ភ្នំពេញៈ ​កម្ម​ករ​និយោ​ជិត​​ដែល​បម្រើការ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​​និង​ក្នុង​វិស័យ​កសិកម្ម​ និង​តំណាង​សហព័ន្ធ​សហជីព​ប្រមាណ​ជាង ១០០ នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ មុខ​ក្រសួង​ការងារ​កាល​ពី​ម្សិលមិញ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​កំណត់​​ប្រាក់​ខែ​គោល​និងលក្ខខណ្ឌ​ការ​ងារ​​មួយ​ចំនួន​ឲ្យ​មាន​ភាព​ប្រ​សើរ​ឡើង​ដូច​នៅ​ក្នុង​វិស័យ​រោង​ចក្រ​កាត់​ដេរ​ ដែល​នេះ​ជា​ការ​ទាម​ទារ​លើក​ទី១ ​ពី​វិស័យ​ទាំង​ ២ ​នេះ​។​

នៅ​ក្នុង​សំ​ណើដោយ​ឡែក​ពី​គ្នា​របស់​សហ​ព័ន្ធ​សហជីព​ដែល​តំ​ណាង​ឲ្យ​កម្ម​ករ​និយោ​ជិ​ត​នៅ​ក្នុង​វិស័យ​ទាំង​ ២ នេះ​ដែល​ដាក់​ជូន​ដល់​ក្រសួង​ការ​ងារ​ដោយ​ស្នើ​ឲ្យ​ក្រសួង​កំណត់​ប្រាក់​ឈ្នួល​គោល​ឲ្យ​បាន ៣០០​ ដុល្លា​រក្នុង​ ១ ​ខែ ​និង​កែ​ប្រែ​លក្ខ​ខណ្ឌ​ការងារ​មួយ​ចំនួន​ ដើម្បី​ធ្វើ​ឲ្យប្រ​សើរ​ឡើង​នូវ​​ជីវ​ភាព​របស់​ពួក​គេ​ ​ព្រម​ទាំង​កំ​ណត់​ប្រាក់​ធានា​នុ​គ្រោះ​ឲ្យ​បាន ១០​ ភាគរយ។

អ្នក​ស្រី ​ហោ ​មុនី​ ជា​កម្ម​ករ​និយោ​ជិត​ម្នាក់​នៅ​ក្នុង​សណ្ឋា​គារ​មួយ​នៅក្នុង​ខេត្ត​សៀម​រាប​ដោយ​សុំ​លាក់​ឈ្មោះ​សណ្ឋាគារ​​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ទាម​ទារ​នោះ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កម្មករ​ចង់​ឲ្យ​ក្រសួង​កំណត់​លក្ខ​ខណ្ឌ​ការងារ​សម្រាប់​កម្មករ​ក្នុង​វិស័យ​ទេស​ចរណ៍​ដែល​បច្ចុ​ប្បន្ន​ មិន​ទាន់​មាន​ច្បាប់​ធានា​សម្រាប់​កម្មករ​នយោ​ជិត​នៅ​​ក្នុង​វិស័យ​នេះ​ទេ ហើយ​ប្រាក់ឈ្មួល ​និង​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​ដែល​ទទួល​បាន​ គឺ​តិច​តួច​បំផុត​ ដោយ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​ថៅកែ។​

​​អ្នក​ស្រី​ មុនី​ បាន​ថ្លែង​ថា​៖​ ​«​ព្រោះ​នៅ​ពេល​អត់​មាន​ច្បាប់​​ច្បាស់​លាស់​មួយ​ ខាង​ក្រុម​ថៅ​កែ ចង់​ធ្វើ​អី​ស្រេច​​តែ​ចិត្ត​របស់​ពួក​គាត់​ ទាក់​ទង​នឹង​ប្រាក់​ខែ​គោល​ ម៉ោង​សម្រាក​ ឬ​ក៏​ម៉ោង​ធ្វើការ​ ហើយ​កន្លែង​ខ្លះ​ រហូត​ដល់​អត់​មាន​អាហារ​សម្រាប់​ញ៉ាំ​ដែល​វា​ពាក់​ព័ន្ធ​នឹង​រឿង​ច្រើន​ទៀត​ ជា​ពិសេស​​រឿង​ប្រាក់​ខែ​គោល​ ដែល​ពួក​យើង​រួម​គ្នា​នៅ​ថ្ងៃនេះ​ ដើម្បី​យក​ញត្តិ​មក​ដាក់​ ហើយ​បើ​មាន​ច្បាប់​ជាក់​លាក់ ​នោះ​ខាង​ថៅកែ​ នឹង​មិន​អាច​កេ​ង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពួក​យើង​បាន​ទៀត​ទេ»។​

