ភ្នំពេញៈ ពលករ​ខ្មែរ​ជាង ៣០០ ​នាក់​ ក្នុង​ចំណោម​ជាង​ ៣ ០០០ ​នាក់​ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ GFN ដែល​កែច្នៃ​អាហារ​ស្ថិត​នៅ​តំបន់​ណងយ៉ៃ ក្នុង​ស្រុក​ណងយ៉ៃ ខេត្ត​ឈុនប៊ុរី ប្រទេស​ថៃ​បាន​ផ្ទុះ​ការតវ៉ា​កាលពី​យប់​ថ្ងៃទី​ ៧ មីនា បន្ទាប់ពី​រោងចក្រ​នេះ​បាន​បញ្ឈប់​ពលករ​ខ្មែរ​ជាង ៣០ ​នាក់​ដោយសារ​តែ​ពួកគេ​ទាមទារ​លក្ខខណ្ឌ​ការងារ​រួម​ជូន​កម្មករ​ខ្មែរ​។

លោក យ៉ែម យ៉ត ជា​ពលករ​ខ្មែរ​ម្នាក់​បម្រើការ​ផ្នែក​បកប្រែ​នៅក្នុង​រោងចក្រ GFN និង​ត្រូវបាន​រោងចក្រ​បញ្ឈប់​ដោយ​រោងចក្រ​មិន​ស្នើសុំ​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​បន្ត​ទិដ្ឋាការ​ឱ្យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ពលករ​ជាង ៣០០ ​នាក់​ ក្នុង​នោះ​មាន​ពួកលោក​ដែរ ដែល​ត្រូវ​ដល់ពេល​បន្ត​ទិដ្ឋាការ ដើម្បី​បាន​បន្តការងារ​ក្នុង​រោងចក្រ​នេះ​បន្តទៀត​។

លោក​ថា នៅពេល​ដំណើរការ​ផ្តល់​ទិដ្ឋាការ បែរ​ជា​ឈ្មោះ​របស់​លោក និង​កម្មករ​ចំនួន ៣១ ​នាក់​ទៀត​ មិន​ត្រូវបាន​រោងចក្រ​ស្នើសុំ​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​បន្ត​ទិដ្ឋាការ​ឱ្យ​នោះទេ​។

ការប្រកាស​មិន​ស្នើសុំ​បន្ត​ទិដ្ឋាការ​ឱ្យ​ពួកលោក​នេះ​ត្រូវបាន​រោងចក្រ​អះអាងថា ដោយសារ​តែ​ពួកលោក​ទាំង ៣២ នាក់ ជា​អ្នក​ញុះញង់​ឱ្យ​កម្មករ​បះបោរ និង​តវ៉ា​ជាមួយ​ថៅកែ ហើយ​ធ្វើការ​មិនបាន​ល្អ​។ លោក​បញ្ជាក់​ថ‍ា​៖ «​នៅពេល​ដែល​មានរឿង​យ៉ាង​ដូច្នេះ ពលករ​ដទៃ​ទៀត គាត់​ផ្ទុះ​ការតវ៉ា​ទាំងយប់ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ផ្តល់​ភាពត្រឹមត្រូវ​ជូន​ពលករ​ទាំង​ ៣២ ​នាក់​វិញ​។ យើង​បាន​តវ៉ា​គ្រាន់តែ​មាន​អ្នកសម្របសម្រួល​នៅ​យប់នោះ​ ប៉ុន្តែ​មកទល់​ពេល​នេះ មិនទាន់​មាន​ដំណោះស្រាយ​ណា​នោះទេ​»​។

លោក យ៉ែម យ៉ត ស្នើឱ្យ​អាជ្ញាធរ​ខ្មែរ ឬ​រដ្ឋាភិបាល​ខ្មែរ​ជួយ​អន្តរាគមន៍​ទៅកាន់​រោងចក្រ​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពួកលោក​វិញ ដោយ​លោក​រំពឹង​ថា ការជួយ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​នឹង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ត្រូវបាន​កេងប្រវ័ញ្ច​សិទ្ធិ និង​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​ចង់​ទាមទារ​សំណង​ទៅតាម​ច្បាប់ ប្រសិន​បើ​ក្រុមហ៊ុន បញ្ឈប់​ពួកខ្ញុំ​។ ឬមួយ​ទៀត ចង់ឱ្យ​ក្រុមហ៊ុន​ចេញ​ជា​លិខិត​លាឈប់​របស់ខ្ញុំ ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ខ្ញុំ​ស្វែងរក​ការងារ​ធ្វើ​កន្លែង​ផ្សេង​។ ខ្ញុំ​គិតថា បើ​ខ្ញុំ​តវ៉ា​ចូលធ្វើ​កន្លែង​ដដែល​វិញ ពួកគេ​ក៏​នៅមាន​លេស​បញ្ឈប់​ខ្ញុំ​ទៀត​»​។

