ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ប្រមាណ​ជាង​ ៥០០ ​នាក់​កាលពី​ម្សិលមិញ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នៅមុខ​ក្រុមហ៊ុន​ស៊ីនទ្រី​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ដោយ​មិន​ព្រម​ចូល​ធ្វើការ​ បន្ទាប់ពី​តំណាង​ក្រុមហ៊ុន​ពន្យារពេល​ចរចា​ពី​សំណើ​ទាមទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​​ការងារ​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ស្នើ​តាំងពី​ខែ​វិច្ឆិកា​មក​។

លោក ទូច កុសល ប្រធាន​​សហព័ន្ធ​សហជីព​កម្មករ​និយោជក​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​មាន​តំណាង​សហជីព​​ក្នុង​កន្លែង​ធ្វើការ​បាន​ថ្លែងថា​កម្មករ​បាន​ផ្ទុះ​ការតវ៉ា​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃ​ពុធ ក្រោយពី​ក្រុមហ៊ុន​បាន​ពន្យារពេល​ចរចា​សំណើសុំ​ដំឡើង​ប្រាក់ខែ​របស់​​ពួកគេ​ដែល​បាន​ស្នើ​តាំងពី​ខែ​​វិច្ឆិកា​។ ​ក្រុមហ៊ុន​ណាត់ជួប​កាលពី​ថ្ងៃ​ចន្ទ​មុន​ ប៉ុន្តែ​លើក​ពេល​។

លោក​ ទូច កុសល បាន​បញ្ជាក់​ថា​៖ «​គាត់​ធ្វើ​ពី​ល្ងាច​មិញ ម៉ោង​​ប្រហែល​ ៣ ​ទៅ​ ៤ អត់​ព្រម​ចូល​ទៅ​បើក​យក​សំរាម អត់​ព្រម​ទៅ​​កើប​សំរាម និង​បោស​សំរាម​ទេ​កាលពី​ម្សិលមិញ​ [​ថ្ងៃ​ពុធ​]»​។

លោក ទូច កុសល បន្ថែម​ថា​៖ «​គាត់​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ចំនួន​ ១២ ​ដុល្លារ ហើយ​សុំ​មាន​ប្រាក់​អតីតភាព និង​គិតគូរ​ជា​ប្រាក់​ប្រចាំឆ្នាំ​ពេល​ដែល​កម្មករ​អត់​ប្រើប្រាស់​ថ្ងៃ​ឈប់​សម្រាក​​ប្រចាំ​ឆ្នាំ និង​ដោយសារ​កម្មករ​មួយ​ចំនួន​គាត់​ប្រើប្រាស់​អត់​អស់​។ ប៉ុន្តែ​ក្រោយពី​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ម្សិលមិញ ក្រុមហ៊ុន​យល់​ព្រម​ទូទាត់​​ជា​ប្រាក់​សម្រាប់​ដំណាច់ឆ្នាំ​ហើយ​ក៏​គិត​ប្រាក់​អតីតភាព​ដូច​ក្រសួង ប៉ុន្តែ​សុំ​ដំឡើង​ប្រាក់ខែ​ត្រឹម​ ៨ ​ដុល្លារ​»​។

លោក​ថា​៖ «​យើង​មាន​ការបារម្ភ​ខ្លាច​កម្មករ​នៅតែ​បន្ត​តវ៉ា យើង​ចង់​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​​កុំ​អូសបន្លាយ​ទៀត ហើយ​អាច​ការតវ៉ា​នោះ និង​រាលដាល​ដល់​ខណ្ឌ​ផ្សេង​ទៀត​។ កម្មករ​ទើប​តែ​ផ្អាក​ធ្វើ​ការងារ​ម្សិលមិញ​ពេល​ល្ងាច​ហើយ​យើង​រង់ចាំ​ដំណោះស្រាយ​។ កម្មករ​ប្រាប់​ថា​បើ​ក្រុមហ៊ុន​មិន​អាច​ដោះស្រាយ​ទេ​គឺ​គាត់​នឹង​មិន​ចូល​ធ្វើការ​ទេ​»​។

