ស្វាយរៀងៈ កម្មករ​ចំនួន ១៤០០ នាក់​នៅ​រោងចក្រ​មួយ​ដែល​ផលិត​អំពូល​ភ្លើង​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​តាំងពី​ថ្ងៃ​អង្គារ បន្ទាប់ពី​កម្មករ​កិច្ចសន្យា​ដឹង​ថា ការឈប់​សម្រាក​ ២ ​ថ្ងៃ​ទៅ​បោះឆ្នោត​ត្រូវ​បាន​រោងចក្រ​កាត់​ប្រាក់ខែ​។ ​

កម្មករ​ម្នាក់​អាយុ ២២ ឆ្នាំ​ដែល​បាន​បដិសេធ​បង្ហាញ​ឈ្មោះ និង​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល​ ៣ ​ខែ​ជា​បុគ្គលិក​កិច្ចសន្យា​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​ពួកគេ​កាត់​ប្រាក់ខែ​យើង​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​នៅ​ថ្ងៃ​នោះ​ពួកគេ​បាន​ឲ្យ​បង្កាន់​ដៃ​បើក​ប្រាក់​មក​យើង បន្ទាប់មក​យើង​ដឹង​ថា ប្រាក់ខែ​របស់​យើង​ត្រូវ​បាន​កាត់ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​នាំគ្នា​តវ៉ា​»​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​យើង​នឹង​បើក​ប្រាក់​ខែ​នៅ​ថ្ងៃទី​ ១០ ខែ​សីហា ដូច្នេះ​យើង​នឹង​ដឹង​។ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា​ចំណុច​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​ថៅកែ ប៉ុន្តែ​នៅ​ចំណុច​ដទៃៗ​ទៀត​»​។

លោក​ វីន ហេង អាយុ ២៥ ឆ្នាំ​ដែល​ជា​កម្មករ​កាត់ដេរ និង​ជា​តំណាង​កម្មករ​បាន​ថ្លែង​ថា ការ​កាត់​ប្រាក់ខែ​របស់​កម្មករ​ដែល​ទៅ​បោះឆ្នោត​រយៈពេល​ ២ ​ថ្ងៃ គឺជា​មូលហេតុ​ចម្បង​ដែល​កម្មករ​នាំគ្នា​តវ៉ា​។

លោក ហេង បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល​ជាង ២ ​ឆ្នាំ​ហើយ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ចំពោះ​ខ្ញុំ បុគ្គលិក​ធម្មតា យើង​មិន​ត្រូវ​បាន​កាត់​ទេ​ ប៉ុន្តែ​សម្រាប់​បុគ្គលិក​កិច្ចសន្យា​ប្រាក់ខែ​របស់​ពួកគេ​ត្រូវ​បាន​កាត់​ ២ ​ថ្ងៃ​។ ហេតុ​ដូច្នេះ​បុគ្គលិក​កិច្ចសន្យា​បាន​ធ្វើការ​តវ៉ា ដូច្នេះ​យើង​ចូលរួម​ជាមួយ​ពួកគេ​។ ពួកគេ​ឲ្យ​បង្កាន់ដៃ​ប្រាក់ខែ​ធ្វើការ​នៅ​ថ្ងៃ​ចន្ទ ដូច្នេះ​យើង​ដឹង​។ វា​ពិតប្រាកដ​ណាស់ យើង​នឹង​ទទួល​បាន​ប្រាក់ខែ​ដូច​អ្វី​ដែល​បង្ហាញ​នៅក្នុង​បង្កាន់ដៃ​បើក​ប្រាក់ខែ​»​។

លោក ហេង បាន​ថ្លែង​ថា​នៅក្នុង​ក្រុម​របស់​លោក​មាន​បុគ្គលិក​កិច្ចសន្យា​ប្រមាណ​ ២០ នាក់​។ «​ខ្ញុំ​មិន​ដឹង​ថា​តើ​ពួកគេ​នឹង​ត្រូវ​កាត់​ចំនួន​ប៉ុន្មាន​ទេ​ក្នុង​មួយ​ថ្ងៃ​»​។

ទោះ​យ៉ាង​ណា​មន្ត្រី​ម្នាក់​បាន​បដិសេធ​ថា មិន​មាន​ការ​កាត់​ប្រាក់ខែ​កម្មករ​សម្រាប់​ការ​ទៅ​បោះឆ្នោត​ ២ ​ថ្ងៃ​នោះ​ទេ ដោយ​លោក​ថ្លែង​ថា​វា​ជា​អ្វី​ដែល​កម្មករ​បាន​ឮ​ជា​ពាក្យ​ចចាមអារ៉ាម​។

