កំពង់ស្ពឺៈ កម្មករ​រោងចក្រ ម៉ូណូភា Monopia (Cambodia) ​នៅ​ខេត្ត​​កំពង់ស្ពឺ​ប្រមាណ​ជា​ ៦០០ ​នាក់ ​បាន​ចូលធ្វើការ​វិញ​កាលពី​ថ្ងៃទី​ ១៨ ខែ វិច្ឆិកា ក្រោយពី​ធ្វើបាតុកម្ម​កាលពី​សប្ដាហ៍​មុន ប្រឆាំង​រោងចក្រ​បញ្ឈប់​តំណាង​កម្មករ​ ៩ ​នាក់​។

កាលពី​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា កម្មករ​រោងចក្រ ម៉ូណូភា (​ខេមបូឌា) Monopia (Cambodia) ដែលមាន​ទីតាំង​ក្នុងស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ជាង ៦០០ ​នាក់ ក្នុង​ចំណោម​កម្មករ​សរុប​ជាង ៩០០ ​នាក់ ​បាន​ផ្ទុះ​បាតុកម្ម​នៅមុខ​រោងចក្រ​ក្រោយ​ទទួលដំណឹង​ពី​ការបញ្ឈប់​តំណាង​របស់​ពួកគេ​ចំនួន​ ២ ​នាក់ ​កាលពី​ដើមខែ ហើយ​ក្រោយមក​បញ្ឈប់​ ៧ ​នាក់​ថែមទៀត​។

លោក ចឹក បូរិន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​អធិការកិច្ច​កំពុងតែ​ចុះ​ប្រមូល​នូវ​ភ័ស្តុតាង​ជុំវិញ​ការចោទប្រកាន់​តំណាង​កម្មករ​ ២ ​នាក់​ដែល​ថៅកែ​បញ្ឈប់ ដោយហេតុ​ថា ពួកគេ​មិនបាន​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ និង​បាន​ប្រើប្រាស់​ពាក្យសម្តី​ខ្លាំង​មកកាន់​ថៅកែ​។

លោក បូរិន ថ្លែងថា​៖ «​ជាធម្មតា​ថ្នាក់ដឹកនាំ​សហជីព​ជា​តំណាង​កម្មករ នៅពេល​ដែល​បញ្ឈប់ គឺ​ក្រុមហ៊ុន​មិនមាន​សិទ្ធិ​បញ្ឈប់​ពួកគាត់​ទេ គឺ​លុះត្រាតែ​មាន​ការអនុញ្ញាត​ពី​មន្ត្រី​នៃ​អធិការកិច្ច ដូច្នេះ​ពួកខ្ញុំ​ត្រូវការ​រយៈពេល ៧ ​ថ្ងៃ ដើម្បី​ចុះ​អង្កេត​សួររក​ហេតុផល និង​រក​កំហុស ដើម្បី​បង្ហាញថា​ពិតជា​មាន​សកម្មភាព​ខុស​ដូច​ការចោទប្រកាន់​មែន​អត់​?»​។

លោក ចឹក បូរិន បន្តថា​៖ «​បើសិន​ជា​យើង​រកឃើញ​ថា ពិតជា​មាន​កំហុស​ធ្ងន់​មែន នោះ​ទើប​យើង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​។ ប៉ុន្តែ​បើ​យើង​រក​មិនឃើញ​ទេ គឺ​យើង​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​គាត់​ចូល​ធ្វើការ​វិញ​។ ឥឡូវ​យើង​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​នៅឡើយ​»​។

លោក សំ សុជា ប្រធាន​រដ្ឋបាល​រោងចក្រ ម៉ូណូភា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ភាគី​ខាង​រោងចក្រ​នឹង​អនុវត្ត​ទៅតាម​សេចក្តី​សម្រេច​របស់​មន្ត្រី​អធិការកិច្ច បើ​ទោះជា​មាន​សេចក្តី​សម្រេច​បែបណា​ក៏ដោយ ព្រោះ​ការព្យួរ ៧ ​នាក់​បន្ថែមទៀត គឺជា​រឿង​មួយ​ដោយឡែក ព្រោះ​ដំបូង​ព្យួរ​តែ ២ ​នាក់​ទេ ដោយសារ​មូលហេតុ គាត់​ដឹកនាំ​ធ្វើ​កូដកម្ម​ខុសច្បាប់​។

លោក សុជា ថ្លែងថា​៖ «​យើង​មិនទាន់​បាន​សម្រេច​បញ្ឈប់​គាត់​ទេ​»​។

លោក អឿន ចាន់នី តំណាង​កម្មករ​ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការតវ៉ា​របស់​កម្មករ​គឺ​បាន​ធ្វើឡើង​ដោយ​កម្មករ​ផ្ទាល់ ហើយ​គ្មាន​ការញុះញង់​នោះទេ ព្រោះតែ​កម្មករ​យល់ថា ការបញ្ឈប់​តំណាង​របស់​ពួកគេ​គឺជា​រឿង​អយុត្តិធម៌ ហើយ​កម្មករ​នៅក្នុង​រោងចក្រ​ចូលធ្វើការ​ដោយ​ការបង្ខំ​ទេ កុំ​ឲ្យ​ខុស​នីតិវិធី​នៃ​ច្បាប់​តាមចិត្ត​របស់គាត់ មិន​ចង់​ចូល​ធ្វើការ​ទេ​។

លោក​ថា​៖ «​ខ្ញុំ​កំពុង​ជូនដំណឹង​ទៅខាង​រោងចក្រ និង​ខាង​មន្ទីរ​ការងារ រួមទាំង​អាជ្ញាធរ​ដែនដី​ឲ្យ​ដឹងថា កម្មករ​នៅក្នុង​រោងចក្រ​នេះ​នឹង​ប្រមូល​គ្នា​ធ្វើ​កូដកម្ម​បន្តទៀត​ក្នុង​អំឡុងពេល ៧ ថ្ងៃ​ខាង​មុខ​ក្រោយ​ដីកា​រក្សា​ការពារ​ផុតកំណត់​»​។

លោក​ថា ដំណោះស្រាយ​ដែល​សហជីព និង​កម្មករ​ចង់បាន​គឺ​ទី​១- ​ស្នើឲ្យ​ទទួល​យក​តំណាង​កម្មករ​ដែល​បាន​ព្យួរ​ទាំង ៩ ​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ ទី​២- ​បញ្ឈប់​ការរើសអើង​លើ​សហជីព​នៅក្នុង​រោងចក្រ និង​ចុងក្រោយ​ស្នើឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងចក្រ​នេះ​ចេញ​ពី​ការងារ​៕