ភ្នំពេញៈ កម្មករ​ជាងភ្លើង​នៃ​ក្រុមហ៊ុន​យូកុងដេគ័រ​ជាង ២០ នាក់​បាន​ចូលធ្វើ​ការងារ​វិញ​កាលពី​ម្សិលមិញ​ក្រោយពី ក្រុមហ៊ុន​បាន​យល់ព្រម​តាម​ការទាមទារ​របស់​ពួកគេ​។

លោក យួន ភារម្យ តំណាង​កម្មករ​ដែល​បាន​ចូលរួម​ការតវ៉ា​បាន​ឱ្យដឹងថា កម្មករ​ជាង ២០ ​នាក់​ដែល​ធ្វើការ​ផ្នែក​ជាងភ្លើង​ក្នុង​ក្រុមហ៊ុន​យូកុងដេគ័រ​បាន​ផ្ទុះ​ការតវ៉ា បន្ទាប់ពី​រូបលោក​ត្រូវបាន​ក្រុមហ៊ុន​ព្យូរ​ការងារ​រយៈពេល​ ៥ ​ថ្ងៃ ក្រោយពី​ការតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​។

លោក ភារម្យ បាន​ថ្លែងថា​៖ «​តាម​ការទាមទារ​នេះ​ក្រុមហ៊ុន គេ​ព្រម​បន្ថែម​ប្រាក់​ថែម​ម៉ោង​ក្នុង​ ១ ​ម៉ោង ឱ្យ​យើង ២ ពាន់ រៀល​បន្ថែមទៀត​គឺ​សរុប​បាន​មួយ​ម៉ោង ១ ​ម៉ឺន​រៀល ហើយ​យើង​ក៏​សម្រេច​ចូលធ្វើការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ (​ម្សិលមិញ​)»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ថ្លែងថា​កម្មករ​ក្នុង​វិស័យ​សំណង់​ស្ទើរ​គ្រប់កន្លែង គឺ​តែង​ជួប​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​ហើយ​វិស័យនេះ គឺ​នៅតែ​មាន​ការរំលោភបំពាន​ ខណៈ​ដែល​បទដ្ឋាន​គត្តិយុត្ត​មួយ​ចំនួន បើទោះជា​មាន​ហើយ ក៏​មិនបាន​អនុវត្ត​ត្រឹមត្រូវ​ដែរ​។

លោក គីន ថ្លែង​ដោយ​រំពឹងថា ស្របពេល​វិស័យ​សំណង់​មាន​ការរីកចម្រើន រដ្ឋាភិបាល ជាពិសេស​ក្រសួង​ពាក់ព័ន្ធ​គួរតែ​កំណត់​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​សំណង់ និង​ ​ស្នើឱ្យ​ចេញ​ប្រកាស​ស្តីពី​សុខ​សុវត្ថិភាព​របស់​កម្មករសំណង់ ព្រមទាំង​ស្នើឱ្យ​ក្រសួង​កំណត់​ឱ្យ​កម្មករ​ក្នុង​វិស័យនេះ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ (​បសស​) ដូច​កម្មករ​ដទៃ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែងថា បើសិន​ជា​កម្មករ​ពេល​មាន​បញ្ហា ដែល​មិន​សុខចិត្ត ឬ​ ទទួលរង​នូវ​ការរំលោភបំពាន​ណាមួយ​អាច​ប្តឹង​មក​អធិការ​ការងារ​នៃ​ក្រសួង​ការងារ​បាន​៕