កណ្តាលៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល​បាន​សម្រេច​ឃុំ​ខ្លួន​ក្រុម​ជន​សង្ស័យ​ ៤​ នាក់​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ទី​ ៦ ​កុម្ភៈ​បន្ទាប់​ពី​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការ​ប៉ុន្មាន​ម៉ោង​ពាក់ព័ន្ធ​នឹងការសម្លាប់​ជន​រង​គ្រោះ​ម្នាក់​នៅ​ភូមិ​ព្រែកក្តី​ ឃុំ​ព្រែក​តា​ទែន ​ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល។

លោក​​ ទិន​ សុចិត្រា ​ព្រះ​រាជ​អា​ជ្ញា​រង ​និង​ជា​អ្នក​នាំ​ពាក្យ​​សា​លា​ដំបូង​ខេត្ត​កណ្តាល ​ប្រាប់​ពី​ម្សិលមិញ​ថា​ក្រុម​ជន​សង្ស័យ​ទាំង​ ៤ ​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ការសម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ពញាឮ​នោះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួ​រចោទ​និងបញ្ជូន​ពួកគេ​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​ហើយ​កាល​ពី​ម្សិលមិញ។

លោក​បញ្ជាក់ថា​៖ «ពួកគេ​ត្រូវ​ចោទ​ពី​បទ​ឃាតកម្ម​តាម​បញ្ញត្ដិមាត្រា ​១៩៩ ​​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​»។ បើ​តាម​មាត្រា ១​៩​៩ ​នេះ​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​ក្រុម​ជន​សង្ស័យ​ពិត​ជា​មាន​កំហុស​មែន​នោះ​ ពួកគេ​នឹង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​ ១​០ ​ឆ្នាំ​ទៅ ​១​៥ ​ឆ្នាំ។​

លោក​ ឡាក់​ ម៉េង​ធី​ ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​កា​រដ្ឋាន​គរ​បាល​ខេត្ត​កណ្តាល​ប្រាប់​ថា​ជន​សង្ស័យ​ទាំង​ ៤ ​នាក់ ​ដែល​ពាក់​ព័ន្ធ​​ការ​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​នោះគឺ​ឈ្មោះ​​ឡេង ​ម៉ៅ អាយុ ៤​៦ ​ឆ្នាំ​ ​ឡេង​ សុភ័​ណ្ឌ អាយុ ​៣​១ ​ឆ្នាំ​ សាត ​សទ្ធារៈ​ អា​យុ​ ២​២ ​ឆ្នាំ​ និង​ឈ្មោះ​ អេ​ង​ ប៊ុន​ធឿន​ អា​យុ​ ២៧ ​ឆ្នាំ​។ ​ឯ​បុរស​រង​គ្រោះ​ឈ្មោះ​ ជឿន​ ម៉ក់​ អា​យុ​ ៣១ ​ឆ្នាំ​ ពួកគេ​ជា​កម្មករ​បែ​ត្រី​ដូចគ្នា។

លោក​ប្រាប់​ថា​ ដើម​ហេតុ​ក្នុងរឿង​នេះ ​មុន​ដំបូង​ក្រុម​ជន​សង្ស័យ​ទាំង​ ៤ ​នាក់​​បាន​ទៅ​ទារ​លុយ​ថ្លៃ​ពលកម្ម​ពី​ម្ចាស់​បែ​ត្រី​។ ប៉ុន្តែ​ពេល​ទៅ​ដល់​បែត្រី​នោះមិន​ឃើញ​ម្ចាស់​ក៏​សួរ​ទៅ​ជន​រងគ្រោះ ហើយ​ជនរងគ្រោះ​ប្រាប់​ថា​ថៅកែ​មិន​នៅ​ប៉ុន្តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ក៏​ទាស់​ស​ម្តី​​គ្នា​។​ ពេល​នោះ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​បាន​យក​ដំបង​ឈើ​គប់​លើ​ជន​រង​គ្រោះតែ​ចៃដន្យក៏​ត្រូវ​ចំ​សៀតផ្កា​ប្រកាច់ ហើយ​ត្រូវ​ក្រុម​កម្មករ​លើបែនោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯក​ជន ១ ​តែ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ។

