ភ្នំពេញៈ កម្មករប្រមូលសំរាមប្រមាណជិត ២ ០០០ នាក់ កាលពីម្សិលមិញបានអះអាងថា នឹងបន្តកូដកម្មដើម្បីទាមទារផលប្រយោជន៍មួយចំនួនពីក្រុមហ៊ុនស៊ីនទ្រី ក្រោយពីទទួលដំណឹងថា នឹងមានការផ្លាស់ប្ដូរក្រុមហ៊ុនថ្មី ឬក៏បំបែកក្រុមហ៊ុន ដោយហេតុនាំឱ្យបាត់បង់ផលប្រយោជន៍របស់ពួកគេដែលមានចែងក្នុងច្បាប់ការងារ។
កូដករទាំងអស់នោះបានបង្ហាញកង្វល់ពីការបាត់បង់ផលប្រយោជន៍របស់ពួកគេដូចជា ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ខណៈដែលសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ក្រុមហ៊ុនស៊ីនទ្រីនៅដំណើរការជាធម្មតា និងឱ្យកម្មករវិលត្រឡប់ទៅធ្វើការជាធម្មតាវិញ។
លោក ហួត ហៃ នាយកនៃគណៈនាយករដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ១ កាលពីថ្ងៃសៅរ៍ដោយបានឱ្យដឹងថា ការទាមទាររបស់កម្មករក្រុមហ៊ុនស៊ីនទ្រីនេះមិនស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តទេ បើយោងតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោក ហៃ ថ្លែងថា៖ «ការទាមទារនេះលុះត្រាតែក្រុមហ៊ុនបានបញ្ចប់ការងាររបស់ពួកគាត់ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់ពួកគាត់ទេ ក្រុមហ៊ុនកំពុងតែដំណើរការធម្មតា។ សូមកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីបញ្ឈប់ការធ្វើកូដកម្មដោយយកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមតាមធម្មតាវិញយ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី ៥ ខែតុលាជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រកាសជ្រើសរើសកម្មករថ្មីដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ»។
ទោះយ៉ាងណាក៏ដោយលោក ហួត ហៃ បានឱ្យដឹងថា សាលារាជធានីភ្នំពេញមិនទាន់អាចបញ្ជាក់បានទេទាក់ទងនឹងក្រុមហ៊ុនប្រមូលសំរាមថ្មីដែលនឹងដេញថ្លៃបាន។
លោក ម៉ី ផាន អគ្គលេខាធិការនៃសហជីពវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រីបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា កម្មករនៅបន្តធ្វើការទាមទារដដែល និងមិនវិលត្រឡប់ទៅចូលធ្វើការវិញតាមការបង្គាប់របស់រដ្ឋបាលរាជធានីភ្នំពេញទេ ដោយសារមិនទាន់មានដំណោះស្រាយសម្រាប់ពួកគេ។
លោក ផាន បានអះអាងថា កម្មករផ្ទុះការទាមទារនេះបន្ទាប់ពីពួកគេទទួលបានព័ត៌មានតៗគ្នាថា សាលាក្រុងបានកំពុងដាក់ឱ្យដេញថ្លៃឱ្យមានក្រុមហ៊ុនប្រមូលសំរាមថ្មីចំនួន ៣ ដែលធ្វើឱ្យកម្មករទាំងអស់មានការព្រួយបារម្ភពីការបំបែកក្រុមហ៊ុន និងបំបែកកម្លាំងកម្មករ និងភ័យខ្លាចមិនទទួលបានសំណងពីក្រុមហ៊ុន។
