ភ្នំពេញៈ កម្មករ​រោងចក្រ Benoh Apparel ប្រមាណ​ជាង ២០០ នាក់ កាលពី​ម្សិលមិញ​បាន​តវ៉ា​ទាមទារ​ប្រាក់​បន្ថែម ដោយសារ​ប្រាក់​សំណង​ដែល​ពួកគេ​ទទួល​បាន​ពី​ក្រសួង​ការងារ​មាន​ចំនួន​តិចពេក ខណៈ​កម្មករ​រោងចក្រ Yu Fa Garment Industry ប្រមាណ​ជាង​ ១០០ នាក់​ទាមទារ​ប្រាក់​ដំណាច់​ឆ្នាំ បន្ទាប់ពី​ថៅកែ​រោងចក្រ​ទាំង​ ២ បាន​បិទទ្វារ​រត់ចោល​មិន​ព្រម​ទូទាត់​ប្រាក់​សំណង​ជូន​កម្មករ​។

រោងចក្រ ប៊ីណូ អឹបភែវិល ខេមបូឌា​ (Benoh Apparel) ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ដែល​មាន​កម្មករ​ប្រមាណ​ជាង ២០០ ​នាក់​តវ៉ា​ក្នុង​ចំណោម​កម្មករ​ជាង ៣០០​។ ចំណែក​រោងចក្រ Yu Fa Garment Industry តំបន់​ព្រៃទា​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​មាន​កម្មករ​ប្រមាណ​ជាង ១០០ នាក់​នាំ​គ្នា​តវ៉ា​ក្នុង​ចំណោម​កម្មករ​ជាង ៥០០ នាក់​។

លោក អន សុខលៃ តំណាង​កម្មករ​រោងចក្រ Benoh Apparel បាន​ឲ្យ​ដឹងថា ពួកគេ​បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់ខែ ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ទៅ​តាម​ច្បាប់​អស់​រយៈពេល ៣ ខែ​មក​ហើយ បន្ទាប់ពី​ថៅកែ​រត់ចោល​ ប៉ុន្ដែ​មិន​មាន​ការ​ដោះស្រាយ​ពី​មន្ត្រី​ពាក់ព័ន្ធ​នោះ​ទេ​ទើប​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​ការងារ​បែរ​ជា​បើកប្រាក់​ប្រមាណ​ជាង ៤០ ទៅ ១០០ ដុល្លារ​សម្រាប់​កម្មករ​ម្នាក់​ទៅ​វិញ​។

លោក​ថា​​កម្មករ​ទាំងអស់​សូម​ទាមទារ​ប្រាក់ខែ ប្រាក់​ដំណាច់ឆ្នាំ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​ជា​ញើស​ឈាម​របស់​ពួកគេ​បន្ថែម​ទៀត ព្រោះ​ប្រាក់​ទាំង​នេះ​មាន​ចំនួន​តិចតួច​បំផុត​មិន​ស្រប​ទៅ​តាម​ច្បាប់​ការងារ​ឡើយ​។

លោក​បន្ត​ថា​៖ «​យើង​ខក​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ​ពី​ការសន្យា​របស់​នាយករដ្ឋមន្ត្រី​ដែល​ថា​យើង​នឹង​ទទួល​បាន​សំណង​ទាំងអស់​ទៅ​តាម​ច្បាប់​»​។

កិច្ចសន្យា​រយៈពេល​ខ្លី​គឺជា​បញ្ហា​មួយ​ដែល​បន្ត​យាយី​វិស័យ​នេះ ខណៈ​ក្រុម​អ្នកតស៊ូ​មតិ​សិទ្ធិ​ការងារ​ថ្លែង​ថា​វា​បំពាន​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដែល​កម្មករ​គួរ​តែ​ទទួល​បាន​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់ បន្ទាប់ពី​ធ្វើការ​បាន ២ ឆ្នាំ​។

រោងចក្រ Benoh Apparel បាន​ឈប់​ប្រតិបត្តិការ​កាលពី​ខែ​វិច្ឆិកា និង​ផ្តល់​ឲ្យ​កម្មករ​ចំនួន ៦០ ​ដុល្លារ​សម្រាប់​ការព្យួរ​ការងារ​រយៈពេល ២ ខែ​ដោយ​សន្យា​ថា នឹង​បើក​ដំណើរការ​វិញ​នៅ​ខែ​មករា ប៉ុន្តែ​ថៅកែ​រោងចក្រ​បាន​រត់​គេច​ខ្លួន​បាត់​។

