
កម្មករកំពុងផ្តឹតមេដៃនៅលើញត្តិដាក់ទៅអាជ្ញាធរនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ កម្មករនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត (First Gawon Apparel) ប្រមាណជាង ៣០០ នាក់ បានជួបជុំគ្នានៅមុខរោងចក្រ នៅព្រឹកថ្ងៃទី ២០ ខែមេសា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើការតវ៉ា និង ផ្តិតមេដៃ ដាក់ទៅស្ថាប័នពាក់ព័ន្ធ ទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលដែលខកខានមិនបានបើកតាំងពីខែ ធ្នូ កន្លងមក។
ជាមួយគ្នានេះដែរ តំណាងកម្មករឈ្មោះ ខេម មករា បានអះអាងថា ពួកគេកំពុងប្រមូលស្នាមមេដៃ និងដាក់ញត្តិទៅកាន់សាលាខណ្ឌមានជ័យ នៅរសៀលថ្ងៃទី ២០ ខែមេសានេះផងដែរ។
ក្រុមកម្មករមានគម្រោងដាក់ញត្តិ នៅតាមស្ថាប័នរដ្ឋ អង្គការ ស្ថានទូតកូរ៉េ សរុបចំនួន ១០ ស្ថាប័នទៀតនៅត្រឹមថ្ងៃចន្ទ ទី ២៣ ខែមេសានេះ ដើម្បីសុំអន្តរាគមន៍ ទៅលើបញ្ហាប្រាក់ឈ្នួលរបស់ពួកគេនេះ។
ក្នុងអំឡុងចូលឆ្នាំខ្មែរកន្លងមក ដើម្បីធានាថា ម្ចាស់រោងចក្រកូរ៉េមួយនេះ មិនឆ្លៀតឱកាសដឹកសម្ភារចេញពីរោងចក្រ ក្រុមកម្មករប្រមាណ ១០ នាក់ បានយាមប្រចាំការនៅរោងចក្រ ដោយបារម្ភខ្លាចមានការដឹកសម្ភារៈចេញពីរោងចក្រ ដើម្បីចៀសវាងការមិនទទួលបានប្រាក់សំណង។
កម្មកររោងចក្រនេះ បាននាំគ្នាតវ៉ាអស់រយៈពេលជាយូរមកហើយ ដើម្បីទាមទារប្រាក់ខែដែលមិនទាន់បានបើក និងភ័យខ្លាចថា ក្រុមហ៊ុននេះបិទទ្វារ ហើយមិនផ្តល់ប្រាក់សំណងដល់កម្មករ។
ម្ចាស់រោងចក្រ Gawon លោកស្រី Mercedes Cha មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
កាលពីខែមករា ឆ្នាំ ២០១៨ កម្មកររាប់រយនាក់ ត្រូវបានបណ្តេញចេញពីរោងចក្រ Gawon បន្ទាប់ពីមិនគោរពតាមដីការបស់តុលាការ ដែលបង្គាប់ពួកគេ ឲ្យត្រឡប់ចូលធ្វើការវិញ ខណៈជម្លោះកំពុងត្រូវបានដោះស្រាយ៕