លោក ហាស់ ប៊ុនធី ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បាន​ថ្លែង​ថា កម្មករ​បាន​តវ៉ា​នៅ​មុខ​រោងចក្រ Sheng Yao Enterprise co. LTD ដោយសារ​ពួកគេ​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ថៅកែ​រោងចក្រ​នឹង​កាត់​ប្រាក់ខែ​ពួកគេ​ចំពោះ​ការឈប់​សម្រាក​ ២ ​ថ្ងៃ​សម្រាប់​ការ​ទៅ​បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​ការ​កាត់​ប្រាក់ខែ​មិន​ទាន់​កើតឡើង​នៅ​ឡើយ​ទេ​។ វា​គ្រាន់តែ​ជា​ពាក្យ​និយាយ ប៉ុន្តែ​ក្រសួង​បាន​ណែនាំ​រោងចក្រ​ឲ្យ​គោរព​ច្បាប់​។ ការណែនាំ​របស់​ក្រសួង​គឺ​ដូច​ច្បាប់​សម្រាប់​ការឈប់​សម្រាក​ ២ ​ថ្ងៃ​នោះ​»​។

លោក ប៊ុនធី បន្ត​ថា​កម្មករ​បាន​សុំ​ឲ្យ​រោងចក្រ​ប្រើ​គោលការណ៍​ស្ម័គ្រចិត្ត ចំពោះ​ការធ្វើ​ការងារ​ថែម​ម៉ោង មិន​ឲ្យ​មាន​ការ​បង្ខំ​។ «​ចំណុច​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​កម្មករ​សុំ​ឲ្យ​រោងចក្រ​កុំ​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​ការងារ​ថែម​ម៉ោង​វា​ត្រូវ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​ឥឡូវ​នេះ​រោងចក្រ​យល់ព្រម​»​។

លោក ប៊ុនធី បាន​ថ្លែង​ថា​រឿង​មួយ​ទៀត​ដែល​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​នោះ​គឺ​រោងចក្រ​ត្រូវ​ជូន​ដំណឹង​ព្រមាន​ពី​មុន​ពេល​ការបណ្តេញ​កម្មករ​។

រោងចក្រ​យល់​ព្រម​ផ្តល់​បន្ទប់ទឹក​ស្អាត​ដោយ​មាន​សាប៊ូ​គ្រប់គ្រាន់ និង​មាន​ថ្នាំពេទ្យ​គ្រប់គ្រាន់​នៅក្នុង​គិលានដ្ឋាន​។ ​នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក ប៊ុនធី​។

លោក ប៊ុនធី បាន​ថ្លែង​ថា​កម្មករ​បាន​សុំ​មិន​ឲ្យ​មាន​ការ​គំរាម​កំហែង​កម្មករ​ដែល​មិន​បំពេញ​តាម​ការទាមទារ និង​មិន​តឹងរ៉ឹង​ចំពោះ​កម្មករ នៅពេល​សុំ​ច្បាប់​ដោយ​មាន​ហេតុផល​។ រោងចក្រ​នឹង​ទទួល​យក​កម្មករ​ក្នុង​អំឡុង​ពេល​សាកល្បង​ ២ ​ខែ​ឲ្យ​ក្លាយ​ជា​បុគ្គលិក​ពេញសិទ្ធិ​។

ទោះ​យ៉ាង​ណា​ក្តី​មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​ថៅកែ​រោងចក្រ ហើយ​នឹង​ត្រូវ​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​នេះ​។ កម្មករ​ទាមទារ​ឲ្យ​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​ដែល​មាន​ផ្ទៃពោះ នៅពេល​ពួកគេ​ទៅ​ពិនិត្យ​ពោះ​។

លោក​បន្ត​ថា​៖ «​រោងចក្រ​មិន​យល់​ស្រប​ជាមួយ​កម្មករ កម្មករ​ស្នើសុំ​រោងចក្រ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​មាន​ផ្ទៃពោះ​នៅ​ពេល​ពួកគេ​សុំ​ច្បាប់​ទៅ​ជួប​ពេទ្យ​ពិនិត្យ​ពោះ​។ យើង​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​សុក្រ​»​។

លោក វិន ហេង បាន​ថ្លែង​ថា​៖ «​ពួកគេ​និយាយ​ថា ប្រសិន​បើ​យើង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ថ្ងៃស្អែក ពួកគេ​នឹង​យល់ព្រម​ជាមួយ​ចំណុច​នេះ​។ យើង​នឹង​ជួប​គ្នា​ជជែក និង​ស្តាប់​គ្នា ពីព្រោះ​វា​ក៏​មិន​ល្អ​ផង​ដែរ​សម្រាប់​កម្មករ និង​រោងចក្រ​»​។

លោក ប៊ុនធី ថ្លែង​ថា​៖ «​ហើយ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​។ ខ្ញុំ​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​នឹង​យល់ព្រម​ឬ​អត់​នោះ​ទេ​។ យើង​កំពុង​សហការ​ជាមួយ​ទាំង​កម្មករ និង​ថៅកែ​រោងចក្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។

លោក វិន ហេង ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​រោងចក្រ​មិន​កាត់​ប្រាក់​ឈ្នួល​របស់​យើង​ក្នុង​អំឡុង​ការតវ៉ា​រយៈពេល​ ៣ ​ថ្ងៃ​»​។

តំណាង​រោងចក្រ Sheng Yao Enterprise co. LTD មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕ PS