ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញប្រកាសមិនយកកម្រៃលើសេវាធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈរបស់រដ្ឋរយៈពេល ២ ឆ្នាំបន្តទៀត ចំពោះកម្មករ-កម្មការិនី ស្របពេលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋាភិបាលក៏នឹងផ្តល់ការជិះរថយន្តក្រុង និងកាណូតរយៈពេល ៥ ថ្ងៃដោយមិនគិតថ្លៃផងដែរសម្រាប់ប្រជាពលរដ្ឋទូទៅ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាល-រាជធានីភ្នំពេញចុះហត្ថលេខាដោយអភិបាលរាជធានីលោក ឃួង ស្រេង កាលពីថ្ងៃសុក្របានបញ្ជាក់ថាការធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈរយៈពេល ២ ឆ្នាំបន្តដោយមិនគិតថ្លៃនេះនឹងចាប់ពីថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីគម្រោងនេះបានអនុវត្តរយៈពេល ២ ឆ្នាំ រួចមកហើយកាលពីឆ្នាំ ២០១៧។
លិខិតដដែលបន្តថា៖ «ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់កម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី [ហ៊ុន សែន] បានអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវាចំពោះកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាមរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករនឹងទទួលបានសេវានេះភ្លាម»។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏ចេញលិខិតមួយច្បាប់ទៀតនៅថ្ងៃដដែលដោយបង្ហាញអំពីទីតាំងចេញដំណើរទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុងសម្រាប់ប្រជាពលរដ្ឋចំនួន ១២០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានសម្រេចបញ្ចេញរថយន្ដក្រុងទាំងនេះ។ ក្នុងនោះដែរប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវាដូចគ្នាផងដែរ។
អាជ្ញាធរភ្នំពេញបញ្ជាក់ថា៖ «អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
កម្មកររោងចក្រម្នាក់នៅក្នុងរោងចក្រ W&D តាមបណ្តោយផ្លូវចម្ការដូង លោក ប៊ុន គីមសាន ដែលធ្លាប់បានប្រើប្រាស់សេវាកម្មឡានក្រុងរបស់រដ្ឋជាញឹកញាប់បាននិយាយថា វាជារឿងល្អដែលរដ្ឋាភិបាលផ្តល់សេវាកម្មនេះ ដល់កម្មករដោយមិនយកថ្លៃបន្តទៀត។ លោកថា សេវាកម្មនេះពិតជាបានចូលរួមជួយសម្រាលបន្ទុកដល់កម្មករកម្មការិនីដែលកំពុងប្រើប្រាស់សេវាកម្មពិតមែន។
ប៉ុន្តែលោកបញ្ជាក់ថា៖ «ជិះពីរោងចក្រមកផ្ទះពីផ្ទះទៅរោងចក្រគេអត់យកលុយ បើយើងបង្ហាញកាតរោងចក្រដែលយើងកំពុងបំពេញការងាររបស់យើងហ្នឹង។ គេមិនយកថវិកាមែន ប៉ុន្តែគ្រាន់តែថា វាពិបាកក្នុងការធ្វើដំណើរ ព្រោះវារាងយឺតបន្តិច ព្រោះតែវាស្ទះផ្លូវ ហើយខាងរោងចក្រមានពេលវេលា មិនសមស្របជាមួយម៉ោងធ្វើដំណើរឡានហ្នឹង»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និយាយថា ការប្រកាសនេះគឺជារឿងល្អសម្រាប់កម្មករ ព្រោះអាចជួយកាត់បន្ថយការចំណាយរបស់កម្មករបានខ្លះ ប្រសិនបើកម្មករប្រើប្រាស់សេវានេះដោយមិនចាំបាច់ចំណាយថវិកា។
លោកបានបញ្ជាក់ថា៖ «តែខ្ញុំនៅតែសង្កេតឃើញថា កម្មករហាក់ប្រើប្រាស់សេវានេះតិចតួចនៅឡើយ ពីព្រោះចរាចរណ៍នៅក្នុងទីក្រុងរបស់យើងមានភាពកកស្ទះស្ទើរតែគ្រប់ផ្លូវ ដូច្នេះបើកម្មករប្រើប្រាស់សេវានេះ ដើម្បីទៅបំពេញការងារអាចនឹងធ្វើឱ្យពួកគាត់យឺតពេល»។
លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ១ ខែ កញ្ញា ថាចំពោះសេចក្តីសម្រេចនេះ រដ្ឋាករស្វយ័តបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តបទបញ្ជាថ្មី ដោយធ្វើយ៉ាងណាផ្តល់សេវាកម្មនេះឲ្យបានល្អជូនប្រជាពលរដ្ឋក៏ដូចជាកម្មករ កម្មការិនី សិស្ស និស្សិត ជាដើមឲ្យពួកគេកាន់តែងាយស្រួលក្នុងការទទួលបានសេវាកម្មនេះ។
លោកបញ្ជាក់ថា៖ «ការសម្រេចឲ្យពួកគាត់ជិះមិនគិតថ្លៃនេះគឺយើងរីករាយ ព្រោះបានសម្រួលបន្ទុកចំណាយរបស់ពួកគាត់ ដោយមិនមានបញ្ហាអ្វីទេ។ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនពីរាជធានីទៅខេត្តពីខេត្តមករាជធានីក្នុងឱកាសបុណ្យភ្ជុំនេះ យើងបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ឡាននិងអ្នកបើកបរបានត្រៀមរួចអស់ហើយដោយមិនមានអ្វីព្រួយបារម្ភនោះទេ»។
បើតាមលោក អ៊ាន សុខឃីម ឲ្យដឹងថាក្នុងមួយថ្ងៃមានប្រជាពលរដ្ឋប្រមាណ ២៥ ០០០ នាក់ ប្រើប្រាស់សេវាកម្មរថយន្តក្រុង និងកាណូត។ ក្នុងនោះមានប្រមាណ ៦០ ភាគរយ ដែលប្រើប្រាស់សេវាកម្មទាំងនេះដោយមិនគិតថ្លៃ ខណៈរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់រថយន្តក្រុងជាង ២៣៥ គ្រឿង និងកាណូត ៤ គ្រឿង សម្រាប់ផ្គត់ផ្គង់សេវាកម្មនេះដល់ប្រជាពលរដ្ឋ៕