ភ្នំពេញៈ តំណាង​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីនទ្រី បាន​ដាក់ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ ដើម្បី​ស្នើសុំ​ធ្វើការ​ចរចា​ជាថ្មី​ម្តងទៀត នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ពួកគាត់​អាច​នឹង​វិល​ចូលធ្វើការ​វិញ ប្រសិន​បើ​ខាង​សាលាក្រុង​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការផ្តល់​សំណង​ដល់​ពួកគាត់​។

លោក​ ម៉ី ផាន អគ្គលេខាធិការ​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ម្សិលមិញ​ថា កម្មករ​បាន​ផ្តិតមេដៃ​ដាក់​ញត្តិ​ទៅ​សាលាក្រុង​ដើម្បី​សុំ​ចរចា និង​ចុះមក​ដោះស្រាយ​ម្តងទៀត​។ ខ្លឹមសារ​នៃ​ញត្តិ គឺ​កម្មករ​នៅតែ​ស្នើសុំ​ ៥ ​ចំណុច​ដដែល​ដូចដែល​អភិបាលក្រុង​លោក​ ឃួង ស្រេង សន្យា​ថា​នឹង​ទូទាត់​ឱ្យនៅ​ពេល​ថ្ងៃ​បញ្ចប់​នៃ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដែល​ពីមុន​កម្មករ​ទាមទារ​ឱ្យមាន​ការទូទាត់​ឱ្យ​កម្មករ​ភ្លាមៗ​។ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ហាក់​ដូចជា​ពិបាក​ក៏កម្មករ​ទាំងនេះ​យល់ព្រម​តាម​កំណត់ហេតុ​របស់​អភិបាលក្រុង​វិញ​។

លោក​ ម៉ី ផាន ថ្លែង​ថា​៖ «​ដោយសារ​តែ​កម្មករ​យល់ឃើញ​ថា ស្ថានភាព​មិនអាច​ដូច​អ្វី​ដែល​ពួកគាត់​ចង់បាន​ភ្លាមៗ​ដែល​ធ្វើឱ្យ​ពួកគាត់​សម្រេច​ដាក់​លិខិត​ទៅ​សាលាក្រុង​ស្នើសុំ​ចរចា​ដោះស្រាយ​វិវាទ​នេះ​ម្តងទៀត​។ កម្មករ​អាច​នឹង​យល់ព្រម​តាម​កំណត់ហេតុ​កាលពី​ថ្ងៃទី​ ៧ ​កន្លងមកនេះ​។ ប៉ុន្តែ​គ្រាន់តែ​យើង​ចង់បាន​ភាពជាក់លាក់​ដោយ​សាលាក្រុង​កំណត់​ថ្ងៃខែ​ឆ្នាំ​ពិតប្រាកដ​»​។ ប៉ុន្តែ​លោក​ ម៉ី ផាន បដិសេធ​សុំ​មិនផ្តល់​ញត្តិ​ដែល​បានដាក់​ទៅ​សាលាក្រុង​មក​ភ្នំពេញ​ប៉ុស្តិ៍​នោះទេ​។

យោងតាម​កំណត់ហេតុ​ស្តីពី​ការសម្របសម្រួល​ដោះស្រាយ​ករណី​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី បាន​សម្រេច​ជា​លទ្ធផល​ថា ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ស្តីពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នកទទួល​​ខុសត្រូវ​។ ចំពោះ​ការងារ​របស់​កម្មករ​និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីនទ្រី​ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ​។

លោក​ ម៉ី ផាន បញ្ជាក់​ថា​៖ «​ការចរចា​លើក​មុន​មិនមាន​ការបញ្ជាក់ ច្បាស់លាស់​ពីថ្ងៃ​កំណត់​នៃ​ការផ្តល់​ជូន​កម្មករ ប៉ុន្តែ​លើក​នេះ​ប្រហែល​ជា​មាន​ការបញ្ជាក់​ច្បាស់លាស់​ដោយសារ​មានការ​និយាយ​គ្នា​ក្រៅ​ផ្លូវការ​រវាង​តំណាង​សហជីព និង​មន្ត្រី​សាលាក្រុង​ខ្លះ​ដែរ តែ​ខ្ញុំ​មិនអាច​និយាយ​បានទេ​។ ហេតុនេះ​ហើយ​បានជា​យើង​ដាក់​លិខិត​ទៅ​សាលាក្រុង​សុំ​ចរចា​ម្តងទៀត​នេះ​»​។

