ភ្នំពេញៈ កម្មករប្រមាណ ១០០ នាក់មកពីរោងចក្រកាត់ដេរម៉ៅការមួយមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញបាននាំគ្នាតវ៉ាចំពោះករណីម្ចាស់រោងចក្រមិនទាន់បានបើកប្រាក់ខែឱ្យ ហើយបានគេចខ្លួនបាត់។
លោក ស៊ុត ស៊ីណា នាយរងប៉ុស្តិ៍ស្ទឹងមានជ័យទី ១ បានថ្លែងថា កម្មករបានផ្តើមធ្វើបាតុកម្មតាំងពីថ្ងៃទី ១០ ខែកញ្ញាមកម្ល៉េះ បន្ទាប់ពីបានដឹងថាម្ចាស់រោងចក្រមិនបានមកបើកប្រាក់ខែឲ្យពួកគេ។ កម្មករនៅរោងចក្រនោះមានប្រមាណ ២៥៧ នាក់ តែកម្មករ និងមន្ត្រីមកពីក្រសួងបានជួបគ្នាហើយ។
លោកថា៖ «យើងគ្រាន់តែមកដើម្បីធ្វើឱ្យប្រាកដថា ពួកគេធ្វើដោយសន្តិវិធីប៉ុនណា?
ខ្ញុំបានឃើញមន្ត្រីមកពីក្រសួងចុះសាកសួរកម្មករ ហើយធ្វើរបាយការណ៍អំពីករណីនេះ ប៉ុន្តែនៅមិនទាន់មានកិច្ចព្រមព្រៀងទេ។ ទាក់ទងនឹងការបាត់បង់សម្ភាររោងចក្រគឺវាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ គឺកម្មករការពារដោយខ្លួនឯង»។
អ្នកស្រី រស់ សុខ អាយុ ៣៥ ឆ្នាំដែលបានធ្វើការនៅរោងចក្រនេះ ៤ ឆ្នាំ ហើយបានចូលរួមធ្វើការតវ៉ា និងបានស្នាក់នៅក្នុងរោងចក្រ ១ យប់បានថ្លែងថា ប្រាក់ខែជាធម្មតាតែងបើកនៅពេលរសៀលថ្ងៃ ១០ រៀងរាល់ខែ តែពេលនេះមិនឃើញ។
អ្នកស្រីថា៖ «ធម្មតាជារៀងរាល់ខែយើងបើកប្រាក់ខែនៅថ្ងៃទី ១០ គឺនៅប្រហែលម៉ោង ៣ រសៀល។ ប៉ុន្តែនៅពេលនោះយើងមិនបានឃើញថៅកែមកបើកប្រាក់ខែឲ្យពួកយើងទេ ដូច្នេះពួកយើងគិតថា ច្បាស់ជាមានអ្វីខុសប្រក្រតីហើយ។ ជាមួយគ្នានេះដែរយើងក៏មិនបានឃើញមេក្រុមរបស់យើងដែលជាជនចិនដែរ ពួកគេស្រាប់តែបាត់ខ្លួនភ្លាមៗតែម្តង»។
អ្នកស្រីបន្ថែមថា៖ «ថ្ងៃនេះពួកយើងកំពុងតវ៉ា។ ខ្ញុំរំពឹងថា ខ្ញុំអាចទទួលបានប្រាក់ខែចំនួន ៤០០ ដុល្លារនៅក្នុងខែនេះពីព្រោះខ្ញុំបានធ្វើការថែមម៉ោងច្រើនណាស់ ជួនកាលខ្ញុំត្រូវធ្វើការរហូតដល់ម៉ោង ៨ ឬ ១០ យប់ហើយពេលខ្លះធ្វើរហូតដល់ភ្លឺក៏មាន។ ខ្ញុំសង្ឃឹមថា ក្រសួងអាចផ្តល់ដំណោះស្រាយឆាប់ៗ ពីព្រោះពួកយើងត្រូវការប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃ»។
អ្នកស្រីថា៖ «យើងតវ៉ានៅក្នុងរោងចក្រ ដូច្នេះហើយអតិថិជនដែលរោងចក្រនេះដេរខោអាវឱ្យនឹងមិនអាចចូលមកយកម៉ាស៊ីន និងសម្លៀកបំពាក់ ឬសម្ភារផ្សេងទៀតបាន»។
យ៉ាងណាក្ដីលោក ស៊ីណា បានបញ្ជាក់ថា៖ «កម្មករការពារសម្ភាររោងចក្រខ្លួនឯង...ក្នុងនាមជាអាជ្ញាធរយើងមិនអាចធានានូវការបាត់បង់បានទេ លើកលែងតែក្រសួងផ្តល់ដំណឹង និងណែនាំឲ្យយើងការពារដូច្នេះទើបយើងអាចធ្វើបាន។ យើងគ្រាន់តែសង្កេតមើលប៉ុណ្ណោះ»។
លោក ជួន វុឌ្ឍី ប្រធានមន្ទីរការងាររាជធានីភ្នំពេញបានថ្លែងថា រោងចក្រនោះគឺជារោងចក្រម៉ៅការដេរសម្លៀកបំពាក់ឲ្យគេគឺដេរឱ្យរោងចក្រធំៗ ហើយក្រុមកម្មករតវ៉ាទាមទារប្រាក់ខែសម្រាប់ខែសីហា។
លោកបញ្ជាក់ថា៖ «ឥឡូវនេះយើងកំពុងធ្វើការលើករណីនេះ វាជារោងចក្រម៉ៅការ ដេរសម្លៀកបំពាក់ឲ្យរោងចក្រធំៗ។ យើងកំពុងសិក្សាមើលថា តើរោងចក្រណាដែលរោងចក្រនេះដេរសម្លៀកបំពាក់ឲ្យ? យើងយកចិត្តទុកដាក់ណាស់ក្នុងរឿងនេះ ប៉ុន្តែមិនអាចប្រាប់បានទេថា ពេលណាទើបមានដំណោះស្រាយ»៕ NS