ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​បិទ​បញ្ចប់​ការ​ត្រួត​ពិនិត្យ​សុខភាព​កម្មករ ដោយ​ក្នុង​រយៈ​ពេល ​៥ ថ្ងៃ​កន្លង​មក​នេះ មាន​កម្មករ​ជាង ៥ ពាន់​នាក់ បាន​មក​ទទួល​ការ​ត្រួត​ពិនិត្យ ហើយ​ក្នុង​នោះ​សំណាក​កម្មករ​ចំនួន ​១២៥ នាក់ ត្រូវ​បាន​យក​ទៅ​ពិនិត្យ​បន្ត ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​ពី​ជំងឺ​កូវីដ ​១៩​។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី ២៤ ខែ​មេសា ​ឱ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​សុខភាព​ដែល​មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ​២០ ដល់ ថ្ងៃទី ២៤ ខែ​មេសា ​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​។

សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​​ថា ក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ពិនិត្យ​សុខភាព​កម្មករ​ចំនួន ៥ ០៤៥ នាក់ ដោយ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ ១៤ ថ្ងៃ ​ចំនួន ៤ ៨២៣ នាក់ និង​ដាក់​ឱ្យ​ស្នាក់នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត ​១ ចំនួន ​៩៧ នាក់ ព្រម​ទាំង​ដាក់​ឱ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​​កម្រិត ​២ ចំនួន ១២៥ ​នាក់។

ក្រសួង​បញ្ជាក់​ថា៖ «គិត​ចាប់​ពី​យប់​ថ្ងៃទី ៩ ខែមេសា ដល់​ថ្ងៃទី ២៤ ខែ​មេសា​​ គឺ​មាន​រយៈពេល​លើស ១៤ ថ្ងៃ​ហើយ ក្នុង​អំឡុង​ពេល​នេះ​ក្រសួង​សុខាភិបាល​ក៏​ពុំ​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ ថ្មី និង​យោង​លទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្ត​សំណាក​ទាំង ១២៥ ​ករណី​។

ក្រសួង​សម្រេច​បញ្ចប់​ការ​ត្រួត​​ពិនិត្យ​សុខភាព ដោយ​រក្សា​ទុក​តែ​មណ្ឌល​ចត្តាឡីស័ក​កម្រិត ​២ ​ក្នុង​វិទ្យាល័យ​ជម្ពូវន្ត ដើម្បី​បន្ត​​តាមដាន​ស្ថានភាព​សុខភាព​កម្មករ​ចំនួន ២០ នាក់​ត​ទៀត រហូត​ដល់​ស្ថានភាព​សុខភាព​អ្នក​ទាំង​នេះ​អាច​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​បាន»។

ក្រៅ​ពី​នេះ ក្រសួង​ការងារ​បាន​ប្រកាស​ដល់​កម្មករ កម្មការិនី អាច​ទាក់ទង​ទៅ​ក្រសួង​សុខាភិបាល​តាមរយៈ​លេខ ១១៥ ឬ​​ទូរស័ព្ទ​លេខ ០១២ ៨២៥ ៤២៤ ក្នុង​ករណី​ដែល​មាន​អាការ​សង្ស័យ​ណា​មួយ បើ​ទោះ​មាន​ការ​បិទ​បញ្ចប់​មណ្ឌល​ត្រួត​ពិនិត្យ​​សុខភាព​កម្មករ​រោងចក្រ​ទាំង ១០ កន្លែង​នេះ​ក៏​ដោយ។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ថ្លែង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ នៅ​មាន​បងប្អូន​កម្មករ​ចំនួន ៦ រូប​ប៉ុណ្ណោះ ដែល​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​កម្រិត ២ ដើម្បី​តាម​ដាន​សុខភាព​បន្ត។

លោក​ថា៖ ​«​យើង​បាន​ផ្សព្វផ្សាយ​ជា​សាធារណ: និង​ចំហ ចំពោះ​ការ​ពិនិត្យ​សុខភាព​នេះ ដូច្នេះ​បងប្អូន​គួរ​សហការ​ចេញ​មក​ពិនិត្យ​សុខភាព។ ទោះ​យ៉ាង​ណា​គិត​ត្រឹម​ថ្ងៃ ​(អាទិត្យ) នេះ​កម្រិត​ហានិភ័យ​របស់​បងប្អូន​កម្មករ​រោងចក្រ​នៅ​​​ភ្នំពេញ គឺ​បាន​វិល​មក​​ភាព​ប្រក្រតី​វិញ​ហើយ...»៕