កណ្ដាលៈ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រមាន​ចាត់វិធានការ​ដល់​បណ្តា​រោងចក្រ​ណា ដែល​ឆ្លៀតឱកាស​ព្យួរការងារ​កម្មករ​ក្នុង​គោលបំណង​ផ្សេង​ដែល​មិនមែន​មកពី​មូលហេតុ​ខ្វះ​វត្ថុធាតុដើម ខណៈ​មន្ត្រី​ចុះ​ស៊ើបអង្កេត​ករណី​រោងចក្រ​មួយ​ស្ថិត​នៅ​ខេត្តកណ្តាល ដែល​បាន​ស្នើ​ព្យួរការងារ​កម្មករ​ប្រមាណ​ជិត ៨០០ ​នាក់​។

រោងចក្រ គ្រីស្តាល់ ម៉ាទិន ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​កាលពី​ថ្មីៗ​នេះ​បាន​ស្នើ​ទៅ​ក្រសួង​ការងារ ដើម្បី​ព្យួរការងារ​កម្មករ​ក្នុង​ផ្នែក​ខ្លះ​ដោយ​លើក​មូលហេតុ​ថា​ខ្វះ​វត្ថុធាតុដើម​ដែល​ធ្វើ​ឲ្យ​កម្មករ​ប្រមាណ​ជិត ៨០០​ នាក់​ អាច​នឹងត្រូវ​បាត់បង់​ការងារ​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ៤ ០០០ ​នាក់​ ក្នុង​រោងចក្រ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុមមន្ត្រី​ត្រូវបាន​ចាត់តាំង​ឲ្យ​ចុះទៅ​ស្រាវជ្រាវ ជុំវិញ​ការស្នើ​ព្យួរការងារ​របស់​រោងចក្រ​។

លោក ហេង សួរ បាន​ថ្លែងថា​៖ «​ការចាត់​ឲ្យ​មាន​ការចុះ​ស៊ើបអង្កេត​នេះ​គឺ​ដើម្បី​បង្ការ​​កុំ​ឲ្យ​មាន​បុគ្គល​មួយចំនួន​​ឆ្លៀត​យកចំណេញ ដោយ​យក​លេស​ខ្វះ​វត្ថុធាតុដើម​មក​ធ្វើជា​ដើមហេតុ​នៃ​ការព្យួរ​ការងារ​របស់​កម្មករ តែ​តាមពិត ដើម្បី​គេចចេញ​ពី​ការទទួល​ខុសត្រូវ​ផ្សេង​ពីនេះ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​សុំ​ឲ្យ​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​សេចក្តី​ណែនាំ​ក្រសួង​។ យើង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ជនខិលខូច ដែល​ចង់​ប្រែក្លាយ​ករណី​ព្យួរ​ទៅ​ជា​ករណី​ផ្សេង​»​។

លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្តកណ្ដាល​ដែល​បាន​ចុះ​ទៅដល់​រោងចក្រ​គ្រីស្តាល់​នោះ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រោងចក្រ គ្រីស្តាល់ ម៉ាទិន មាន​កម្មករ សរុប ជាង ៤ ០០០ ​នាក់​ ក្នុង​អគារ​ចំនួន​ ៣ ដោយ​ក្នុង​ការស្នើសុំ​នោះ​គឺ​រោងចក្រ​បាន​ស្នើ​ព្យូរ​ ១ ​អគារ​ដែល​មាន​កម្មករ​ប្រមាណ ៧ ទៅ ៨ ​រយ​នាក់​។

លោក នាង បាន​អះអាង​បន្តថា តាមរយៈ​ចុះទៅ​ដល់​ទីតាំង​រោងចក្រ​គឺ​ពិតជា​បាន​រកឃើញ​ថា មូលហេតុ​ដែល​រោងចក្រ​ស្នើ​ព្យួរ​ផ្នែក​ខ្លះ​នេះ ក៏​ព្រោះតែ​ការខ្វះ​វត្ថុធាតុដើម​ក្នុង​ការផលិត ទើប​ឈាន​ឲ្យ​ម្ចាស់​រោងចក្រ​នេះ​សម្រេចចិត្ត​យ៉ាង​ដូច្នេះ ដោយ​បច្ចុប្បន្ន​មិន​ទាន់​មាន​កម្មករ​ណា​ម្នាក់​តវ៉ា​នោះទេ​។

