The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជាង​ ១៥ ០០០ ​នាក់​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ ១៤ ​ថ្ងៃ​ ពេល​ត្រឡប់​មកពី​ចូលឆ្នាំ




កម្មករ​ជាង​ ១៥ ០០០ ​នាក់​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ ១៤ ​ថ្ងៃ​ ពេល​ត្រឡប់​មកពី​ចូលឆ្នាំ

Content image - Phnom Penh Post
ប្រជាជនត្រឡប់មកពីស្រុកកំណើតវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច។ រូបថត ហ៊ាន រង្សី

កម្មករ​ជាង​ ១៥ ០០០ ​នាក់​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ ១៤ ​ថ្ងៃ​ ពេល​ត្រឡប់​មកពី​ចូលឆ្នាំ

ភ្នំពេញៈ កម្មករ-កម្មការិនី​ចំនួន​ជាង ១៥ ០០០ ​នាក់​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​ ១៤ ​ថ្ងៃ​ នៅ​តាម​បន្ទប់​ជួល ឬ​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​រៀងៗ​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​វិលត្រឡប់​មកពី​លេង​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ស្នើឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចាត់វិធានការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ សម្រាប់​កម្មករ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ក្នុងពេល​បុណ្យ​ចូលឆ្នាំថ្មី​។

លិខិត​លោក ម៉ម ប៊ុនហេង បញ្ជាក់​ថា​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ នាពេល​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​ត្រូវមាន​ការប្រុងប្រយ័ត្ន​បំផុត​ដែល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការចម្លង​រាតត្បាត​ចូលក្នុង​សហគមន៍​។ លោក​បន្តថា វិធានការ​នេះ​ក៏​យោង​ទៅ​លើ​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការហាមឃាត់ ការ​សម្រុក​ទៅ​ស្រុក​ផង​ដែរ​។

លោក ម៉ម ប៊ុនហេង សរសេរ​ថា​៖ «​ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការចម្លង​កូវីដ​ ១៩ ចំពោះ​កម្មករ កម្មការិនី ដែល​នឹងត្រូវ​វិល​ត្រឡប់​មក​កន្លែង​ធ្វើការ​នៅ​រោងចក្រ សហគ្រាស​របស់​ពួកគាត់​វិញ​នោះ​ក្រសួង​សុខាភិបាល​សុំស្នើ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ​ដោយ​ត្រូវតែ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​នៅ​កន្លែង​ស្នាក់​នៅ​របស់​បុគ្គល​នោះ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ជា​ចាំបាច់​»​។

លោក​ស្នើឲ្យ​មាន​ការតាមដាន​ក្នុង​ការអនុវត្ត​វិធានការ​ចត្តាឡីស័ក និង​ត្រួតពិនិត្យ​តាមដាន​សុខភាព​ពី​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការងារ​ក្នុង​ករណី​មាន​បុគ្គល​ណាមួយ​មាន​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​បានទេ​កាលពី​ម្សិលមិញ​។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លិខិត​របស់​លោក ប៊ុនហេង បង្ហាញ​រួចហើយ​អំពី​ការធ្វើ​ចត្តាឡីស័ក ហើយ​ក្រសួង​ក៏​ធ្លាប់​បាន​ចេញ​វិធីសាស្ត្រ​សម្រាប់​ការធ្វើ​ចត្តាឡីស័ក​បែប​ណា​នោះ​ដែរ​។

កាលពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​លោក ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ហាម​មិន​ឲ្យ​មាន​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​ ១ ទៅ​ខេត្ត​ ១ ប៉ុន្តែ​បានអនុញ្ញាត​ឲ្យ​មានការ​ឆ្លងកាត់​រវាង​ភ្នំពេញ និង​ខេត្តកណ្ដាល​ដោយ​ចាត់ទុក​ភូមិសាស្ត្រ​នេះ​ជា​តំបន់​តែ​ ១​។ វិធានការ​នេះ​ធ្វើឡើង​ចាប់ពី​យប់​ថ្ងៃទី​ ៩ មេសា ហើយ​ត្រូវបាន​ដក​កាលពី​ព្រឹក​ម្សិលមិញ​។

លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សរសេរ​លិខិត​ទៅ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ស្នើសុំ​យោបល់​អំពី​ការធ្វើ​ចត្តាឡីស័ក កម្មករ-កម្មការិនី​ចំនួន ១៥ ៧២៦ នាក់ ​មកពី​រោងចក្រ​ចំនួន ៦៧២ នៅ​ភ្នំពេញ ដែល​បាន​ទៅ​ស្រុក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​។ ក្នុង​លិខិត​របស់លោក​បញ្ជាក់ថា សាលា​រាជធានី​បាន​ត្រៀម​សាលារៀន​ចំនួន ​៣៧ ស្មើនឹង ៦៩៩ ​បន្ទប់​ សម្រាប់​អនុវត្ត​វិធានការ​នៅ​ដាច់ដោយឡែក​។

លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការធ្វើ​ចត្តាឡីស័ក​នេះ​មិនមែន​ជា​ទោសពៃរ៍​នោះ​ទេ គ្រាន់តែ​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​លទ្ធភាព​ចម្លង​នៃ​ជំងឺ​កូវីដ​ ១៩ ប៉ុណ្ណោះ​។ លោក​ថា ​កាលពី​ដំបូង​ក្រុមការងារ​បាន​ពិភាក្សា​គ្នា​ថា តើ​ត្រូវដាក់​ឲ្យ​ពួកគាត់​ទាំង​ជាង ១៥ ០០០ ​នាក់​នោះ​ដោយ​វិធី​ណា​។

