ស្វាយរៀងៈ កម្មករ-កម្មការិនី ​រោងចក្រ​កាត់ដេរ​ស្បែក​ជើង KINGMAKERS-Footwear Co., Ltd ប្រមាណ​ជាង ២ ០០០ នាក់ នៅ​ក្រុង​បាវិត បាន​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល ៥០ ភាគរយ ដល់​ពួកគេ​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យួរ​ការងារ​របស់​ពួកគេ​រយៈពេល ១ ខែ​ដែល​ការព្យួរ​ការងារ​នេះ ត្រូវ​បាន​ភាគី​រោងចក្រ ពន្យល់​ថា ដោយសារ​តែ​គ្មាន​អ្នក​បញ្ជា​ទិញ។

រោងចក្រ​កាត់ដេរ​ស្បែកជើង​របស់​ជនជាតិ​តៃវ៉ាន់​ខាងលើនេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន ស្ថិត​ក្នុង​សង្កាត់​ក្រុង​បាវិត។ កាល​ពី​កន្លង​មក​នេះ រោងចក្រ​បាន​ទទួល​ផលិត​ស្បែក​ជើង​ម៉ាក​ល្បីៗ​ជាច្រើន​ប្រភេទ ពិសេស​ម៉ាក ASICS សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន និង​បាន​ផ្ដល់​ការងារ​ដល់ក​ម្មករ-កម្មការិនី​កម្ពុជា​សរុប ២ ១៨០ នាក់​ផង​ដែរ។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​មុន ម្ចាស់​ម៉ាក​ដ៏ល្បីៗ​ទាំង​នោះ បាន​បញ្ឈប់​ការ​បញ្ជា​ទិញ​ដោយ​តក់​ក្រហល់​ពី​រោងចក្រ​នេះ ធ្វើ​ឲ្យ​ចង្វាក់​ផលិតកម្ម នៅ​ក្នុង​រោងចក្រ​នេះ​ជួប​នូវ​បញ្ហា​រាំង​ស្ទះ​យ៉ាង​ខ្លាំង។

ក្នុងពេល​ស្វែងរក​ដៃគូ​ថ្មី​គឺ​អ្នកបញ្ជា​ទិញ មិនទាន់បាន ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​នេះ បាន​សម្រេច​ប្រកាស​ព្យួរ​ការងារ​កម្មករ-កម្មការិនី ក្នុង​រយៈពេល ១ ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២០ ខែ​មករា ដល់​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ជាមួយ​នឹង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ១៣ ដុល្លារ ដល់ក​ម្មករ-កម្មការិនី​ម្នាក់។ ប៉ុន្តែ​ក្រុម​កម្មករ​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ពួកគេ​ក្នុង​ម្នាក់ ៥០ ភាគរយ​នៃ​ប្រាក់​ខែ​គោល។ នេះ​បើ​តាម​មន្ត្រី​ក្រុមហ៊ុន និង​តំណាង​កម្មករ។

លោក​ អន សា​ខន អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ម្សិលមិញ​ថា បន្ទាប់​ពី​កម្មករ​នាំគ្នា​ធ្វើការ​តវ៉ា​អស់​រយៈពេល ២ ថ្ងៃ​រួច​មក​ខាង​ភាគី​រោងចក្រ នៅ​ថ្ងៃទី ១៥ ខែ​មករា​កន្លង​មក​នេះ តាមរយៈ​ការ​ចរចា​ជាមួយ​តំណាង​សហព័ន្ធ​សហជីព​របស់​លោក​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​តំណាង​មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដាល​មុខវិជ្ជា​ជីវៈ​ខេត្ត​ស្វាយរៀង និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន បាន​សម្រេច​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ១៧ ដុល្លារ បន្ថែម​ទៀត ដល់ក​ម្មករម្នាក់ៗ​ក្នុង​អំឡុង​ពេល​នៃ​ការព្យួរ​ការងារ​នេះ។ ប៉ុន្តែ​ភាគី​កម្មករ​នៅ​តែ​មិន​យល់​ព្រម និង​នាំគ្នា​បន្ត​ធ្វើ​ការ​តវ៉ា​ទាមទារ​ដែល​គិត​មក​ដល់​រសៀល​ថ្ងៃ​ម្សិលមិញ មាន​រយៈពេល​ជាង ៤ ថ្ងៃ​មក​ហើយ។

