តាកែវៈ កម្មករ​រោងចក្រ​កាត់ដេរ​នៅ​រោងចក្រ វូណាមី ចំនួន​ ៤៤ ​នាក់​​ នៅ​ខេត្តតាកែវ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​​ពួកគេ​បាន​ដួលសន្លប់​តាម​គ្នា​ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​។ មន្ត្រី​ក្រសួង​ការងារ​បាន​និយាយថា ក្រសួង​នឹង​មាន​វិធានការ​ដើម្បី​ការពារ​កុំ​ឱ្យមាន​កម្មករ​ដួលសន្លប់​បន្ថែម​ទៀត​។

លោក ភួម ឈីម អភិបាលស្រុក​បាទី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា កម្មករ​នៅក្នុង​រោងចក្រ​កាត់ដេរ​ឈ្មោះ​ វូណាមី ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​សូភី ស្រុក​បាទី ដែល​បាន​ដួលសន្លប់​ចំនួន​ ៤៤ ​នាក់ ​គឺ​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​តាម​គ្លីនិក​ដែល​ស្ថិត​នៅក្បែរ​រោងចក្រ​​នោះ​។

លោក​បន្តថា មន្ត្រី​មន្ទីរ​ការងារ​ខេត្ត មន្ត្រី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម និង​កាកបាទក្រហម​ខេត្ត​ជាដើម​បាន​ចុះទៅ​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​មួយចំនួន​ឲ្យ​ទៅដល់​ក្រុមកម្មករ​ដួលសន្លប់​ទាំងនោះ​ដោយ​សង្គ្រោះ និង​បាន​ពិនិត្យ​ឃើញ​ថា ពួកគាត់​មាន​អាការ​ធូរស្បើយ​វិញ​ហើយ​។

លោក​ថា​៖ «​នៅ​ភូមិសាស្ដ្រ​ខ្ញុំ​នេះ គឺ​ពិតជា​មាន​ករណី​កម្មករ​ដួលសន្លប់​មែន​។ ប៉ុន្តែ​ខ្ញុំ​មិនអាច​បកស្រាយ​ថា តើ​មូលហេតុ​អ្វី​បានជា​ដួលសន្លប់ ហើយ​ចាំ​សួរ​មន្ត្រី​ក្រុម​ការងារ​ក្រសួង​ជំនាញ​វិញ​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​បង្ហោះ​តាម​ហ្វេសប៊ុក​ថា កម្មករ-កម្មការិនី​ទាំងនោះ​បាន​ដួលសន្លប់​នៅ​ម៉ោង​ ៨ និង ​២០ ​នាទី​ព្រឹក ដោយ​លោក​បានចាត់​ទុក​ការដួលសន្លប់​របស់​កម្មករ​នេះ​ថា គឺ​បង្ហាញ​ពី​ការមិន​យកចិត្ត​ទុកដាក់​របស់​និយោជក​មកលើ​កម្មករ​។

លោក ប៉ាវ ស៊ីណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​បន្ថែម​ថា ករណី​ដួលសន្លប់​នេះ​គឺ​ផ្ដើមចេញ​ពី​កម្មការិនី​ម្នាក់​ដែល​មិន​ស្រួលខ្លួន និង​ស្លេកស្លាំង​បាន​ដួលសន្លប់​មុនគេ និង​បាន​ធ្វើឱ្យ​កម្មករ​ដែល​មាន​ស្មារតី​ទន់ខ្សោយ​មួយចំនួន​ទៀត​ដួលសន្លប់​តាម​ក្រោយ​ជា​បន្តបន្ទាប់​។ ជាទូទៅ​ការដួល​សន្លប់​ដោយសារ​កត្តា​សុខភាព​បែបនេះ គឺ​ដោយសារ​ក្រុមកម្មករ​បរិភោគ​អាហារ​ខ្វះ​ជីវជាតិ និង​គ្មាន​អនាម័យ និង​បូករួម​ទាំង​បរិយាកាស​មិនល្អ​នៅក្នុង​រោងចក្រ​។

លោក​ថា​៖ «​សម្រាប់​ខ្ញុំ​គឺ​ស្នើសុំ​ដល់​ស្ថាប័ន​ជំនាញ​ដូចជា​ក្រសួងបរិស្ថាន ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ការងារ​ជាដើម ធ្វើការ​ត្រួតពិនិត្យ​រោងចក្រ​ទាំងអស់​ឱ្យ​បាន​ដិតដល់ ហើយ​ប្រសិន​បើ​រកឃើញ​មាន​រោងចក្រ​មិនបាន​គោរព​ទៅ​តាម​បទដ្ឋាន​ច្បាប់​តម្រូវ​ទេ គឺ​ត្រូវតែ​មាន​វិធានការ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ​»​។

លោក​បន្ថែមថា​៖ «​ហើយ​ខ្ញុំ​ក៏​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​បន្ថែម​ដែរ គឺ​ធ្វើ​ម៉េច​យកចិត្ត​ទុកដាក់​ដោយ​មាន​កម្មវិធី​ចុះ​ពិនិត្យ​សុខភាព​កម្មករ​នៅតាម​រោងចក្រ​ឱ្យបាន​ញឹកញាប់​បន្តិច ដើម្បី​តាមដាន​អំពី​សុខភាព​ពួកគាត់ ដោយសារ​ពួកគាត់​ត្រូវ​ធ្វើការ​តាំងពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ហើយ​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​នោះទេ​»​។

លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី​បាន​ថ្លែងថា កម្មការិនី​ដែល​បាន​ដួលសន្លប់​មុនគេ​គឺជា​ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ចូលធ្វើការ​ក្នុង​រោងចក្រ​វិញ ក្រោយពី​ទើប​នឹង​ហត់នឿយ​ក្នុង​ការរៀបចំ​ពិធី​បុណ្យសព​ឱ្យ​ម្ដាយ​។

លោក​ថា​៖ «​នារី​ម្នាក់​គាត់​ពោះធំ ហើយ​គាត់​ទើប​ធ្វើបុណ្យ​ម្ដាយ​ហើយ ដល់​ហើយ​មក​ធ្វើការងារ​វិញ បែប​ហត់នឿយ និង​ទ្រុឌទ្រោម​ក៏​វិលមុខ​ដួលសន្លប់​អ៊ីចឹងទៅ ហើយ​កម្មករ​ផ្សេងៗ​ទៀត​ឃើញ​ក៏​ដួលសន្លប់​តៗ​គ្នា​ទៅ​។ កម្មករ​យើង ឱ្យតែ​បាន​ដួល​ ១ ​ដួល​ ២ គឺ​ដឹង​តែ​ដួល​ជា​ហូរហែ​ហើយ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា ក្រសួង​នឹង​ពិនិត្យ​អំពី​ករណី​ដួលសន្លប់​នៅក្នុង​រោងចក្រ​នេះ ហើយ​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ដួលសន្លប់​កម្មករ​បែប​នេះ​កើតឡើង​បន្តទៀត​។ លោក​ថា​៖ «​ខាង ប.ប.ស និង​មន្ទីរ​ការងារ​បាន​ចុះ​អន្តរាគមន៍​ដោយ​ទី​ ១ ​ខិតខំ​សង្គ្រោះ ទី​ ២ ​ព្យាបាល ហើយ​ទី​ ៣ ​យើង​នឹង​ពិនិត្យ​វាយតម្លៃ​រក​មូលហេតុ ដើម្បី​ចាត់វិធានការ​បង្ការ​»៕