លោក មី ផាន មាន​អាយុ​ ៤១ ​ឆ្នាំ​ជា​កម្មករ​បើកបរ​ឡាន​ដឹក​​សំរាម​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​អស់​រយៈពេល​ ១៤ ​ឆ្នាំ​បាន​ឲ្យ​ដឹងថា​​លោក​បាន​ប្រាក់ខែ​គោល​ ៨៧ ​ម៉ឺន​រៀល ហើយ​បើ​បូក​នឹង​​ប្រាក់​លើក​ទឹកចិត្ត បាន​ ១ ​លាន​ ៤ ​សែន​រៀល​។

លោក​បាន​បន្ដ​ថា​ក្រុមហ៊ុន​យល់ព្រម​គិតគូរ​ប្រាក់​អតីតភាព និង​ប្រាក់​បំណាច់​។

លោក មី ផាន បាន​បញ្ជាក់​​ថា​៖ «​ក្រុមហ៊ុន​ប្រាប់​យើង​ថា​គាត់​អត់​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ដល់​ ១២ ​ដុលា្លរ​ឲ្យ​ទេ​។ ​ខ្ញុំ​ធ្វើការ​ក្នុង​ហ្នឹង​ ១៤ ​ឆ្នាំ​ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​មិន​ដែល​គិតគូរ​ពី​​ពួកយើង​ទេ​ខ្ញុំ​ធ្វើការ​ជាង​ ១០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ​ក្រសួង​ការងារ​ក៏​មិន​ដែល​គិតគូរ​ពី​ពួកយើង​ដែរ​មិន​ដែល​គិត​ពី​បញ្ហា​​សុខភាព​ពួកយើង​ទេ យើង​ធ្វើការ​សូម្បី​ស្រោមដៃ​ក៏​អត់​មាន​​ពាក់​ដែរ​»​។

លោក ជីម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​បាន​ថ្លែង​ថា​កម្មករ​ដែល​បាន​ឈរ​តវ៉ា​មាន​ប្រមាណ​ ២០០ ​នាក់​នៅ​ចិញ្ចើម​​ផ្លូវ ប៉ុន្តែ​កម្មករ​ដែល​ស្នើសុំ​នៅ​មាន​ប្រមាណ​ ១០៤០ ​នាក់​។

លោក អ៊ិត ចិន្តា ប្រធាន​ផ្នែក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ប្រាក់ខែ​កម្មករ​ប្រមូល​សំរាម​បច្ចុប្បន្ន​មាន​ចន្លោះ​ពី​ ១៦៨ ​ដល់​ ២៤៨ ​ដុល្លារ ហើយ​ពួកគាត់​​សុំ​ដំឡើង​ ១២ ​ដុលារ ហើយ​​កម្មករ​ធ្វើការ​ទាក់ទង​សំរាម​នៅ​​ភ្នំពេញ​ទាំងអស់​មាន​ជិត​ ២០០០ ​នាក់​។ រីឯ​ការបើក​ប្រាក់ខែ​គឺ​បើក​ ១ ​ខែ​ម្ដង​សម្រាប់​ឆ្នាំ​នេះ​។

លោក​ថា​៖ «​យើង​កំពុង​ចរចា​ជាមួយ​សហជីព​។ ​កម្មករ​ស៊ិនទ្រី​ទូទាំង​រាជធានី​ភ្នំពេញ​មិន​ប្រមូល​សំរាម​ទូទាំង​រាជធានី​»​។

លោក​បាន​បន្ត​ថា​នៅ​ចំពោះ​មុខ​បញ្ហា​សំរាម​គឺ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចាត់ចែង​ប្រមូល​​បណ្តោះអាសន្ន​។

