ភ្នំពេញៈ សហភាព​ការងារ​កម្ពុជា​ (CLC) ​បាន​ប្រារព្ធ​ការជួបជុំ​គ្នា​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ​ឧសភា​នៅ​ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​មាន​កម្មករ​ជិត​ ១០០ ​នាក់​ចូលរួម​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​មុន​រហូត​ដល់​ ២០៧ ​ដុល្លារ និង​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ផលប៉ះពាល់​ដែល​កើត​ចេញ​ពី​ច្បាប់​ស្តីពី​សហជីព​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។ សមត្ថកិច្ច​ជាច្រើន​បាន​ទៅ​ជួប​ក្រុម​អ្នក​ជួបជុំ​គ្នា​ដោយ​ក្នុង​នោះ​នគរបាល និង​សន្តិសុខ​ខណ្ឌដូនពេញ​ជាង ១០០ នាក់​មាន​វត្តមាន​នៅ​កន្លែង​ប្រមូលផ្តុំ​របស់​សហភាព​ការងារ​កម្ពុជា​ (CLC)​។ សហព័ន្ធ​ការងារ​នេះ​ពី​ដំបូង​ឡើយ​បាន​សុំ​ហែ​ក្បួន​ពី​ជិត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​នៅ​ជិត​វត្តភ្នំ​ទៅ​រដ្ឋសភា ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ផ្តល់​ការអនុញ្ញាត​ដល់​ពួកគេ​ដោយ​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​មាត់​ទន្លេ​។ កម្មករ​បាន​បង្ហាញ​ការគាំទ្រ​ខ្លាំងក្លា​នៅ​ពេល​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​ប្រាក់​ឈ្នួល​អប្បបរមា​បើក​ចំហ​ចំពោះ​គ្រប់​វិស័យ និង​អំពាវនាវ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ឈាន​ដល់​ ២០៧ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​សម្រាប់​វិស័យ​កាត់ដេរ​គឺ​ចំនួន​ ១៧០ ​ដុល្លារ ហើយ​ការចរចា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សកល​កំពុង​បន្ត​ធ្វើ​ឡើង​។ លោក​ក៏​បាន​បន្ត​លើក​ឡើង​អំពី​ក្តីបារម្ភ​អំពី​ច្បាប់​ស្តីពី​សហជីព​ឆ្នាំ​ ២០១៦ ដែល​ត្រូវ​បាន​រិះគន់​ចំពោះ​ការរារាំង​ក្នុង​ការ​បង្កើត​សហជីព បង្ក​បញ្ហា​ក្នុង​ការ​ជ្រើសរើស​កម្មករ និង​សកម្មភាព​ផ្សេងៗ ខណៈ​ទទួល​ស្គាល់​ផង​ដែរ​ថា រដ្ឋាភិបាល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​ចំពោះ​ក្តីបារម្ភ​របស់​កម្មករ​ក្នុង​រយៈកាល​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោក​បាន​ថ្លែង​ថា​៖ «​យើង​អាច​ឃើញ​មាន​ការ​យក​ចិត្ត​ទុកដាក់​ជាង​មុន​របស់​លោក​នាយករដ្ឋមន្ត្រី​អំពី​កម្មករ​នា​ឆ្នាំ​មុន​ បន្ទាប់ពី​ការធ្វើ​ការងារ​ ១០ ​ឆ្នាំ​នៅ​ក្នុង​វិស័យ​នេះ​»​។

