ភ្នំពេញៈ កម្មករ​នេសាទ​ជនជាតិ​កម្ពុជា និង​មីយ៉ាន់ម៉ា​ក្នុង​ប្រទេស​ថៃ​ជា​ញឹកញាប់​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ឈ្នួល​ក្រោម​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា ហើយ​ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​រក្សាទុក និង​ប្រឈម​មុខ​នឹង​ការកេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្សេងៗ​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។

ចំពោះ​ការសិក្សា​ស្រាវជ្រាវ​នេះ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​សម្ភាស​កម្មករ​នេសាទ​ភាគច្រើន​បំផុត​ជា​ជនជាតិ​កម្ពុជា​ និង​ជនជាតិ​មីយ៉ាន់ម៉ា និង​កម្មករ​នៅក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​ដើម្បី​វាយតម្លៃ​ស្ថានភាព​ការងារ​របស់​ពួកគេ​។ ទោះ​យ៉ាង​ណា​ក្តី​ពួកគេ​បាន​ផ្តោត​តែ​ទៅ​លើ​ទូក​នេសាទ​ដែល​ធ្វើដំណើរ​នេសាទ​រយៈពេល​ខ្លី​។

លោក​ មុំ សុខចា នាយក​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ​ និង​ស្ត្រី​បាន​ថ្លែង​ថា ស្ថានភាព​គឺ​មាន​លក្ខណៈ​កាន់តែ​អាក្រក់​ខ្លាំង​ជាង​នេះ​ចំពោះ​ទូក​នេសាទ​ដែល​ចេញ​រយៈពេល​យូរ​ដែល​កំពុង​នេសាទ​នៅ​សមុទ្រ​ជ្រៅ​។

លោក​ថ្លែង​ថា​៖ «​អ្នក​នេសាទ​ដែល​យើង​បាន​ធ្វើការ​ជាមួយ​បាន​ប្រាប់​យើង​ថា ពួកគេ​មិន​មាន​ទឹកស្អាត ឬ​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ទទួលទាន ហើយ​ជា​ញឹកញាប់​ទទួលរង​ការដាក់​ទោស​ទណ្ឌ​រាងកាយ​ ឬ​ថែម​ទាំង​រង​ការ​ធ្វើ​ទារុណកម្ម​»​។

ប៉ុន្តែ​សូម្បីតែ​ទូក​នេសាទ​រយៈពេល​ខ្លី​មាន​តែ ២៩ ​ភាគរយ​នៃ​អ្នក​ឆ្លើយតប​នៅក្នុង​វិស័យ​នេសាទ​ដែល​មាន​អ្នកនេសាទ​ជនជាតិ​កម្ពុជា​ភាគច្រើន​បាន​រាយការណ៍​មិន​មាន​សូចនាករ​នៃ​ការងារ​បង្ខំ ខណៈ​ ៤៨ ​ភាគរយ​បាន​បង្ហាញ​សូចនាករ​នៃ​ការងារ​បង្ខំ​ចំនួន​ ២ ​ឬ​ច្រើន​ជាង​នេះ​។ ឧទាហរណ៍ សូចនាករ​ទាំង​នេះ​រួមមាន​លក្ខខណ្ឌ​ការងារ​រំលោភបំពាន​ការ​បំភិត​បំភ័យ ការរក្សា​ទុក​ឯកសារ​អត្តសញ្ញាណ ឬ​ការ​រក្សាទុក​ប្រាក់​ឈ្នួល​។ ជា​លក្ខណៈ​កត់សម្គាល់ ការ​រក្សាទុក​ប្រាក់​ឈ្នួល​បាន​កើន​ពី ១២ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៣ ​ទៅ​ ២៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧​។

លោក មុំ សុខចា ថ្លែង​ថា​ការ​រក្សាទុក​ប្រាក់​ឈ្នួល​គឺជា​បញ្ហា​សំខាន់​នៅក្នុង​ឧស្សាហកម្ម​នេសាទ ហើយ​បាន​កើតឡើង​ចំពោះ​អ្នក​ត្រឡប់​មក​វិញ​ជាច្រើន​ដែល​អង្គការ​របស់​លោក​បាន​ធ្វើការ​ជាមួយ​ពួកគេ​។

«​វិធី​បើក​ប្រាក់​ឈ្នួល​គឺថា​អ្នក​ត្រូវ​ធ្វើការ​រយៈពេល​ ៦ ​ខែ ១ ​ឆ្នាំ​ឬ​ ២ ​ឆ្នាំ​ហើយ​បន្ទាប់​មក​អ្នក​ទទួល​បាន​ប្រាក់​ឈ្នួល​នោះ​»​។

លោក​បាន​ថ្លែង​ថា​នៅ​ពេល​ដែល​ទូក​នេសាទ​ត្រឡប់​មក​វិញ​អ្នក​នេសាទ​ជា​ញឹកញាប់​ត្រូវ​បាន​ចាប់ខ្លួន​នៅពេល​នគរបាល​រកឃើញ​ថា ពួកគេ​មិន​មាន​ឯកសារ​។ លោក សុខចា បាន​ថ្លែង​ថា​អ្នក​នេសាទ​ទាំងនេះ​មិន​ដែល​ទទួល​បាន​ប្រាក់ខែ​របស់​ខ្លួន​ទេ​។ អ្នក​ដទៃ​ទៀត​ឃើញ​ថា ប្រាក់​ឈ្នួល​របស់​ពួកគេ​ត្រូវ​បាន​កាត់​យ៉ាង​ច្រើន​នៅពេល​ត្រឡប់​មក​ដីគោក​វិញ​។

ជាង​នេះ​ទៀត​មាន​តែ​ ៤១ ​ភាគរយ​នៃ​អ្នក​នេសាទ​បាន​រាយការណ៍​អំពី​លទ្ធភាព​ទទួល​បាន​បង្គន់​សមស្រប​។

ការសិក្សា​នេះ​ក៏​បាន​រកឃើញ​គម្លាត​រវាង​បុរស និង​ស្ត្រី​ដោយ​បុរស​ជា​មធ្យម​ទទួល​បាន​ប្រាក់​ ៩៨៥០ ​បាត​ (​ប្រហែល​ ៣១៤ ​ដុល្លារ​) ហើយ​ស្ត្រី​ទទួល​បាន​ ៩០១០ ​បាត​​ (​ប្រហែល​ ២៨៨ ​ដុល្លារ​) ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​។ ប្រាក់​ឈ្នួល​អប្បបរមា​គឺ​ ៩០០០ ​បាត​ (​ប្រហែល​ ២៨៧ ​ដុល្លារ​)​។

រដ្ឋាភិបាល​ថៃ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការនេសាទ​ខុស​ច្បាប់ គ្មាន​ការរាយការណ៍ និង​មិន​មាន​ការដាក់​បញ្ញត្តិ ដើម្បី​ឆ្លើយតប​នឹង​ «​កាត​លឿង​» ​ដែល​ប្រទេស​ថៃ​បាន​ទទួល​ពី​ការព្រមាន​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​កម្រិត​ការនាំ​ចេញ​របស់​ថៃ​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ស្ថិត​ក្នុង​ការពិនិត្យ​តឹងរ៉ឹង​ខ្លាំង​ជាង​មុន​។

ប្រភព​ពី​សហភាព​អឺរ៉ុប​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា បេសកកម្ម​បច្ចេកទេស​ដោយ​អ្នក​ជំនាញ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​នា​ខែ​មេសា​ដើម្បី​វាយតម្លៃ​ពី​វឌ្ឍនភាព​៕ PS