កំពង់ស្ពឺៈ ​កម្មករ​រោងចក្រ ម៉ូណូភា (​ខេមបូឌា) Monopia(Cambodia) ប្រមាណ​ជាង​ ៦០០ ​នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​ពួកគេ​​ចំនួន​ ២​ នាក់​ ឲ្យ​ចូលធ្វើការ​វិញ ខណៈ​មន្ត្រី​សម្របសម្រួល​ស្នើ​ឲ្យ​មាន​ការចរចា​ដោយ​សន្ដិវិធី​ចៀសវាង​ប្រើ​អំពើហិង្សា​។

លោក ចឹក បូរិន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​កាលពី​ព្រឹក​ម្សិលមិញ​មាន​កម្មករ​ប្រមាណ​ជាង​ ៦០០ ​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​រោងចក្រ​។ ​លោក​បន្តថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ មន្ត្រី​នៃ​មន្ទីរ​ការងារ​ក៏បាន​ចុះទៅ​ដល់​រោងចក្រ និង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទទួល​ពាក្យបណ្តឹង​ពី​កម្មករ និង​ធ្វើការ​សម្របសម្រួល​។

ទោះយ៉ាងណា​លោក បូរិន អះអាង​ថា​ក្នុង​នាម​ជា​មន្ត្រី​សម្របសម្រួល​លោក​សុំ​ឱ្យ​ភាគី​ទាំង​ ២ បន្ត​ការចរចា​គ្នា​ដោយ​សន្តិវិធី​ និង​ចៀសវាង​ការប្រើ​អំពើហិង្សា​ដាក់គ្នា​។

លោក​បញ្ជាក់ថា​៖ «​ការចុះ​ទៅ​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាងម៉េច​ទេ ព្រោះ​យើង​បាន​ជួប​ជាមួយ​កម្មករ និង​ថៅកែ ហើយ​ជំហរ​របស់​ពួកគាត់​នៅ​រឹង​រៀងខ្លួន​នៅ​ឡើយ​។ ​យើង​បាន​ពាក្យបណ្តឹង​អស់​ហើយ​ដូច្នេះ​យើង​នឹង​ធ្វើការ​សម្របសម្រួល​បន្តទៀត​»​។

តំណាង​កម្មករ​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ក្នុង​រោងចក្រ ម៉ូណូភា (​ខេមបូឌា​) នេះ​មាន​ឈ្មោះ នូវ ចន្ថា ជា​ប្រធាន​សហជីព​សេរី​ឯករាជ្យ និង​លោក​ អឿន ចាន់នី ជា​ហេរញ្ញិក​នៃ​សហជីព​សេរី​ឯករាជ្យ​។ នេះ​បើ​តាម​តំណាង​កម្មករ​។

លោក អឿន ចាន់នី ជា​តំណាង​​កម្មករ​ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​ក្រុមកម្មករ​ទទួលបាន​ព័ត៌មាន​ពី​ការបញ្ឈប់​ពួកលោក​កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​ ឆ្នាំនេះ ​គឺពួកគេ​ស្ទើរតែ​ជិត​ ៨០ ​ភាគរយ ​នៃ​កម្មករ​ចំនួន​ជិត​ ៩០០ ​នាក់​ ក្នុង​រោងចក្រ​នេះ​បាន​ផ្តុំគ្នា​តវ៉ា​។

ទោះជា​យ៉ាងណា​លោក​ថា​ការតវ៉ា​ទាំងនេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុមកម្មករ​ផ្ទាល់ មិន​មាន​ការអំពាវនាវ​ពី​ពួកលោក​នោះ​ទេ ព្រោះ​ពួកគេ​យល់ឃើញ​ថា​ការបញ្ឈប់​ពួកគាត់​គឺជា​រឿង​អយុត្តិធម៌ ហើយ​កម្មករ​ចង់​ទាមទារ​ឱ្យ​ថៅកែ​ទទួល​យក​ពួកលោក​ឱ្យ​ចូល​ធ្វើការ​វិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​បានដាក់​ពាក្យបណ្តឹង​ហើយ បើ​មិនមាន​ការចរចា យើង​នឹង​រង់ចាំ​មើល​បន្តទៀត​។ ​សំខាន់​គោលដៅ​យើង យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ដែល​រោងចក្រ​បាន​ចោទប្រកាន់ ដូច្នេះ​កម្មករ​ដែល​ស្រឡាញ់​យើង​នៅ​តែ​ប្រមូល​​ផ្តុំ​គ្នា​តវ៉ា ហើយ​ការតវ៉ា គឺ​ផ្តើមឡើង​ដោយ​ខ្លួន​គាត់ យើង​មិន​បាន​បំផុសបំផុល​នោះទេ​»​។

លោក អឿន ចាន់នី បាន​បញ្ជាក់ថា ក្រោយពី​ការប្រមូល​ផ្តុំ​គ្នា​មួយ​ព្រឹក​ពី​ម្សិលមិញ ក្រុមកម្មករ​បាន​ប្រកាស​ថា​នៅ​ថ្ងៃ​សុក្រ​នេះ ពួកគេ​នឹង​បន្ត​ការប្រមូល​ផ្តុំគ្នា​នៅ​មុខ​រោងចក្រ​ទៀត​ដើម្បី​ជា​ការដាក់​សម្ពាធ​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​ទទួល​យក​ពួកលោក​ទាំង​ ២ ​នាក់​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​រក​ប្រភព​ទាក់ទង​ថៅកែ​រោងចក្រ​ម៉ូណូភា​ (​ខេមបូឌា​) ​ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​បើ​តាម​លោក ចឹក បូរិន ដែល​បាន​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​ថៅកែ​រោងចក្រ បាន​ឱ្យ​ដឹងថា​ភាគី​រោងចក្រ​បានសម្រេច​បញ្ឈប់​តំណាង​ ២ ​រូប​ ដោយ​លើក​ហេតុផល​ថា ពួកគេ​មិន​បាន​បំពេញ​ការងារ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​បាន​ប្រើប្រាស់​ពាក្យសម្តី​ខ្លាំងៗ​មក​កាន់​ថៅកែ​ដែល​ជា​ហេតុនាំឱ្យ​ថៅកែ​បញ្ឈប់​ពួកគេ​។ ប៉ុន្តែ​យ៉ាងណា​ចំពោះ​ការអះអាង​នេះ​ត្រូវ​បាន​តំណាង​កម្មករ​ទាំង​ ២ ​នាក់​បដិសេធ​៕