លោក​បញ្ជាក់ថា៖ «ខាង​កម្មករ ពួកគាត់​អះអាងថា ពួកគាត់​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ឈ្នួល​បន្ទប់ និង​ថ្លៃ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​មាន​ការ​ត្បិត​ត្បៀត​បំផុត យ៉ាង​ហោច​ណាស់​ក៏​អស់ ៧៥ ដុល្លារ​ដែរ ក្នុង ១ ខែ ដូច្នេះ​ការ​ឧបត្ថម្ភ​ត្រឹម ៣០ ដុល្លារ ក្នុង ១ ខែ ពិត​ជា​មិន​គ្រប់​គ្រាន់​នោះ​ទេ ដោយ​ពួកគាត់​នៅ​តែ​សុំ​ឲ្យ​ខាង​សហជីព​យើង​ជួយ​អន្តរា​គមន៍​តវ៉ា​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់​ក្នុង​ម្នាក់ៗ ៥០ ភាគរយ​នៃ​ប្រាក់​ខែ​គោល»។

លោក​ សា​ខន បាន​បន្តថា ទោះជា​បែបណា​ក្ដី ភាគី​រោងចក្រ នៅ​មិនទាន់​ផ្ដល់​សញ្ញា​វិជ្ជមាន​ថ្មី​ទៀត ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ភាគី​កម្មករ​នោះ​ទេ ខណៈ​ខាង​មន្ទីរ​ការងារ បាន​ប្រកាស​ថា នឹង​រៀបចំ​បញ្ជូន​សំណុំ​រឿង​វិវាទ​ការងារ​នេះ​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

ជុំវិញ​ករណីនេះ លោក វង្ស សំណាង តំណាង​ភាគី​រោងចក្រ​កាត់ដេរ​ស្បែក​ជើង KINGMAKERS-Footwear Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ពិត​ក្រុម​កម្មករ​សុទ្ធ​តែ​បាន​ដឹង​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​ក្រុមហ៊ុន​ដែល​ក្នុង​មួយ​រយៈកាល​កន្លង​មក​នេះ សឹង​គ្មាន​ការងារ​សម្រាប់​ផ្ដល់​ឲ្យ​ពួកគេ​ធ្វើ។

លោក​បាន​បញ្ជាក់​ថា៖ «កម្មករ​គួរ​តែ​មាន​ការ​យោគ​យល់​ចំពោះ​ក្រុមហ៊ុន​ដែល​កំពុង​ប្រឈម​ចំពោះ​កង្វះ​អ្នក​បញ្ជា​ទិញ។ ទោះ​យ៉ាង​ណា​ក្រុមហ៊ុន​បាន​ប្រឹងប្រែង​ស្វែងរក​ដៃគូ​អ្នក​បញ្ជា​ទិញ​ថ្មី​ទៀត ដើម្បី​ផ្ដល់​ការងារ​ដល់​ពួកគាត់ ពោល​គឺ​ក្រោយ​ថ្ងៃ​បរិច្ឆេទ​នៃ​ការ​ព្យួរ​ការងារ​របស់​ពួកគាត់​រយៈពេល ១ ខែ ដែល​បាន​កំណត់​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​កន្លង​មក​នេះ»។

បើតាម​សម្ដី​លោក​សំណាង នៅពេលថ្មីៗនេះ ខាង​ភាគី​រោងចក្រ បាន​ទាក់ទង​ទៅ​អ្នក​បញ្ជា​ទិញ​ថ្មី​ទៀត បន្ទាប់​ពី​ម្ចាស់​ម៉ាក ASICS ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន​បាន​ដក​ការ​បញ្ជា​ទិញ​ពី​ខ្លួន។

កម្មករ​​បន្ត​តវ៉ា​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេសនៅ​​ក្រុង​បាវិត​ពីម្សិល​មិញ​។សហការី