អាជីវករ​លក់​ប្រេង​អាយុ​ ៣៩ ​ឆ្នាំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​​សង្កាត់​ពោធិ៍សែនជ័យ រាជធានី​​ភ្នំពេញ​បាន​និយាយ​កាលពី​ថ្ងៃ​​ម្សិលមិញ​ថា កន្លង​មក​ការប្រមូល​សំរាម​នៅ​ផ្ទះ​គាត់​មិន​ទៀងទាត់​ទេ ដោយ​ពេល​ខ្លះ​​ ១០ ​ថ្ងៃ ទើប​មក​ប្រមូល​ម្ដង​។

លោក​ថា​៖ «​នេះ​ប្រហែល​ជា​​ផ្ទះ​ខ្ញុំ​ជា​លក្ខណៈ​គ្រួសារ​ខុស​​ពី​ក្រុមហ៊ុន​ដែល​គេ​បង់​សេវា​​ផ្សេង​ក៏​ខ្ញុំ​មិនដឹង​។ ​វា​ជា​រឿង​ល្អ​បើ​សិន​ជា​ក្រុមហ៊ុន​អាច​ដំឡើង​ឲ្យ​កម្មករ ព្រោះ​ខ្ញុំ​បាន​ដឹង​ថា​ប្រាក់ខែ​គាត់​បាន​ទាប​ហើយ​​សង្ឃឹម​ថា ការងារ​ប្រមូល​សំរាម​បាន​ប្រសើរ​ជាង​មុន ប៉ុន្តែ​វា​ក៏​​អាស្រ័យ​លើ​ការ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន​ដែរ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​អ្នកស្រី ឱក សុបាន ជា​ពលរដ្ឋ​រស់នៅ​​ខណ្ឌ​សែនសុខ បាន​ថ្លែង​ថា ​សេវា​ប្រមូល​ដូចជា​មិន​ទៀងទាត់​ទេ ដោយ​ផ្ដុំ​ផ្ទះ​អ្នកស្រី​កាលពី​មុន​ប្រមូល​ ២ ​ដង​នៅ​ក្នុង​ ១ ​សប្ដាហ៍​គឺ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​​អាទិត្យ តែ​តាំង​ចូលឆ្នាំ​ខ្មែរ​មក​ឃើញ​ប្រមូល​តែ​ថ្ងៃ​អាទិត្យ​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​មិនដឹង​ថា​មក​​ពី​ផ្ទះ​ខ្ញុំ​នៅ​កន្លែង​ច្រក​ចង្អៀត​​ពេក​ ឬ​មកពី​ក្រុមហ៊ុន​ខ្វះ​កម្មករ​​ទេ ខ្ញុំ​គាំទ្រ​បើ​គេ​ជួយ​ដល់​ជីវភាព​កម្មករ​»​។

លោក ម៉ៅកុល ម៉ារឌី នាយក​​ទីចាត់ការ​គ្រប់គ្រង​សំណល់​ និង​បរិស្ថាន​សាលា​រាជធានី​​ភ្នំពេញ​បាន​ថ្លែង​ថា បញ្ហា​នេះ​​នៅ​កំពុង​ពិនិត្យ​មើល​ដើម្បី​​ដោះស្រាយ​។

លោក​ថា​៖ «​យើង​កំពុង​ដោះស្រាយ​រឿង​ហ្នឹង យើង​អត់​អាច​ឲ្យ​បញ្ហា​ហ្នឹង​ទុក​យូរ​បាន​ទេ ព្រោះ​សំរាម​វា​ស្អុយ​ពេញ​ហ្នឹង​»​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ​បាន​ថ្លែង​ថា មន្រី្ត​ក្រសួង​​ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​មើល​ករណី​ពាក់ព័ន្ធ​នឹង​ជម្លោះ​ការងារ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​​នឹង​ស្វែងរក​ដំណោះស្រាយ​​ជូន​កម្មករ​»៕