លោក​ថា ក្រុមការងារ​បាន​ពិភាក្សា​ជម្រើស​ ២ គឺ​ទី​ ១ ឲ្យ​ពួកគាត់​នៅ​តាម​បន្ទប់​ជួល ឬ​តាម​ផ្ទះ​របស់​ពួកគាត់​ដោយ​មាន​ការត្រួតពិនិត្យ និង​មិន​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជិតខាង​ក្នុង​វិធី​មួយ​ដែល​អាច​ចម្លងជំងឺ​។

ចំណែក​ជម្រើស​ ១ ​ទៀត​គឺ​ឲ្យ​ដាក់​ពួកគាត់​ ១៤ ​ថ្ងៃ​ នៅតាម​សាលារៀន ប៉ុន្តែ​ជម្រើស​នេះ​មាន​ការពិបាក​បន្តិច​ដោយសារ​តែ​ការធ្វើ​ចត្តាឡីស័ក​បែប​នេះ​ត្រូវការ​ការរៀបចំ​ច្រើន​រួមមាន​ទាំង​បន្ទប់ទឹក និង​អគ្គិសនី អាហារ និង​មុង​ភួយ​ជាដើម​។ ដូច្នេះ​ចុងក្រោយ​ការពិភាក្សា​បាន​សម្រេចយក​ការដាក់​ពួកគាត់​នៅ​តាម​កន្លែង​ពួកគាត់​ស្នាក់នៅ​រៀងៗ​ខ្លួន​ដោយ​មាន​ការត្រួតពិនិត្យ តាមដាន​សុខភាព​ដិតដល់​។

លោក​ថ្លែងថា​៖ «​យើង​ចុងក្រោយ​យើង​គិតថា អត់​មាន​ជម្រើស​អី​ក្រៅពី​ខិតខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​បងប្អូន​យើង​ត្រឡប់​ទៅ​កន្លែង​ដែល​ធ្លាប់​នៅ ត្រឡប់​ទៅ​នៅផ្ទះ​កន្លែង​ណា ប៉ុន្តែ​ផ្ទះ​ទាំងអស់​នោះ ទីតាំង​ទាំងអស់​នោះ​ត្រូវ​តែ​យល់​ពី​គោលការណ៍​ ១៤ ​ថ្ងៃ ដើម្បី​ទាំងអស់​គ្នា​ការពារ​ខ្លួនឯង​ផង ការពារ​ទាំងអស់​គ្នា​ផង​។ នេះ​ជា​ការជជែក​គ្នា​ចុងក្រោយ​គឺ​បែប​នេះ​»​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​យល់ឃើញ​ថា ការតម្រូវ​ឲ្យ​កម្មករ កម្មការិនី​ដែល​បាន​ទៅ​ស្រុក​អនុវត្ត​វិធានការ​ចត្តាឡីស័ក​នេះ​ហាក់ដូចជា​មាន​លក្ខណៈ​ជា​សម្ពាធ​បន្តិច​សម្រាប់​ពួកគេ​។

លោក​មើលឃើញ​ជា​រួម​ថា ​ការលើក​ទឹកចិត្ត​ឲ្យ​ពួកគាត់​មិន​ចេញ​ទៅ​ស្រុក​ជា​វិធានការ​ល្អ​មួយ​ហើយ តែ​វិធានការ​ក្នុង​ការកាត់បន្ថយ​កត្តា​ជំរុញ​មិន​ឲ្យ​ទៅ​នោះ​ហាក់​ដូចជា​ខ្សោយ​។ កត្តា​ជំរុញ​នោះ​គឺ​រោងចក្រ​ខ្លះ​ត្រូវ​បាន​ព្យួរ ដែល​ធ្វើឲ្យ​ពួកគេ​បាត់បង់​ការងារ​ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់​សម្រេចចិត្ត​វិលត្រឡប់​ទៅ​ស្រុក​វិញ​។

លោក​ថា តាម​លោក​ដឹង​ពី​កម្មករ​ខ្លះ​គោលការណ៍​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៧០ ​ដុល្លារ​ពី​រដ្ឋាភិបាល និង​ពី​រោងចក្រ​ដែល​ត្រូវ​ព្យួរ​នោះ​មិនទាន់​បាន​អនុវត្ត​ល្អ​ទេ ដោយ​កម្មករ​ទទួល​បាន​តែ​ពី​ភាគី​រោងចក្រ​ប៉ុណ្ណោះ​។ អ្នក​ដែល​បាន​ទៅ​ស្រុក​ក្នុងពេល​ចូលឆ្នាំ​ក៏​មិន​ប្រាកដថា វិលត្រឡប់​មកវិញ​ដែរ​។

លោក​ថា ក្រៅពី​លើក​ទឹកចិត្ត​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ស្រុក​នៅ​តាម​រោងចក្រ​នីមួយៗ​គួរតែ​អនុវត្ត​វិធានការ​បង្ការ និង​អនាម័យ​។ លោក​ឃើញ​កម្មករ​នៅ​រោងចក្រ​មួយ​ចំនួន​មិនមាន​ម៉ាស់​ពាក់​ទេ ហើយ​ចំនួន​កម្មករ​ធ្វើដំណើរ​ទៅកាន់​រោងចក្រ​ក្នុង​ចំនួន​ច្រើន​នៅ​លើ​ឡាន​ដឹក​កម្មករ ដែល​ដឹក​កម្មករ​ពី​រោងចក្រ​ផ្សេងៗ​ច្របូកច្របល់​គ្នា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។