ជា​លទ្ធផល មាន​ម្ចាស់​ម៉ាកថ្មីៗមួយចំនួន​បាន​ឆ្លើយតប​ជា​វិជ្ជមាន​មក​ខាង​ភាគី​រោងចក្រ​ថា ពួកគេ​នឹង​ដាក់​ការ​បញ្ជា​ទិញ​ពី​រោងចក្រ នៅ​ពេល​ខាង​មុខ​នេះ ដែល​យ៉ាង​យូរ​បំផុត​នៅ​ដំណាច់​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក​បាន​បន្ថែមថា៖ «ក្រុមហ៊ុន​ប្រកាន់​ជំហរ​របស់ខ្លួន ក្នុងការ​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៣០ ដុល្លារ​ដល់​កម្មករ​ម្នាក់ៗ​ក្នុង​អំឡុង​ពេល​នៃ​ការព្យួរ​ការងារ​នេះដោយឡែក​ក្នុង​អំឡុងពេល​នៃ​ការធ្វើ​កូដកម្ម​នេះ ក្រុមហ៊ុន​នឹង​កាត់​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​របស់​ពួកគេ​វិញ​ដោយ​មិន​រាប់បញ្ចូល​នូវ​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗនោះទេ»។

លោក​សំណាង បាន​និយាយទៀតថា ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​នៅក្នុង​រោងចក្រ​នេះ ក្នុងម្នាក់ៗសម្រាប់​ឆ្នាំ ២០១៩ នេះ​គឺ​ជាង ១៨០ ដុល្លារ ហើយ​បើ​បូក​បន្ថែម​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូចជា ថ្លៃ​អាហារ​ថ្ងៃត្រង់ ២០០០ រៀល​ក្នុង ១ ថ្ងៃ ថ្លៃ​ធ្វើដំណើរ១៣ដុល្លារ និង​ថ្លៃ​សេវា​សុខភាព​ទៀត​នោះ​សរុប​ជាង ២០០ ដុល្លារ​ក្នុង ១ ខែ។

ទាក់ទិន​នឹង​ជម្លោះ​ការងារ​នេះ នៅ​ថ្ងៃ​ម្សិលមិញ លោក អ៊ូ សា​ខឿន អនុ-ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ដោះស្រាយ​វិវាទ​ការងារ​របស់លោក​បាន​ព្យាយាម​សម្របសម្រួល​គូវិវាទ​ទាំង ២ ភាគី​ឲ្យ​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​ដែរ តែ​ភាគី​កម្មករ​ហាក់ដូច​ជាមាន​ភាពរឹងត្អឹង​បន្តិច ខណៈ​ភាគី​ក្រុមហ៊ុន​បានសម្រេច​ផ្ដល់​បន្ថែម ១៧ ដុល្លារ​ពីលើ​ការសម្រេច​របស់ខ្លួន​ក្នុង​ថ្ងៃ​ដំបូង​ដែលមាន​ត្រឹមតែ ១៣ ដុល្លារ​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «ក្នុងអំឡុងពេល​នៃ​ការព្យួរ​ការងារ​រយៈពេល ១ ខែ​នេះ ភាគី​ក្រុមហ៊ុន​បាន​យល់ព្រម​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ក្នុងម្នាក់៣០ដុល្លារ ប៉ុន្តែ​ក្រុមកម្មករ​នៅតែ​មិន​យល់ព្រម និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់ប្រាក់​ឧបត្ថម្ភ ៥០ ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល [ប្រាក់ខែ​គោល] ដល់​ពួកគាត់។ នៅពេលនេះ​ក្រុមការងារ​យើង​កំពុង​បន្ត​ធ្វើការ​ឃ្លាំមើល និង​សម្របសម្រួល​ដល់​ភាគី​ទាំង ២ ប៉ុន្តែ​បើ​ពួកគេ​នៅតែ​មិន​សះជា យើង​នឹង​កសាង​សំណុំរឿង​នៃ​វិវាទ​ការងារ​នេះ​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី»។

លោក​ សា​ខឿន បាន​បន្តថា ទោះបី​យ៉ាងណាក្ដី ការធ្វើ​កូដកម្ម​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ ពុំមាន​អំពើហិង្សា​កើតឡើង​នោះទេ ពោលគឺ​ក្រុមកម្មករ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី៕