លោ​ក​ សេង ​សុខ​ឃឿន ​ជា​កម្មករ​និយោ​ជិត​ម្នាក់​ទៀត​នៅ​ក្នុង​​វិស័យ​កសិកម្ម​ បាន​អះ​អាង​ថា ជា​ទូទៅ​ ការងារ​ក្នុង​វិស័យ​កសិ​កម្ម​ គឺ​ជា​ការ​ងារ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ប៉ុន្តែ​សម្រាប់​លក្ខ​ខណ្ឌ​ការងារ​ និង​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិស័យ​នេះ​​គឺ​តិច​តួច​បំផុត ​ដែល​មិន​សម​ល្មម​ធ្វើ​ឲ្យ​ជី​វភាព​គ្រួសារ​ល្អ​ប្រសើរ​នោះ​ទេ។​

លោក ​សុខ​ឃឿន​ ​ថ្លែង​ថា​៖​ «​ការងារ​ប្រាក់​កម្រៃ​តិច​ហើយ​ ចំណែក​ឯលក្ខ​ខណ្ឌ​ការងា​រ​ ក៏​មិន​ទៀងទាត់​ទៀត​ គឺ​ថៅ​កែ​ចង់​បញ្ឈប់​ពេល​ណា ​គឺ​ស្រេច​តែ​ចិត្ត​ ហើយ​កិច្ច​សន្យា​ដែល​មាន​ជា​មួយ ​នឹង​ក្រុម​ហ៊ុន​ ក៏​ប្រឈម​នឹង​ធ្វើ​ឲ្យពួក​យើងរង​គ្រោះ​ទៅ​ទៀត​ ព្រោះ​ថៅ​កែ​ចង់​បញ្ចប់​នៅ​ពេល​ណា​ក៏​បាន ​ព្រោះ​គ្មាន​កិច្ចសន្យា​ជាក់លាក់»។​

​លោក​ថ្លែង​បន្ត​ថា​៖​ ​«​យើង​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​ ព្រោះ​ពួក​យើង​នៅ​ក្នុង​ព្រៃ​ ហើយ​​ត្រូវ​ក្រោក​ពី​យប់​ ហើយ​បញ្ហា​សុខ​ភាព​របស់​ពួក​យើង​ផ្សេង​​ៗ​គ្នា​ ចំណែក​ប្រាក់​ខែ​គោល​ទទួល​បាន​តិច​ ដូច្នេះ​ពិ​បាក​ក្នុង​ការ​ហូប​ចុក​ ព្រោះ​ម្ហូប​ថ្លៃ​ទៀត។​ ក្នុង​វិស័យ​កសិកម្ម​ហ្នឹង​ ថៅ​កែ​គាត់​ចំ​ណេញ​ច្រើន ​តែ​ឲ្យ​ប្រាក់​ខែ​កម្មករ​តិច»។​

​​លោក ​ម៉ម​ រិទ្ធី​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​ សហ​ជីព ​សកម្ម​ជន ​និង​កម្មក​រ​និយោ​ជិត​ក្នុ​ង​​វិស័យ​ទេស​ចរណ៍ ​និង​សេវា​កម្ម​កម្ពុជា​ (CTSWF) ​បាន​ថ្លែង​ក្រោយ​ពី​ដាក់​ញត្តិ​ជូន​ក្រសួង​ថា ​ដល់​ពេល​ហើយ ​ដែល​រដ្ឋាភិ​បាល​ ជា​ពិសេស​ក្រសួង​ការងារ​ គិត​គូរ​ដល់ក​ម្មករ​ក្នុង​វិស័យ​ផ្សេង​ទៀត ក្រៅ​ពីវិស័យ​កាត់​ដេរ​ និង​ផលិត​ស្បែ​ក​ជើង​ ព្រោះ​ថា​គ្រប់​វិស័យ​ទាំង​អស់​សុទ្ធ​តែ​បាន​ចូ​ល​រួម​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ។ ​ដូច្នេះ​រំពឹង​ថា​ ​ក្រសួង​ នឹង​អាច​ពិចារ​ណា​ លើ​សំណើ​កម្មករ​ទាំង​ ២ ​វិស័យ​នេះ ​ដើម្បី​ពួក​គេ​អាច​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ និង​ការ​គិត​គូរ​ពី​រដ្ឋាភិបាល។​

​លោក​ រិទ្ធី​ ថ្លែង​ថា​៖​ ​«​ស្នើ​ឲ្យ​ក្រសួង​កំណត់​ក្នុង​ឆ្នាំ ​២០១៩ ​នេះ ​ហើយ​យើង​នឹង​តាម​ដាន​ការងារ​បន្ត​ទៀត​ យ៉ាង​យូ​រខែ ៩ ​បើ​អត់​មាន​ការ​កំណត់​ទេ​ យើង​នឹង​មាន​យុទ្ធ​នា​ការ​តស៊ូ​មតិ​ផ្សេង​ទៀត​ ដើម្បី​តាម​ដាន​ការ​ងារ​នេះ ​ឲ្យ​មាន​ការ​កំណត់​ប្រាក់​ខែ ​និង​អត្ថប្រយោជន៍​ផ្សេង »។​