លោក នាង ថ្លែងថា​៖ «​យើង​កំពុង​ចុះ​អប់រំ​បងប្អូន​កម្មករ​ឲ្យ​ពួកគាត់​បាន​យល់​អំពី​នីតិវិធី​ជុំវិញ​ការព្យួរ​ការងារ​របស់​រោងចក្រ​នេះ​។ មក​ដល់​ពេល​នេះ​មិនទាន់​មាន​កម្មករ​ណា​តវ៉ា​នោះទេ ហើយ​យើង​ក៏​កំពុង​ចុះ​អប់រំ​គាត់ ពី​រឿង​ទទួល​វគ្គបណ្តុះបណ្តាល​នៅក្នុង​អំឡុងពេល​ព្យួរការងារ​ដែរ ដើម្បី​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២០ ភាគរយ​ ពី​រដ្ឋាភិបាល​ផងដែរ​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការដែល​ក្រសួង​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​ស៊ើបអង្កេត​ចំពោះ​រោងចក្រ គ្រីស្តាល់​ ដែល​បាន​ស្នើសុំ​ព្យួរការងារ​នេះ​គឺជា​រឿង​មួយ​ដែល​ប្រសើរ ព្រោះ​ថា​រោងចក្រ​នេះ​មាន​កម្មករ​ច្រើន ដូច្នេះ​អាច​នឹងមាន​ហេតុផល​ផ្សេង​ពីនេះ ខណៈ​ដែល​ព័ត៌មាន​ដែល​លោក​ទទួល​បាន​គឺ​ក្នុងអំឡុងពេល​ព្យួរការងារ​នេះ រោងចក្រ គ្រីស្តាល់​នេះ​ក៏​បាន​ប្រកាស​ដល់​កម្មករ​របស់​ខ្លួន​ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​ទាំងអស់ អាច​ដាក់​ពាក្យសុំ​ឈប់​បាន​ក្នុង​ករណី​ដែល​មិនអាច​រង់ចាំ​ក្នុង​អំឡុងពេល​ព្យួរការងារ​នេះ​។

លោក ធន់ ថ្លែងថា​៖ «​ឥឡូវនេះ​កម្មករ​គ្រីស្តាល់​កំពុងតែ​ជជែក​គ្នា កម្មករ​ខ្លះ​ក៏​ព្យួរ ហើយ​កម្មករ​ខ្លះ ក៏​សម្រេច​ចិត្ត​ឈប់​អ៊ីចឹងទៅ​។ យើង​កំពុង​តាមដាន​រឿងនេះ​ដែរ ដែល​ហេតុអ្វី​បាន​មាន​ការព្យួរការងារ ហើយ​ហេតុអ្វី​បាន​ក្រុមហ៊ុន​នេះ​ចង់​បើក​លុយ​ឲ្យ​កម្មករ បញ្ឈប់​? តើ​នៅ​ពីក្រោយ​ហ្នឹង​មាន​ការងារ​ហើយ នៅ​តែ​បន្ត​ព្យួរការងារ​ឬ​ក៏​យ៉ាងម៉េច​? យើង​មិនទាន់​ដឹង​ទេ​»​។

លោក ធន់ ថ្លែង​ដោយ​បង្ហាញ​ក្ដី​រំពឹងថា ក្នុង​ពេល​ខាងមុខ​ក្រសួង​នឹង​ចុះ​ស៊ើបអង្កេត​រាល់​គ្រប់​រោងចក្រ ដើម្បី​ឲ្យ​ប្រាកដ​ថា រោងចក្រ​ទាំងនោះ​ពិត​ស្នើសុំ​ព្យួរការងារ​កម្មករ​ដោយ​កត្តា​ខ្វះ​វត្ថុធាតុដើម ដោយ​មិនមែន​មកពី​កត្តា​ផ្សេង ខណៈ​លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​រោងចក្រ​ប្រមាណ ៦ ទៅ​ ៧ រោងចក្រ​ហើយ​ដែល​កំពុង​រៀបចំ​នីតិ​វិធី​នៃ​ការព្យួរ​ការងារ​នេះ​។

លោក ហេងសួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​ក្នុង​ខែមីនា​នេះ​មាន​រោងចក្រ​យ៉ាងហោចណាស់​ជិត​ ២០០ អាច​នឹងត្រូវ​ប្រកាស​ព្យួរការងារ​ដោយ​កត្តា​ខ្វះ​វត្ថុធាតុដើម ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​​ប្រមាណ ១៦ ​ម៉ឺន​នាក់​។ តែ​មកដល់​បច្ចុប្បន្ន​មិន​ទាន់​មាន​ផលប៉ះពាល់​ទាំងស្រុង​ណាមួយ​ទេ គឺ​មានតែ​រោងចក្រ​ចំនួន ១០ ប៉ុណ្ណោះ​ដែល​បានស្នើ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ការងារ​៕

វីដេអូ៖