ភ្នំពេញៈ កម្មករនិយោជិតជិត ២ ពាន់​នាក់ ក្នុង​ឆ្នាំ ២០១៨ បាន​រង​គ្រោះ​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ដែល​កើត​ឡើង​ចំនួន ១៦៩២ ករណី ក្នុង​នោះ​បណ្តាល​ឲ្យ​កម្មករ​ស្លាប់ ៤០ នាក់ របួស​ធ្ងន់​ជាង ៣០០ នាក់ ហើយ​ចំនួន​នេះ​បាន​ថយចុះ ខណៈ​ករណី​ដួល​សន្លប់​នៅ​តាម​រោងចក្រ​កើត​ឡើង​ជិត ២ ពាន់​នាក់ ប៉ុន្តែ​កើន​ឡើង​ជាង ៤៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧។ នេះ​បើតាម​របាយ​ការណ៍ឆ្នាំ ២០១៨ ផ្សាយ ពី​ម្សិលមិញ។

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារ ដែល​ផ្សព្វផ្សាយ កាល​ពី​ថ្ងៃ​អង្គារ​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ផ្លូវគោក កើត​ឡើង​លើ​កម្មករ​និយោជិត នៅ​ឆ្នាំ ២០១៨ មាន​ចំនួន ១ ៦៩២ ករណី មាន​ជន​រង​គ្រោះ ១ ៨៩៤ នាក់ ដែល​បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៤០ នាក់ និង​របួស​ធ្ងន់ ៣៤៩ នាក់ របួស​ស្រាល ១ ៥០៥ នាក់។

របាយការណ៍​បន្តថា «ក្នុងនោះ គ្រោះថ្នាក់​ដោយ​ម៉ូតូ​ចំនួន ១៥៦៥ ករណី គ្រោះ​ថ្នាក់​ដោយ​រថយន្ត ២៧ ករណី ហើយ​រថយន្ត​ដឹក​កម្មករ​ចំនួន ១៨ ករណី គ្រោះ​ថ្នាក់​ដោយ​រ៉ឺម៉ក​ចំនួន ១២ ករណី គ្រោះ​ថ្នាក់​ដោយ​កង់​ចំនួន ១៩ ករណី គ្រោះ​ថ្នាក់​ថ្មើរជើងចំនួន​៨៦​ករណី​ និង​គ្រោះថ្នាក់​បង្កដោយ​រថភ្លើង​ចំនួន ១ ករណី»។

របាយការណ៍​ដដែល​ថា ​«មូល​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​លើ​កម្មករ​និយោជិត ​ក្នុង​ឆ្នាំ ២០១៨ ​ដោយសារ​ការបើកបរ​ហួស​ល្បឿន​កំណត់ ៤០%​ ការ​ជែង ២៤% ​មិន​គោរព​សិទ្ធិ​អាទិភាព​ ១៧%​ និង​បច្ចេកទេស​យានយន្ត ១៨%»។

គ្រោះថ្នាក់​ចរាចរ​ណ៍លើក​ម្មក​រ​នេះ​ បើតាម​លោក​ ហេង សុផាន់​ណា​រិទ្ធ​ ប្រធាន​ការិយាល័យ​គោលនយោបាយ​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បញ្ជាក់ថា​ មានការថយចុះ​ប្រមាណ​ជាង ៤៩%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧។

លោក​ សុផាន់​ណា​រិទ្ធ ឱ្យដឹង​ដែរថា​ កម្មករ​បាន​សន្លប់​នៅតាម​រោងចក្រ​ចំនួន​ ១៧ រោងចក្រ ​និង​កម្មករ​​សន្លប់​ចំនួន​ ២១០៩ នាក់។ ចំនួននេះ​ត្រូវបាន​រកឃើញ ​បន្ទាប់ពី​ក្រុមការ​ងារ​បាន​ចុះ​អង្កេត ​និង​សិក្សា​ស្រាវ​ជ្រាវ​ករណី​កម្មករ​​សន្លប់ ​ដើម្បី​ស្វែងរក​មូលហេតុ ​និង​ចាត់ វិធានការ​កែលម្អ​រោងចក្រ​ទាំង​នោះ។

តាម​ការអះអាង​របស់​លោក ​ហេង សុផាន់​ណា​រិទ្ធ បញ្ហា​ដួល​សន្លប់​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ គឺមាន​ការថយចុះ​ចំនួន​ ៥ រោងចក្រ ​ស្មើនឹង​ ២៣% ​និង​កម្មករ​និយោ​ជិត​សន្លប់​កើនឡើង​ចំនួន​ ៥០៦ នាក់ ​ស្មើនឹង​ ៣២%។ ភាគច្រើន​កម្មករ​ដែល​រងគ្រោះ ​គឺ​ផ្តើមចេញ​ពី​កម្មករ​​សន្លប់​តែ​ម្នាក់​ឬ​ ២ នាក់​តែប៉ុណ្ណោះ​ ប៉ុន្តែ​បាន​ឆ្លង​ជំងឺ​ស្នេហ៍​ហ្វូង ​[ឃើញ​​ស្លុត​អារម្មណ៍​សន្លប់​តាម​គ្នា] ។

លោក​បញ្ជាក់ថា​៖ «មូលហេតុ​ចម្បងៗ​ដែល​បណ្តាលឱ្យ​មាន​ករណី​សន្លប់​កើតមាន​ឡើង ​រួម មាន​ដូចជា​បញ្ហា​ចិត្តសាស្ត្រ​សង្គម​មាន​ចំនួន​ ៣៧% ​បញ្ហា​គីមី​​ចំនួន​ ២០% ​បញ្ហា​រូបសាស្ត្រ​​ចំនួន​ ១៥% បញ្ហា​ការងារ​បន្ថែម​ម៉ោង​​ចំនួន​ ១៣% ​បញ្ហា​ជីវសាស្ត្រ​មាន​ចំនួន​ ១១% បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ​មាន​ចំនួន​ ២% ​និង​បញ្ហា​មេកានិចមាន​ចំនួន ២%»។