លោក​ ពៅ សុភក្រ អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​តាំងពី​ឆ្នាំ​ ២០០២ បានប្រាប់​ផងដែរ​ថា លោក​នឹង​ទៅ​ធ្វើការ​វិញ នៅពេល​ណា​ដែល​មាន​ការដាក់​កំណត់​ថ្ងៃ​ច្បាស់លាស់​ថា ផ្តល់​សំណង​ឱ្យ​កម្មករ​ថ្ងៃ​ ឬ​ខែ​ណា​ពិតប្រាកដ​។

លោក​និយាយថា​៖ «​យើង​ទាមទារ​ ៥ ​ចំណុច តែបើ​គេ​ឱ្យ​ ៣ ​ឬ​ ២ ​ចំណុច​ក៏​ខ្ញុំ​ព្រម​ដែរ​ឱ្យតែ​គេ​កំណត់ ថា ពួកយើង​ទទួល​បាន​នៅ​ខែ​ណាមួយ​។ ឧទាហរណ៍​ថា កម្មករ​នឹងត្រូវ​បានផ្តល់​សំណង​តាម​ការទាមទារ​នៅ​ខែ​ ១១ ​ឬ​ខែ​ ១២ ​ដូចនេះ ខ្ញុំ​យល់ព្រម​ដោយសារ​មាន​កំណត់​ពេលវេលា​ច្បាស់លាស់​»​។

អ្នកបើកបរ​រូបនេះ​ក៏​បាន​រំឭក​ពី​សម្តី​របស់​អភិបាលក្រុង ដែល​បានមក​ដោះស្រាយ ហើយ​គ្រាន់តែ​និយាយ​ដោយ​មិនមាន​កំណត់ហេតុ​កំណត់​ពេលវេលា​ច្បាស់ ដែល​លោក​ថា​ហេតុផល​នេះហើយ ទើប​កម្មករ​មិន​ព្រម​ចូលធ្វើការ​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​បន្ទាប់ពី​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំង​ ១៤ ​ថា កម្លាំង​ប្រមូល​សំរាម​របស់​ខណ្ឌ​ទាំងអស់​បាន​ខិតខំ​ប្រមូល​សំរាម​រហូត​ជិត​បានសម្រេច​ហើយ​។ ពួកគាត់​ប្រមូលបាន​ប្រមាណ​ជាជាង​ ២ ៥០០ ​តោន​ ក្នុង​ ១ ​ថ្ងៃ​លើ​សំរាម​សរុប​ជាង​ ២ ៨០០ ​តោន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​សុំ​ជម្រាបជូន​ផងដែរ​ថា យើង​មិន​បដិសេធ​ក្នុង​ការចូល​ធ្វើការ​របស់​ពួកគាត់​ (​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​) ​វិញ​ដែរ ប៉ុន្តែ​អ្វី​ក៏ដោយ​គឺ​ត្រូវតែ​ធ្វើទៅ​តាមច្បាប់​។ ខ្ញុំ​មិនអាច​ទៅរក​លុយ​ឯណា​បាន​សម្រាប់​បំពេញ​បន្ថែម​ឱ្យ​គាត់​ដែល​គាត់​ថា​គាត់​មិន​ធ្វើការ​ហើយ​ត្រូវបាន​ប្រាក់បៀវត្សរ៍​ដដែល​នោះទេ​។ ខ្ញុំ​អត់​មាន​ប្រាក់ខែ​ឱ្យ​ទេ​។ មិនមែន​បដិសេធថា មិន​ទទួល​គាត់​ទេ ត្រូវតែ​ទទួល តែ​ក៏ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ផងដែរ​»​។

លោក​បញ្ជាក់​ថា ច្បាប់​ឱ្យ​គាត់​ធ្វើ​យ៉ាងណា​គាត់​ត្រូវធ្វើ​យ៉ាងហ្នឹង ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែលជា​អាណាព្យាបាល​របស់​កម្មករ-កម្មការិនី​គ្រប់​ប្រភេទ​ទាំងអស់​នៅតែ​សណ្តោស​ប្រណី​លើ​ពួកគាត់ ហើយ​សុំឱ្យ​គាត់​ចូលធ្វើការ​វិញ ហើយ​បន្ត​ធ្វើការ​ចរចា​បន្តទៀត​ទៅតាម​ច្បាប់​ ឬ​ភាពអនុគ្រោះ​ណាមួយ​ដែល​មិន​ផ្ទុយ​នឹង​ច្បាប់​៕