ភ្នំពេញៈ ​បន្ទាប់​បរា​ជ័យ​ក្នុង​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ មួយ​ចំនួន​ទៀត​ អស់​រយៈ​ពេល​ជិត​ ៣ ខែ​កន្លង​មក​នោះ​ ​កម្មករ​កម្មកា​រិនី​នៃ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ W&D ​Cambodia ​Co., Ltd ​ប្រ​មាណ ​២០០ ​នាក់​ក្នុង​ចំ​ណោម​កម្ម​ករ​ កម្ម​ការិនី ​១១០៤ នាក់​ដែល​ត្រូវ​បាន​រោង​ចក្រ​បញ្ឈប់កាលពីដើម​ខែ​មក​រា​ ឆ្នាំ​ ២០១៩ នេះ​ បាន​មក​ប្រមូល​ផ្ដុំ ​គ្នា​ជា​ថ្មី​កាលពី​ម្សិល​មិញ នៅ​សួន​ច្បារ​មុខ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ក្បែរ​ស្តូប​វិមាន​ឯក​រាជ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រីជួយ​អន្ត​រាគមន៍​ ដើម្បី​ឲ្យ​ពួកគេ​បាន​ត្រឡប់​​ចូល​ធ្វើការ​វិញ។

កម្មករ​កម្មកា​រិនី​ ១ ​១០៤ ​នាក់​បាន​ធ្វើ​​កូ​ដ​កម្ម​តវ៉ា​អ​ស់​រយៈ​ពេល​ជាង​ ១ ​សប្ដាហ៍​ (​២​៤ ធ្នូ ២០១៨​ ដល់ ​១ ​មករា ​២០១៩​)​ ដើម្បី​ទាម​ទារ​ឲ្យ​ភាគី​ក្រុម​ហ៊ុន​បើក​ប្រាក់​អតីតភាព​ការ​ងារ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​​ជា​កញ្ចប់​​ដល់​​ពួកគេ​នា​ពេល​កន្លង​មក​នោះ។

​កម្ម​ការិនីឈ្មោះ សាំង ​ចាន់រី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ពេល​កំ​ពុង​តវ៉ាកាល​ពី​ម្សិល​មិញ​ថា​ នៅ​ពេល​នេះ​ក្រុម​កម្ម​ករ​​ទាំង​អស់​មិន​ចង់​បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ជា​កញ្ចប់​ទៀត​នោះ​ទេ​គឺ​សុំ​ឲ្យតែ​ភាគី​រោង​ចក្រ​ទទួល​យក​កម្មករ​ទាំង​អស់​ចូល​ធ្វើ​ការ​វិញ​ ដោយ​ពុំមាន​ការ​រើស​អើង ​បុរស ​នារី ​ក្មេង ​ចាស់​ ឬអ្នក​មាន​ផ្ទៃពោះ។​

​​​​ចាន់​រី និយាយ​​ថា​៖ ​«​ភាគី​រោង​ចក្រ​បាន​បញ្ឈប់​ពួក​យើង​ពី​ការងារ​ និងប្ដឹង​ចោទ​ពួក​យើង​ខ្ញុំ​ជា​តំណាង​ ពី​បទ​បំ​ផុស​បំ​ផុល​ចល​នា​កម្មករ​ឲ្យ​ធ្វើ​កូដ​ក​ម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ទៅ​តុលាការ ​គឺ​វា​អយុត្តិ​ធម៌​សម្រាប់​ពួកយើង​ខ្ញុំជា​តំណាង ដូច្នេះ​ហើយ​ទើប​បង​ប្អូន​កម្មករ​​យើង​ខ្ញុំ​ ទាំងអស់​​មិន​សុខ​ចិត្ត​ ហើយ​ពួកគាត់​ បាន​នាំ​គ្នា​បន្ត​កូដ​កម្មត​វ៉ា ​សុំ​ឲ្យភា​គី​រោ​ងចក្រ​ទទួល​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ចូ​ល​ធ្វើ​ការ​វិញ ​ដោយ​ពុំ​មាន​ការ​រើស​អើង»។

​តំណាង​ម្នាក់​ទៀត​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ការ​តវ៉ា​នោះ​ដែរ​ លោក​ វិត​ វណ្ណ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សម្រេច​ចេញ​លិខិត​រក្សា​ការពារ​មួយ​កាល​ពី​ថ្ងៃទី​ ៣១ ​ខែ​ធ្នូ ​ឆ្នាំ ​២០១៨ ​ដោយ​បង្គាប់​ឲ្យ​ភាគី​កម្មករ​វិល​ចូល​ធ្វើ​ការ​​វិញ​ក្នុង​រយៈ​ពេល​ ៤៨ ​ម៉ោង​ ក្រោយ​ពី​ពួក​គាត់​បាន​នាំគ្នា​ត​វ៉ា​អស់​រយៈ​ពេល​ ១ ​សប្ដាហ៍​នោះ​ ពួក​គាត់​បាន​វិល​ត្រឡប់​ចូលធ្វើ​ការ​តាម​ដី​កា​ប​ង្គាប់​បញ្ជារ​បស់​តុលាការ​ ប៉ុន្តែ​ខាង​រោង​ចក្រ​ បាន​បញ្ចប់​កិច្ច​សន្យា​បញ្ឈប់​ពី​ការងារ។

លោក​ វណ្ណ​ បាន​និយាយ​ថា៖​ «​យើង​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការតវ៉ា​ជាថ្មី​ ព្រោះ​ភាគី​រោង​ចក្រ​មិន​គោរព​តាម​ការ​បង្គាប់​បញ្ជារ​បស់​តុលាការ»។

អ្នក​ស្រី ​ឆេង ​សុគន្ធា ​ជំនួយ​ការ​រដ្ឋ​បាល​រោង​ចក្រ ​W&D Cambodia Co., Ltd ​បាន​ថ្លែង​ថាខាង​ភាគី​ក្រុម​ហ៊ុន​ បាន​ស្នើ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​សម្រប​សម្រួល​ដំណោះ​ស្រាយ​បញ្ចប់​​វិវាទ​នៅ​ក្រសួង​ការងារ​នៅ​រសៀល​ថ្ងៃ​អង្គារ​ ដោយ​សុំ​ឲ្យ​មាន​តែ​តំណាង ៦ នាក់​ចូលរួម។​

​លោក ​ហែម​ ហឿន ​អគ្គ​លេខា​ធិការ​រងនៃ​គណៈ​ក​ម្ម​ការ​ដោះ​ស្រាយ​កូដ​កម្ម ​និង​បាតុ​កម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​ ​វិជ្ជា​ជីវៈ​ បាន​ថ្លែង​​ថា​ ក្រសួង​បាន​ព្យា​យាម​សម្រប​សម្រួល​ដំណោះ​ស្រាយ​​វិវាទ​ការងារ​រវាង​ភាគី​ក្រុម​ហ៊ុន​រោង​ចក្រ​ W&D Cambodia Co., Ltd ​និង​កម្មករ​ដែល​មក​តវ៉ា​នេះ​ ច្រើន​ដង​មក​ហើយ​ ប៉ុន្តែ​ពួកគេ​មិន​សះ​ជា​នឹង​គ្នា៕