​​ឆ្នាំ ​២០០៨ ​ដល់​ក្រោយ​ឆ្នាំ ​២០១៩»។

គួរ​រំឭក​ផង​ដែរ​ថា កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ​ស៊ីនទ្រី បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ថ្ងៃទី ២ ខែតុលា រហូត​មក​ទល់​ពេល​នេះ​ ដោយ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​នូវ ៥ ​ចំណុច ​រួម​មាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ​ប្រាក់​ជួស​ការ​ជូន​ដំណឹង​មុន​ ប្រាក់​ខែ​ចុង​ក្រោយ និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់។

ជុំវិញ​ករណី​កូដកម្ម​នេះ កាល​ពី​សប្តាហ៍​មុន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ព្រមាន​​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា (CTWUF) លោក ទូច ​កុសល ​ឲ្យ​បញ្ឈប់​ញុះញង់​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ​ ​ដែល​ជា​ការ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​សហព័ន្ធ ​​ប៉ុន្តែ​ត្រូវ​បាន​ លោក ទូច ​កុសល ​បដិសេធ និង​ទាមទារ​ឱ្យ​ក្រសួង​បង្ហាញ​ភ័ស្តុតាង​ពី​ការ​ចោទ​ប្រកាន់​លោក​នេះ។​

ក៏ប៉ុន្តែ លោក​ ទេស រុក្ខាផល បាន​បញ្ជាក់​ថា សិទ្ធិ​ទាមទារ​មិន​ខុស​ទេ​ ប៉ុន្តែ​នីតិវិធី​នៃ​ការ​ដឹកនាំ​ឱ្យ​ពួក​គាត់​អនុវត្ត​គឺ​ខុស​។​

លោក​បាន​ថ្លែង​ថា៖ «កម្មករ​មិន​ចេះ​ច្បាប់​ទេ​ ​ប៉ុន្តែ​អ្នក​ផ្សេង​បាន​ដឹក​នាំ​ធ្វើ​ឱ្យ​មាន​ការ​គណនា​ចេញ​តួលេខ​ផ្សេ​ង។ មុន​នឹង​មាន​ការ​​ព្រមាន​មួយ​ៗ​គេ​មាន​ទឡ្ហីករណ៍​​ច្បាស់​មិន​បំពាន​ច្បាប់ និង​មាន​ភ័ស្តុតាង​​ទើប​គេ​ហ៊ាន​ធ្វើ​ការ​ព្រមាន​។ ​ពួក​ខ្ញុំ​បាន​ចូល​ទៅ​ជួប​កម្មករ​ ហើយ​ពួក​គាត់​ថា គេ​គិត​ឱ្យ​ពួក​គាត់​ហើយ ម្នាក់ៗ​បាន​សុទ្ធ​តែ ​១ ម៉ឺន​ឯណោះ​។ ​គេ​នោះ​មិន​មាន​អ្នក​ណា​ក្រៅ​ពី​សហជីព​»​។​

លោក​ថា ក្រុមហ៊ុន​មិន​ទាន់​ផ្តាច់​កិច្ច​សន្យា​ពួក​គាត់​ទេ ហើយ​បើ​ពួក​គាត់​ទាមទារ​ផ្តាច់​កិច្ច​សន្យា ​គឺ​មាន​ន័យ​ថា​ ពួក​គាត់​រំលាយ​​កិច្ច​សន្យា​ដោយ​ខ្លួន​ឯង។​ បើ​ដូច​នេះ គឺ​ពួក​គាត់​ទទួល​បាន​តែ​ប្រាក់​ខែ​ចុង​ក្រោយ​ ​និង​លុយ​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ក្ដី កាល​​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន CTWUF បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​ពី​ជំហរ​ថា ខ្លួន​ចង់​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់ ​ដើម្បី​ឱ្យ​កម្មករ​និយោជិត​បាន​ចូល​បម្រើ​ការងារ​វិញ។

សហព័ន្ធ​នេះ បាន​បញ្ជាក់​ថា៖ «CTWUF គ្មាន​គោល​បំណង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​លំបាក​ណា​មួយ​ឬ​ក៏​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ធុំ​ក្លិន និង​​ស្ទះ​សំរាម​នោះ​ទេ។ យើង​បាន​ព្យាយាម​ចូលរួម​អស់​ពី​លទ្ធភាព ​ដើម្បី​ដោះ​ស្រាយ​វិវាទ​នេះ»៕

វីដេអូ៖