លោក ​អ៊ុក សមវិទ្យា ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (ប.ស.ស) នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល ​ការងារ​សម្រេចបាន​ឆ្នាំ ២០១៨ កាលពី​ថ្ងៃ​អង្គា​រថា ​បច្ចុប្បន្ន​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​មានកា​រ​រីកចម្រើន​ ក្នុង​នោះ​ក៏មាន​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ផងដែរ ​ស្រប​ពេលដែល​វិនិយោគិន​ទាំង​នៅក្រៅ​ស្រុក​ និង​នៅក្នុង​ស្រុក​បានដាក់​ទុន វិនិយោគ​យ៉ាងច្រើន​នៅ​កម្ពុជា​ ដែល​បាន​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ប្រទេស​បានជា​ច្រើន​ផងដែរ​ក្នុង ១ ឆ្នាំៗ។

លោក​បន្តថា​៖ «ស្របទៅ​នឹង​ការរីកចម្រើន​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​ទៅដល់​សុខភាព ​របស់​កម្មករ​និយោជិត​ ក្នុងពេល​បំពេញ​ការងារ​ដែលជា​ភាព​ប្រឈម ​នៅ​ចំពោះ មុខ​ថែម​ទៀតផង ​ក្នុង​នោះ​ដូចជា​ករណី​គ្រោះថ្នាក់​ការងារ ​ករណី​សន្លប់​ និង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម»។

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា លើក​ឡើងថា ​តាមរយ​:របាយ​ការណ៍​នេះ​ គឺ​បាន​បង្ហាញថា ​បញ្ហា​របស់​កម្មករ​នៅ​កម្ពុជា​នៅតែ​ប្រឈម ​ហើយ​វា​នៅតែ​បន្ត​កើតឡើង​ដដែល​ជា​ដដែល ​ដោយ​មិន​មានការ​ថម​ថយ​បើទោះជា​ពេលខ្លះ ​របាយ​ការណ៍​បានបង្ហាញ​ បញ្ហា​គ្រោះថ្នាក់​ចរា​ចរណ៍ ​និង​ការដួល​សន្លប់​របស់​កម្មករ​ មានការ​ថយចុះ​ក៏ដោយ​ តែ​វា​ស្ថិតក្នុង​អត្រា​មួយ​ខ្ពស់​ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត។

លោក​បញ្ជាក់ថា​៖ «បើទោះ​បីជា​ថយ​ ឬ​មិន​ថយ ​ចំនួន​នេះ​គឺ​មិន​តូច​ទេ​ គឺ​ចំនួន​ធំ ​គួរ​ឲ្យ​ប្រកាសអាសន្ន ​ចំពោះ​បញ្ហា​ដួល​សន្លប់ ​និង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉េចឲ្យ​ខាង​តែ​បាន។ តែ​វិធាន​ការដែល​ដាក់​ចេញ​មក​ គឺ​វា​នៅ​ដដែល​ជា​ដដែល ​និង​មាន​ប្រសិ​ទ្ធ​ភាព​តិចតួច​មែនទែន»។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការងារ​កាលពី​ឆ្នាំ ២០១៨ ​បាន​ឲ្យ​ដឹងថា​ សហគ្រាស ​និង​គ្រឹះស្ថាន​កាត់ដេរ​សរុប​មាន​ចំនួន ​១១៣៩៧​ ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៧ ​ខណៈ​ចំនួន​កម្មករ​រោងចក្រ​កាត់ដេរ មាន​ប្រមាណ ​៧៦៣ ៨២០ នាក់។

លោក ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារបញ្ជាក់ថា ​ប.ស.ស​ នឹងបង្កើន​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរា​ចរណ៍ ​ដល់​អ្នក​បើកបរ​ និងសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​លើ​បច្ចេកទេស​យានយន្ត​បន្ថែមទៀត​ ពីព្រោះ​គ្រោះ​ថ្នាក់​ភាគច្រើន​គឺ​កើតឡើង​ដោយសារ​ការបើក​ជែង​គ្នា។ ការផ្ទុះកង់ ​ឬក៏​ខូច​ចង្កូត​ ឬ​ខូច​ហ្រ្វាំង​គឺ​កើត​ឡើង​តិចតួច​បំផុត។

ចំណែកបញ្ហា​ដួល​សន្លប់​នៅ​តាម​រោងចក្រ ​លោក​បន្តថា​៖​ «ការរក្សា​ចរន្ត​លំហូរ​ចេញ​ចូល​នៃ​ខ្យល់​ឲ្យបាន​ល្អ ​ការរក្សា​ទុក​វត្ថុធាតុ​ដើម​ដែលមាន​ក្លិន​ខ្លាំង​ឲ្យ​បាន​ត្រឹម​ត្រូវ ​ក៏ដូចជា​ការទុក​រយៈពេល​សមរម្យ​ឲ្យ​ថ្នាំ​លាប​ស្ងួត​ល្អ ​អស់​ក្លិន ​ក្រោយ​ពេល​មានការ​ជួសជុល​ជា​កត្តា​នាំឲ្យ​ករណី​រោងចក្រ​ដែលមាន​កម្មករ​ដួល​សន្លប់​មាន​ការ​ថយ​ចុះ»៕