បើតាម​លោក យ៉ែម យ៉ត ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​រោងចក្រ GFN ទាំងអស់​មាន​ជាង​ ៣ ០០០ ​នាក់ ​ធ្លាប់​ធ្វើការ​តវ៉ា​ជាច្រើន​លើក​មកហើយ តាំងពី​ខែ​តុលា ឆ្នាំ ២០២០ រហូតមក​ទល់នឹង​បច្ចុប្បន្ន ដោយសារ​តែ​រោងចក្រ​នេះ​បាន​កេងប្រវ័ញ្ច​សិទ្ធិ និង​កម្លាំង​ពលកម្ម​កម្មករ​ខ្មែរ​ជា​បន្តបន្ទាប់​។

ពលករ​ខ្មែរ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចូលរួម​តវ៉ា​លើកឡើង​ថា កន្លងមក​ក្រុមហ៊ុន​តែងតែ​គាបសង្កត់ និង​​កេងប្រវ័ញ្ច​សិទ្ធិ និង​អត្ថប្រយោជន៍​ពលករ​ខ្មែរ​។ ប៉ុន្តែ​ដោយសារ​មាន​ការសម្របសម្រួល​ពី​ពលករ​ទាំង ៣២ ​នាក់​នេះ​បាន​ធ្វើឱ្យ​ពលករ​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​មកវិញ​។

លោក​យល់ថា ការបញ្ឈប់​ពលករ​ទាំង​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​លោក​ក៏មាន​ការភ័យខ្លាច​ចំពោះ​ការបញ្ឈប់ និង​ការគាបសង្កត់​នៅពេល​ខាងមុខ​ផងដែរ​។

លោក​ថា​៖ «​ខ្ញុំ​បារម្ភ​ដែរ ដោយសារតែ​ ៣២ ​នាក់​ត្រូវ​បាន​មិន​ស្នើ​បន្ត​ទិដ្ឋាការ ឬ​វីសា​ការងារ​ឱ្យ​។ ខ្លាច​ថ្ងៃក្រោយ​ទៅ វា​ដល់​វេន​យើង ឬ​មាន​ការមិន​បន្ត​ទិដ្ឋាការ​ដល់​ពលករ​ដទៃទៀត​»​។ ពលករ​ដែល​គេ​បញ្ឈប់​នេះ គឺ​ពួកគាត់​បាន​ទាមទារ​ថ្លៃ​លាបថ្នាំ​បន្ទប់​របស់​ពលករ​ពី​រោងចក្រ និង​តម្លៃ​ជួល​បន្ទប់​នៅក្នុង​រោងចក្រ ហើយ​នៅពេល​មាន​ការតវ៉ា ខាង​រោងចក្រ​បាន​ដោះស្រាយ​ជូន​កម្មករ​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ម្ចាស់​រោងចក្រ GFN នៅ​ថៃ​បានទេ​កាលពី​ម្សិលមិញ​។ យ៉ាងណាក្តី មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា ស្ថានទូត​កំពុង​ពិនិត្យ និង​សម្របសម្រួល​ជុំវិញ​ករណីនេះ​។

លោក លឹង សុផុន ក្រុមការងារ​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ​ដែល​បាន​ចុះទៅ​ដល់​ទីតាំង​កើតហេតុ​ផ្ទាល់​ថ្លែង​ពី​ម្សិលមិញ​ថា រោងចក្រ​បាន​ចោទប្រកាន់​ពលករ​ទាំង ៣២ ​នាក់​នេះ​ថា ​បាន​ដឹក​នាំឱ្យ​ពលករ​តវ៉ា​។ ប៉ុន្តែ​ធាតុពិត គឺ​ពលករ​ទាំងអស់​ចូលរួម​ដើម្បី​ទាមទារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដែល​ពួកគាត់​ត្រូវ​ទទួល​បាន​ប៉ុណ្ណោះ​។

លោក​រំពឹង​ថា ពួកគេ​ទាំង​ ៣២ ​នាក់​នឹង​ទទួល​បាន​យុត្តិធម៌ និង​ភាពត្រឹមត្រូវ​ឡើងវិញ​។ ​«​រោងចក្រ​នៅពេល​បញ្ឈប់​គាត់ គួរតែ​ផ្តល់ដំណឹង​ជូន​ពួកគាត់​តាមច្បាប់​ការងារ ព្រោះ​បើ​បញ្ឈប់​គាត់​បែបនេះ គឺ​ខុសច្បាប់​ហើយ​។ តាមច្បាប់ ការបញ្ឈប់​គាត់ គួរតែ​ប្រាប់​គាត់ ៣ ទៅ ៤​ ​ខែ​មុន​ព្រោះ​ពួកគាត់​ខ្លះ មិនទាន់​អស់​ទិដ្ឋាការ​ផង ដូច្នេះ​ខាង​រោងចក្រ​ក៏មាន​ភាពមិន​ច្បាស់លាស់​ដល់​ពលរក​ខ្មែរ​»៕

វីដេអូ៖