លោក​ ពេញ ​វុទ្ធី​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិកា​ដ្ឋាន​នគរ​បាល​ស្រុក​ព​ញា​ឮ​បានឲ្យ​ដឹង​ដែរថា​ ករណី​នេះ​ បាន​កើត​ឡើង​​នៅម៉ោង​ ១២ ​និង​ ៣០ ​នាទី​ថ្ងៃទី​ ៥ ​ខែ​មករា ​នៅ​ចំណុច​គន្លង​ដាយ​លេខ ​១១ ​សេ​ ក្នុង​ភូមិ​ព្រែក​ក្តី ឃុំ​ព្រែក​តា​ទែន​ ស្រុកពញា​ឮ​ ខេត្ត​កណ្តាល។

លោក​បញ្ជាក់​ស្រដៀងគ្នា​ដែរ​ថា ​នៅ​មុន​កើត​ហេតុ​ក្រុម​ជន​សង្ស័យ​បាន​ជិះទូក​ទៅ​ទារ​ប្រាក់​ថ្លៃ​ពល​កម្ម​ពី​ម្ចាស់​គន្លង​ដាយ​លេខ​ ១១​ (C)​ ចំនួន ​១០ ​ម៉ឺន​រៀល។​ ពេល​នោះ​ជន​រង​គ្រោះ​ប្រាប់​ក្រុម​ជន​សង្ស័យ​ថា​ ម្ចាស់​គន្លង​ដាយ​មិន​នៅ​ហើយ​ក៏​ទាស់​សម្តី​គ្នា។​

លោក​បន្តថា​ភ្លាម​នោះក៏​ស្រាប់​តែ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ​ឡេង សោភ័ណ្ឌ​ ស្ទុះ​ទៅ​យក​ដំបង​ឈើ​មូល​គប់​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ជឿន ម៉ក់​ ចំ​ត្រង់​គុម្ពត្រ​ចៀក​ខាង​ឆ្វេង​បណ្តាល​ឲ្យ​ប្រកាច់​បែក​ពពុះ​មាត់ ​និង​ផ្អើល​ដល់​ពលរដ្ឋ​ជិត​ខាង​ក៏​បាន​យក​ជនរ​ងគ្រោះ​បញ្ជូន​ទៅ​គ្លី​និ​កឯក​ជន ​នៅភូមិ​ព្រែក​ក្តី​ ប៉ុន្តែ​ពេល​មកដ​ល់​គ្លី​និ​កក៏​ដាច់​ខ្យល់​ស្លាប់​តែម្ដង។

លោក​ថា ​ក្រោយ​បង្ក​ហេតុ​ជន​សង្ស័យ​​ទាំង​ ៤ ​នាក់​បាន​នាំ​គ្នា​រត់​គេច​ខ្លួន ​ប៉ុន្តែ​ដោយ​មាន​ការ​រាយ​ការណ៍​ប្រាប់​ពី​អ្នក​នៅ​​កន្លែង​កើត​ហេតុ​សមត្ថ​កិច្ច​របស់​លោក​ក៏​ស្ទាក់​ចាប់​បាន​មក​វិញ។ រីឯវ​ត្ថុ​តាង​ដែល​សមត្ថ​កិច្ច​ដក​ហូត​បាន​ពី​ក្រុម​ជន​​សង្ស័យ​មាន​ដំបង​ឈើ​មូល​ ១ ប្រ​វែង​ ០,៦២ ​ម៉ែត្រ។

លោក​បន្ត​ថា ក្រោយកើ​ត​​ហេតុ​ ន​គ​របាល​ប៉ុស្ដិ៍​រដ្ឋបា​ល បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ ដោយ​សហ​ការ​ជាមួយ​គ្រូពេទ្យ​ឃុំ ​ពិនិត្យ​លើសាក​សព​ ​ឃើញ​មាន​ស្លាក​ស្នាម​រលាត់​ជាំ​ ១ ​កន្លែង​ប្រវែង ​២ ​សង់ទី​ម៉ែត្រ ចំណុច​គុម្ព​ត្រ​ចៀក​ខាង​ឆ្វេង ដោយក្រុមជំនាញពិនិត្យ​​ឃើញ​ថា ​ជនរ​​ងគ្រោះ​ស្លាប់​ដោយ​សារ​ត្រូវ​ដំបង​​នៅ​គុម្ព​ត្រចៀក​ពិត​ប្រា​កដ​មែន​៕