កណ្ដាលៈ ​កម្មករ​រោង​ចក្រ នូវ ខ​ប​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជើង​អក ឃុំ​លំហាច​ ស្រុក​អង្គ​ស្នួល​ ខេត្តកណ្តាល​ ប្រមាណ​ជាង ៤០០​ នាក់​ អះ​អាង​ថា​ នឹង​ប្រ​មូល​ផ្តុំគ្នា​ នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ត​ទៀត​ ដើ​ម្បី​តវ៉ា​ទាមទារ​ឲ្យ​ថៅ​កែ​រោង​ចក្រ​ទូទាត់​ប្រាក់​អត្ថ​ប្រ​យោ​ជន៍​​នា​នា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ក្រោយ​ពីរោង​ចក្រ​នេះ ​មិន​មាន​លទ្ធ​ភាព​បន្ត​កិច្ច​សន្យា​ការងារ​ជា​មួយ​កម្មករ។​ ​

ជា​មួយ​នឹង​បន្ត​ការ​តវ៉ា​នេះ​ មន្ទីរ​ការងារ​ និង​ភា​គី​ពាក់​ព័ន្ធ​នឹង​ជួប​ពិ​ភាក្សាគ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះដែរ​​ ដើម្បី​ស្វែង​រ​ក​​ដំណោះស្រាយ​ ជូន​កម្មករ​ ដែល​នៅ​សេសសល់​ បន្ទាប់​ពី​មាន​ការ​ចុះ​សម្រប​សម្រួល​ម្តង​រួច​មក​ហើយ​ តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​កាល​ពី ថ្ងៃ​ព្រហស្បតិ៍។​

​លោក​ ខែ​ន សុ​ភ័​ណ្ឌ ​វ័យ ​៣១​ ឆ្នាំ​ ជា​កម្មករ​ផ្នែក​ម៉ា​ស៊ីន​​ក្នុង​រោ​ង​ចក្រ​នេះតាំង​ពី​ឆ្នាំ​​ ២០០៨​ ក្នុង​ចំណោមកម្មករ​ដទៃ​ទៀត​ដែល​មិន​ព្រម​ទទួល​សំណង​ឲ្យ​ដឹង​​ថា ​កន្លង​មក​រោង​ចក្រ ​នូវ​ ខ​ប ​ពុំ​មា​ន​ការងារ​ឲ្យ​កម្មករ​កម្មកា​រិនី​ធ្វើ​នោះ​ទេ​ ដោយ​តម្រូវ​ឲ្យ​កម្មករ​មួយ​ចំនួន​យកកម្រៃ ៥០%​ រយៈ​ពេល​ ១ ​ខែ​កន្លះ។​

លោក​បន្ត​ថា​ ក្រោយ​មក​ក៏​បាន​ប្រកាស​ព្យួរ​ការ​ងារ​រយៈ​ពេល​ ២ ​ខែ​ និង​បាន​ជូនដំណឹង​ដល់​កម្មករ​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ​ នៅ​ថ្ងៃទី ​២៦​ ខែ ​មិថុនា ​ឆ្នាំ ​២០១៩​។​ លុះ​ដល់​ថ្ងៃ​កំណត់ចូល​ធ្វើការ​ងារ​វិញ​ ខាង​ក្រុម​ហ៊ុន​មិន​បាន​ជូន​ដំណឹង​ដល់​កម្មករ​កម្មកា​រិនី​ថា​ បិទ​រោង​ចក្រ ​ឬ​ក៏​បើក​រោង​ចក្រ​នោះ​ទេ​ បែរ​ជា​ឲ្យ​ពួក​គាត់​ជា​កម្មករ​ ទទួ​ល​យក​អត្ថ​ប្រយោជ​ន៍​តិច​តួច​ ដោយ​គិត​ទូទាត់​លុយ​ឲ្យ​កម្មករ​ចន្លោះ​ពី​ ៣២០$ ​ទៅ ​៤​៥០$ ​ក្នុង​ម្នាក់ៗ​ មិន​ថា​កម្មករ​ថ្មី ឬ​ចាស់​នោះ​ទេ។​

​លោក​បញ្ជាក់​ថា​៖​ ​«​ក្រោយ​ការ​ប្រកាស​នេះ ​ក៏​មា​ន​កម្មករ​មួយ​ចំនួន​ បាន​ទទួល​យក​សំណង​ ដែល​រោង​ចក្រ​បាន​ផ្តល់​ឲ្យ ជា​ថ្នូរ​នឹង​ការ​បញ្ចប់​កិច្ច​សន្យា។​ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ព្រម​ទេ ព្រោះ​អតីត​ភាព​ការងារ​របស់​ពួក​ខ្ញុំ​មាន​ច្រើន​ណាស់។ ខ្ញុំ​មិន​យក​ទេ ទោះ​លើ​ច្បាប់​ក៏​ខ្ញុំ​មិន​យក​ ក្រោម​ច្បាប់​ ក៏​ខ្ញុំ​មិន​យក​ដែរ​ ធ្វើ​ម៉េច​គិត​គូរ​​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ទៅ»។​ ​

