
កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភបន្តទៀតចាប់ពីខែក្រោយ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ ហុង មិនា
ភ្នំពេញៈ ក្រសួងការងារប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលដែលមកដល់ពេលនេះគឺជាការផ្តល់ជូនលើកទី ៤៤ ហើយដែលគិតជាទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ២៩ ធ្នូ ប្រកាសថាក្នុងការផ្តល់ជូនសាច់ប្រាក់ឧបត្ថម្ភនេះមានកម្មករនិយោជិតចំនួន ៤ ៨៣៨ នាក់ នៃរោងចក្រ សហគ្រាសទាំង ២៨ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលបានទទួលការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី ៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងបន្តថា ប្រសិនបើ កម្មករនិយោជិតទាំងនោះមិនបានទៅបើកប្រាក់នេះក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងទេ ធនាគារនេះនឹងបង្វិលប្រាក់នេះជូនទៅរាជរដ្ឋាភិបាលវិញ។
កាលពីថ្ងៃទី ២៩ ខែធ្នូ ដែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ថា គិតត្រឹមដើមសប្តាហ៍នេះ (ថ្ងៃទី ២៨ ធ្នូ) មានរោងចក្រចំនួន ៤៣ ត្រូវបានព្យួរដែលក្នុងនោះមានកម្មករនិយោជិតចំនួន ១៤ ៥៧៨ នាក់។
លោកថ្លែងថា៖ «ចាប់ពីថ្ងៃបើកផ្តល់រហូតមកដល់ពេលនេះ ប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលបានផ្តល់ទៅដល់កម្មករនិយោជិតដែលរោងចក្រ សហគ្រាសរបស់ពួកគាត់ត្រូវបានព្យួរការងារនោះមានចំនួនជាង ៨៣ ពាន់លានរៀល ឬជាង ២០ លានដុល្លារ ដែលគិតជាចំនួនកម្មករដែលបានទទួលមានចំនួន ៣២៩ ០៩១ នាក់»។
លោក ហ៊ុន សែន ថា រោងចក្រ សហគ្រាសខ្លះព្យួរបន្តិច រួចក៏បើកឡើងវិញ ហើយបើមានរោងចក្រណាព្យួរវិញ រាជរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភឡើងវិញទៀត។
លោកថា៖ «យើងត្រូវបន្តផ្តល់ទឹកប្រាក់ជូនដល់បងប្អូន។ រាជរដ្ឋាភិបាលមានលទ្ធភាពដោះស្រាយ។ អ្នកណាថាយើងមិនដោះស្រាយ? គឺយើងបានធ្វើការដោះស្រាយបានច្រើន»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន ៤០ ដុល្លារក្នុង ១ ខែសម្រាប់កម្មករ-កម្មការិនី ១ នាក់ដែលបំពេញការងារក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលត្រូវបានព្យួរការងារសម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែមករា កុម្ភៈ និងមីនា ឆ្នាំ ២០២១។ ម្ចាស់រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារសម្រាប់កម្មករនិយោជិត ១ នាក់ (ជាសរុបកម្មករនិយោជិត ១ នាក់ទទួលបាន ៧០ ដុល្លារក្នុង ១ ខែ)។
ក្រសួងសុខាភិបាលនៅថ្ងៃទី ៣០ ធ្នូ ប្រកាសថាអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាត្រូវបានព្យាបាលជាសះស្បើយ។
គិតត្រឹមថ្ងៃម្សិលមិញកម្ពុជាមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣៦៤ នាក់ ព្យាបាលជាសះស្បើយ ៣៦១ នាក់ និងអ្នកកំពុងព្យាបាល ៣ នាក់៕