លោក​ ហេង​ សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បណ្តុះ​បណ្តាល​ វិជ្ជា​ជីវៈ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ក្រសួង​នឹង​ពិនិត្យ​លើ​ការ​ស្នើ​សុំ​នេះ ​ដោយ​នឹង​បង្កើត​ក្រុម​ជំនាញ​ ដើម្បី​សិក្សា​ជុំវិញ​វិស័យ​ទាំង​នេះ ​ហើយ​បើ​សិន​ជា​មាន​លទ្ធ​ភាព​នោះ​ ក្រសួងនឹង​ពិចារ​ណា​លើ​សំណើ​ទាំង​នេះ។​

លោក​ ​សួរ​ ថ្លែង​ថា៖​ ​«ជា​ការពិត​ក្រសួង​បាន​ទទួល​ញត្តិ​ពី​បងប្អូន​ ហើយ​ក្រសួង​នឹង​បញ្ចូល​​ទៅ​ស្ថាប័ន​អង្គ​ភាព​ពាក់​ព័ន្ធ​ ជំនាញ​ ដើម្បី​សិក្សា ​ហើយ​នឹង​ស្នើ​សុំ​ជំនួយ​បច្ចេក​ទេស​ពី​ដៃ​គូ​ពាក់​ព័ន្ធ​ ​ដើ​ម្បី​ពិចារ​ណា​ទៅ​លើ​ការ​សិក្សា​មួយ ​ហើយ​ក្នុង​ករណី​ដែល​យើង​មាន​លទ្ធភាព​ យើង​នឹង​ធ្វើ​ការ​ពិភា​ក្សា​ជា​មួយ​ដៃ​គូ​​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​យុទ្ធនា​ការ​គណៈក​ម្មការ​ប្រឹក្សា​ការងារ​ដើម្បី​ពិនិត្យ​លើ​សំណើ​ទាំងអស់​នោះ»។​

​លោក ​ហេង​ ​សួរ​ ​បាន​អះ​អា​ង​ថា​ ​គ្រប់​កម្មករ​និយោ​ជិត​ទាំង​អស់​ គឺ​ត្រូវ​គ្រប់​គ្រង​ដោយ​ច្បាប់​ស្តី​ពី​ការ​ងារ​ ​និង​ច្បាប់​ស្តី​ពីរ​បប​សន្តិ​សុខ​សង្គម​ ​ប៉ុន្តែ​លក្ខ​ខណ្ឌ​នៅ​ក្នុង​វិស័យ​កសិក​ម្ម និង​ផ្នែក​សេវា​កម្ម​នៅ​ជំពូក​ដោយ​ឡែក​នៃ​ច្បាប់​ស្តី​ពី​ការងារ​ រួម​ទាំង​ក្នុង​វិស័យ​កសិកម្ម។​

​ ​

​លោក​ ​សួរ​ ថ្លែង​​ថា​៖​ ​«​ជា​រួម​ ​កម្មករ​និយោ​ជិត​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​លើក​សំណើ​នានា​ ដែល​សំណើ​ខ្លះ​អាច​មា​ន​នៅ​ក្នុង​ច្បាប់​ ឬ​លិខិត​បទ​ដ្ឋាន​រួច​ហើយ​ ដែល​ កម្មករ​អាច​មិន​ទាន់​បាន​ជ្រាប​ រី​ឯ​សំណើ​ខ្លះ​គឺ​ថ្មី​ ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​សិក្សា​ស៊ី​ជម្រៅ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​នៃ​យន្តការ​ត្រី​ភាគី ​ក៏​ដូច​ជា​ជំនួយ​បច្ចេក​ទេស​ពី​ដៃគូ​របស់​យើង»។

បើ​តាម​តំណាង​សហ​ជីព​ក្នុង​វិស័យ​ទាំង​ទេស​ចរណ៍​ សេវា និង​កសិកម្ម​ បាន​អះអាង​ថា​ ចំពោះ​វិស័យ​ទេស​ចរណ៍ គឺ​មាន​កម្មករ​ទូ​ទាំង​ប្រទេស​ ៦០​ ម៉ឺន​នាក់​ ចំណែក​ក្នុង​វិស័យ​កសិកម្ម​ គឺ​មាន​កម្មករ​ ស្ទើរ​ពាក់​កណ្តាល​ នៃ​កម្មករ​ដែល​មាន​ក្នុង​ប្រទេស​សរុប។​ ខណៈ​សហ​ជីព​ អះអាង​ថា​ ក្នុង​ ១ ខែ​ៗ​ កម្មករ​ទាំង​នេះ​ ទទួល​បាន​ប្រាក់​ខែ​គោល​របស់​គេ​ចន្លោះ​ត្រឹម​តែ​ ៨០​ ដុ​ល្ហា​រទៅ ​១៣០ ​ដុល្លា​រតែ​ប៉ុណ្ណោះ ​ដោយ​វា​មិន​អាច​ជួយ​ឲ្យ​កម្មករ​ក្នុង​វិស័យ​ទាំង​នេះ​ទទួល​បាន​ជីវ​ភាព​ល្អ​ប្រសើរ​បាន​ទេ​ ស្រប​ពេល​ទំនិញ​នៅ​លើ​ទីផ្សារ​ មាន​ការ​ឡើង​ថ្លៃ៕​