សុន្ទរកថា​របស់​លោក ធន់ ត្រូវ​បាន​កាត់ផ្តាច់​ដោយសារ​ការដួលសន្លប់​របស់​កម្មករ​ម្នាក់ ដោយសារ​កម្តៅ​ថ្ងៃ​ដោយ​បាន​ធ្វើឲ្យ​ការប្រមូលផ្តុំ​ផ្លាស់​ទៅ​រក​ទីតាំង​ដែល​ម្លប់​ជាង​មុន​។ តំណាងរាស្ត្រ​ ៤ ​រូប​ដែល​ម្នាក់​មកពី​គណបក្ស​កាន់​អំណាច និង​ ៣ ​នាក់​ទៀត​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ជួប​ជាមួយ​កម្មករ និង​ទទួល​យក​ញត្តិ​ពី​សហភាព​ការងារ​កម្ពុជា​ដែល​ក្នុង​ចំណោម​ការទាមទារ​ទាំង​ ១៩ ចំណុច​មាន​ការ​សុំ​ឲ្យ​មាន​ច្បាប់​ស្តីពី​សុវត្ថិភាព​ការងារ​នៅក្នុង​ទូទាំង​វិស័យ​នានា ការបង្កើត​តុលាការ​ការងារ និង​ធានា​ថា​រោងចក្រ​មិន​ប្រើប្រាស់​កិច្ចសន្យា​ការងារ​រយៈពេល​ខ្លី​ច្រើន​ជ្រុល​។ ដោយ​ទទួល​យក​ញត្តិ​នេះ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​លោកស្រី ឡោក ខេង បាន​ថ្លែង​ថា​លោកស្រី​បាន​ទទួល​ញត្តិ​ស្រដៀង​គ្នា​មួយ​កាលពី​ឆ្នាំ​មុន ហើយ​ថា​រដ្ឋាភិបាល​បាន​ពិនិត្យ​ទៅ​លើ​សំណើ​មួយ​ចំនួន​ក្នុង​ចំណោម​សំណើ​ទាំង​នោះ​។ លោកស្រី​បន្ត​ថា​៖ «​ខ្ញុំ​សន្យា​នាំ​យក​ចំណុច​ទាំង ១៩ នៅ​ក្នុង​ញត្តិ​នេះ​ទៅ​ពិភាក្សា​នៅក្នុង​គណៈកម្មាធិការ​ទី​ ១ នៃ​រដ្ឋសភា ហើយ​ដាក់​ទៅ​រដ្ឋាភិបាល​ដើម្បី​ជម្រាប​ពួកគេ​អំពី​ក្តីបារម្ភ និង ការទាមទារ​របស់​កម្មករ​»​។ អ្នកនាង គា សុផល ដែល​ជា​កម្មករ​កាត់ដេរ​ម្នាក់​មកពី​ខណ្ឌ​ឫស្សីកែវ​បាន​ថ្លែង​ថា​រោងចក្រ​របស់​អ្នកនាង​បន្ត​ប្រើ​កិច្ចសន្យា​ការងារ​រយៈពេល​ ៣ ​ខែ​សម្រាប់​អ្នកនាង​ដោយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ការងារ និង​អាច​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ដទៃៗ​របស់​អ្នកនាង​។

កម្មករ-កម្មការិនី​រាប់រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​ជិត​វត្តភ្នំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី​ ១ ឧសភា ពី​ម្សិលមិញ​។ស្រេង ម៉េងស្រ៊ុន

អ្នកនាង សុផល បាន​ថ្លែង​ថា​៖ «​យើង​ធុញទ្រាន់​ខ្លាំង​ណាស់​ បន្ទាប់ពី​ធ្វើ​ការងារ​អស់​រយៈពេល​ ១០ ​ឆ្នាំ ដូច្នេះ​យើង​កំពុង​ពិចារណា​ធ្វើ​អ្វី​ផ្សេង​»​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​កម្មករ​រោងចក្រ​កាត់ដេរ​ជា​រៀងរាល់​សប្តាហ៍ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ​ដូចជា​ «​ប្រាក់ឧបត្ថម្ភ​ពេល​ឆ្លងទន្លេ​» ​និង​ការ​គាំពារ​សុខភាព​ប្រសើរ​ជាង​មុន​។ ជា​ការ​បន្ត​ចុះ​ជួប​ជាមួយ​កម្មករ​លោក​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយ​កម្មករ​ប្រមាណ​ ៥០០០ ​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​ប្រកាស​ថា​លោក​លោក​មក​ទី​នេះ​គ្រាន់តែ​ដើម្បី​ប្រារព្ធ​ពិធី​ជាមួយ​កម្មករ មិនមែន​មក​ធ្វើ​សុន្ទរកថា​ទេ​។ កម្មករ​ម្នាក់ៗ​បាន​ទទួល​ប្រាក់​ប្រមាណ​ ៥០០០០ ​រៀល អាហារ និង​ភេសជ្ជៈ និង​បាន​រាំ​ដើម្បី​អបអរ​ពិធី​នេះ​ផង​ដែរ​។ សន្តិសុខ​មាន​លក្ខណៈ​តឹងរ៉ឹង​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រដ្ឋសភា​ដែល​ក្រុម​សហជីព​ដទៃទៀត​ក៏​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ផង​ដែរ​។ មេដឹកនាំ​សហជីព​ដទៃ​ទៀត​រួមមាន លោក អ៊ូ ទេពផល្លីន និង​លោកស្រី យ៉ាង សុភ័ណ្ឌ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ញត្តិ ខណៈ លោក អ៊ូ ទេពផល្លីន ក៏​បាន​ចោទសួរ​ផង​ដែរ​ចំពោះ​បញ្ហា​រឹតបន្តឹង​សន្តិសុខ​។ លោកស្រី សុភ័ណ្ឌ បាន​ថ្លែង​ថា​៖ «​វា​ពិបាក​និយាយ​ថា​មូលហេតុ​អ្វី​? ពួកគេ​គ្រាន់តែ​និយាយ​ថា​នេះ​គឺជា​បញ្ជា​មកពី​ថ្នាក់លើ​របស់​ពួកគេ​»៕ PS