​លោក​ មុំ​ សៀក​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ស្មារតី​កម្មករ​ខ្មែរ​ ដែល​ត្រូវ​បាន​កម្មករ​មួយ​ចំនួ​ន​ បោះ​ឆ្នោត​ឲ្យ​ជួយ​ទាម​ទារ​លក្ខ​ខណ្ឌ​ការងារ​ជូន​ខ្លួន​នៅ​ក្នុង​រោង​ចក្រ​នេះ​ បាន​អះអាង​ថា​ វា​ជា​រឿង​មិន​សម​ហេតុ​ផល​នោះ​ទេ​ នៅ​ពេល​ដែល​រោង​ចក្រ​ គ្មាន​លទ្ធ​ភាព​ផ្តល់​ការងារ​ឲ្យ​កម្មករ​ ហើយ​បែរ​ជា​តម្រូវ​ឲ្យ​កម្មករ​ទទួល​សំណង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ជា​ថ្នូរ​នឹង​ការ​បញ្ចប់​កិច្ច​សន្យា​នោះ។​ ​

​លោក​បញ្ជាក់​ថា​៖​ ​«​ជា​រួម​បើ​គិត​តាម​ច្បាប់​ ពួក​គាត់​ អាច​ទទួល​បាន​ប្រាក់​បញ្ចប់​កិច្ចសន្យា​ច្រើន​ជាង​នេះ»។ ​​

​ម្ចាស់​រោង​ចក្រ​ ដែល​កម្មករ​អះអាង​ថា​ ជា​ជន​ជាតិ​កូរ៉េ​នោះ​មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ម្សិល​មិញ​។​ ប៉ុន្តែ​បើ​តាម​ការ​អះ​អាង របស់​ប្រធាន​សហ​ព័ន្ធ​សហ​ជីព​មិត្ត​ភាព​កម្មករ​ លោក​ សៀង​ សម្បត្តិ​ ដែល​ជា​តំណាង​សហ​ជីព​នៅ​ក្នុង​រោង​ចក្រ​ នូ​វ​ ខប​នេះ ​បាន​អះអាង​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ កា​រ​ប្រកាស​ឲ្យ​កម្មករ​ទទួល​សំណង​ក្នុងការបញ្ចប់​កិច្ច​សន្យា​នេះ​ ព្រោះ​តែ​រោង​ចក្រ​មិន​មាន​កា​រ​បញ្ជា​ទិញ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចង្វាក់​ផលិត​កម្ម​ ជួប​បញ្ហា​ ដែល​មិន​អាច​បន្ត​បាន។​ ​

យ៉ាងណា ​ក្នុង​នាម​លោក​ ជា​សហជីព​ បាន​ព្យាយា​ម​ដោយ​ធ្វើ​យ៉ាង​ណា ​ឲ្យ​ថៅ​កែ​រោង​ចក្រ​ ព្រម​ទទួល​ខុស​ត្រូវ​ចំ​ពោះ​កម្មករ ខណៈ​មាន​កម្មករ​ប្រមាណ ​១ ០០០​ នាក់​ ហើយ​ ដែល​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ។​

​លោ​ក​បញ្ជាក់​ថា​៖​ ​«​ពួក​ខ្ញុំ​បាន​ព្យាយាម​ចរចា​យ៉ាង​ណា​ឲ្យ​កម្មករ​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ច្រើន​ ព្រោះ​បើ​ភាគី​រោង​ចក្រ​មិន​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​នោះ​ទេ​ វា​នឹង​ពិបាក​ដល់ក​ម្មករ​ ព្រោះ​យើង​មិន​ចង់​ឲ្យ​ថៅកែ​រត់​ចោល​រោងចក្រ​នោះ​ទេ»។​ ​

​លោក ថុ​ន នាង​ ប្រធាន​មន្ទី​រការងារ​ខេត្ត​កណ្តាល ​បាន​ឲ្យ​ដឹងថា​ ក្រោយ​ការ​សម្រប​សម្រួល​ ភាគី​ទាំង​សង​ខាង ​បាន​យល់ព្រម​បន្ត​ការ​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។

​លោក​ បញ្ជាក់​ថា ​​នៅ​មា​ន​ជាង​ ៤០០ ​នាក់​ នៅ​មិន​ទាន់​សុខ​ចិត្ត​ ដែល​ត្រូវ​​បន្ត​ដោះស្រាយ​ទៀត។

លោក​ ថុ​ន​ នាង​ មិន​បាន​បញ្ជាក់​ទេ​ថា ​សំណង​ដែល​ភាគី​រោង​ចក្រ​ សម្រេច​ផ្តល់​ឲ្យ​កម្មករ​ចន្លោះ​ពី​ ៣២០ ដុល្លារ ​ដល់​ ៤៥០​ ដុល្លារ​នោះ​ ត្រឹមត្រូវ​ឬ​យ៉ាង​ណា ​លុះ​ត្រា​តែ​បាន​ជួបជាមួយ​នឹង​ថៅ​កែ​រោង​ចក្រ​និង​ពិនិត្យ​លើ​ឯក​សារ​របស់​កម្មក​រ​នី​មួយៗ​ ​ទើប​អាច​គណនា​បាន។​

តា​ម​ការ​អះអាង​របស់​កម្មករ​ និង​សហ​ជីព​ បាន​ឲ្យ​ដឹង​ថា​ រោង​ចក្រ ​នូវ ខ​ប បាន​បើកដំណើរ​ការ​តាំង​ពី​ឆ្នាំ​ ២០០៦ ដែល​មាន​កម្មករ​ប្រមាណ ​១ ៤០០ ​នាក់​ ហើយ​សម្លៀក​បំពាក់​ដែល​ផលិត​បាន​ គឺ​ធ្វើ​ការនាំ​ចេញ​ទៅ​ស​ហ​រដ្ឋ​អាមេ​រិក ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​គ្មាន​ការ​បញ្ជា​​ទិញ​ ទើប​បណ្តាល​ឲ្យ​ថៅកែ​ប្រកាស​ព្យួរ​ការងារ៕