អ្នកស្រី ហោ ឆេង តំណាង​កម្មករ​រោងចក្រ Yu Fa Garment Industry ដែល​តវ៉ា​បាន​ថ្លែងថា កម្មករ​រោងចក្រ Yu Fa ទាំង​មូល​បាន​ទទួល​ប្រាក់​ឈ្នួល​ប្រចាំខែ ពី​ក្រសួង​ការងារ​រួចរាល់​ហើយ​ ប៉ុន្ដែ​មិន​ទាន់​បាន​ប្រាក់​ដំណាច់​ឆ្នាំ​នៅឡើយ​ទេ​។ ដូច្នេះ​កម្មករ​ទាំងអស់​នៅ​បន្ត​ស្វែងរក​ដំណោះស្រាយ ចំពោះ​ប្រាក់​ដំណាច់​ឆ្នាំនេះ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ពេល​ពួក​ខ្ញុំ​តវ៉ា មន្ត្រី​ក្រសួង​ការងារ​បាន​ចុះ​មក​សម្របសម្រួល​ហើយ​គេ​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បន្ត​ទៀត តែ​ពួកគាត់ សុំ​ឲ្យ​កម្មករ​កុំ​នាំ​គ្នា​តវ៉ា​បែប​នេះ​ទៀត​»​។

ក្រសួង​ការងារ​បាន​ចាប់ផ្តើម​បើកប្រាក់​ដល់​កម្មករ​និយោជិត​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​ចំនួន​ ៤ ដែល​មាន​កម្មករ​និយោជិត​សរុប ២៥៤២ នាក់​ដោយ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤ ថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ ទី​ ៩ ខែ​មេសា​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ ខែ​មេសា ឆ្នាំ​ ២០១៨​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នៅ​ទី​នោះ​មិន​មាន​វិវាទ​ការងារ​ទេ​។ នេះ​គឺជា​ប្រាក់​ដែល​រាជរដ្ឋាភិបាល​បង់​ជំនួស​ឲ្យ​កម្មករ​និយោជក​ដែល​បាន​បិទទ្វារ​ដោយ​ថៅកែ​រត់ចោល​កម្មករ​និយោជិត​។ អ្វី​ដែល​កម្មករ​និយោជិត​ទទួល​បាន​គឺ​ប្រសើរ​ជាង​ការអនុវត្ត​តាម​ច្បាប់​ក្ស័យធន​។ «​រាជរដ្ឋាភិបាល​នឹង​បន្ត​តាម​នីតិវិធី​ជាមួយ​និយោជក​ដែល​បាន​រត់ចោល​កម្មករ​នោះ​ជា​បន្តទៀត​»​។

លោក ហេង សួរ បន្ថែម​ថា​ប្រាក់​ដែល​លក់​ឡាយឡុង​សម្ភារ​ក្នុង​រោងចក្រ​គឺ​មាន​តិចតួច​ប្រហែល​ ២៥% នៃ​ប្រាក់​ដែល​ពួកគាត់​កំពុង​ទទួល​បាន​នេះ​ហើយ​ប្រាក់​លក់​សម្ភារ​នឹង​ត្រូវ​បង់​ចូល​ថវិកា​ជាតិ​វិញ​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ថា ការផ្ដល់​សំណង​នេះ​ប្រហែល​ជា​ក្រសួង​ការងារ​ទទួល​យក​ឯកសារ​ពី​ក្រុមហ៊ុន និង​សហជីព​ដែល​ត្រូវ​គ្នា​ជាមួយ​រោងចក្រ ទើប​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​គណនា មិន​បាន​ទទួល​ឯកសារ​សុក្រឹត សម្រាប់​កម្មករ​ទាំងអស់​។ ជាពិសេស​ក្រុមហ៊ុន​តម្រូវ​ឲ្យ​កម្មករ​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​។ «​ខ្ញុំ​យល់​ថា វា​មិន​ប្រក្រតី ព្រោះ​ពួកគាត់​បាន​បំបាត់​អតីតភាព​ការងារ​របស់​កម្មករ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា ភាគី​សហជីព​នោះ ឬ​ថៅកែ​ទេ​ដែល​ជា​អ្នក​បំបាត់​។ កម្មករ​អាច​មាន​សិទ្ធិ​ទាមទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ សើរើ​ឯកសារ​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នេះ​»​។

តំណាង​រោងចក្រ Benoh Apparel និង​រោងចក្រ Yu Fa Garment Industry មិន​អាច​ទាក់ទង​បាន​ទេ​៕