លោកបានថ្លែងថា៖ «សាលាក្រុងឱ្យយើងចូលធ្វើការវិញ ប៉ុន្តែពួកយើងនៅបន្តការចរចាទៀតដើម្បីរកចំណុចស្របគ្នា ពីព្រោះតាមទម្លាប់របស់កម្មករបើគាត់ទាមទារហើយគាត់មិនទាន់បានគឺពួកគាត់មិនចូលធ្វើការវិញទេ ឬបើមានការឆ្លើយតបដោយសមស្របណាមួយដែលពួកគាត់អាចទទួលយកបានហើយមានការធានាពីសាលាក្រុង ឬពីក្រុមហ៊ុនលើការទាមទាររបស់គាត់ទើបពួកគាត់ព្រមចូលវិញ»។
កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីដែលបានធ្វើកូដកម្មមាន ៣ ផ្នែកគឺក្រុមកើបតាមឡាន ក្រុមកើបតាមរទេះតូច និងផ្នែកទី ៣ គឺផ្នែកបោសសម្អាត។
លោក ម៉ី ផាន បានឱ្យដឹងថា ក្រុមហ៊ុន សហជីព រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីអាជ្ញាធរខណ្ឌបានធ្វើការជួបចរចាគ្នាកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនមានលទ្ធផលទេ ដែលធ្វើឱ្យកម្មករនៅបន្តតវ៉ាទៀតនៅថ្ងៃចន្ទនេះភាគីទាំងអស់នឹងធ្វើការចរចាគ្នាបន្តទៀត។ កម្មករដឹងពីផលលំបាករបស់ប្រជាពលរដ្ឋ និងការប៉ះពាល់បរិស្ថាននៅពេលដែលមានសំរាមពាសពេញទីកន្លែងដូចនេះ ប៉ុន្តែការទាមទាររបស់កម្មករក៏ជាចំណែកមួយរបស់ពួកគាត់នៅក្នុងផ្លូវច្បាប់ការងារដោយសារពួកគាត់ខ្លាចបាត់បង់អត្ថប្រយោជន៍នានានៅពេលដែលមានដូរក្រុមហ៊ុនប្រមូលសំរាមថ្មី។
តំណាងក្រុមហ៊ុន ស៊ីនទ្រី លោក ងួន ស៊ីផេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កម្មករប្រមូលសំរាមនៅតែបន្តធ្វើការតវ៉ាដដែលដោយពុំទាន់មានដំណោះស្រាយណាមួយឡើយ ហើយជំនួបចរចានឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។
ក្នុងអំឡុងពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលខណ្ឌទាំង ១៤ សង្កាត់ទាំង ១០៥ រួមទាំងភ្នាក់ងារអនាម័យចំនួន ២ នាក់ក្នុង ១ សង្កាត់ ចេញអន្តរាគមន៍ប្រមូលសំរាមតាមមូលដ្ឋាននានានៅរាជធានីភ្នំពេញ។
លោក តាំង ណារ័ត្ន ពលរដ្ឋក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បាននិយាយថា សម្រាប់បញ្ហាសំរាមកកស្ទះនៅលើវិថីធំៗមិនសូវជាមានបញ្ហា ឬមានការកកស្ទះសំរាមទេ ទោះបីជាពេលមាន ឬមិនមានកម្មករស៊ីនទ្រីក៏ដោយ ប៉ុន្តែនៅតាមផ្លូវតូចៗ ឬផ្លូវឌឿងហែម គឺមានសំរាមច្រើន គរចោលរាល់ថ្ងៃ។
លោក ណារ័ត្ន បានថ្លែងថា៖ «ខ្ញុំសុំសរសើរនូវការខំប្រឹងប្រែងរបស់មន្ត្រីសង្កាត់ ខណ្ឌទាំងអស់ក្នុងអំឡុងពេលនេះ ដែលពួកគាត់បានធ្វើការប្រមូលសំរាមជូនពលរដ្ឋ»។
លោក នេត្រ ភក្ត្រាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់នៅថ្ងៃម្សិលមិញថា បរិមាណសំរាមដែលផលិតបានគឺមានជាង ១ ម៉ឺនតោនក្នុង ១ ថ្ងៃនៅទូទាំងប្រទេសដែលក្នុង ១ ឆ្នាំមានសំរាមប្រមាណជាជិត ៤ លានតោន។ ដោយឡែកនៅរាជធានីភ្នំពេញគឺសំរាមដែលបង្កើតឡើងគឺចន្លោះពី ២ ៧០០ ទៅ ៣ ០០០ តោន នៅក្នុង ១ ថ្ងៃ ដែលនៅក្នុងនោះ ៥៧ ភាគរយជាសំណល់សរីរាង្គ ជិត ២០ ភាគរយ ជាសំណល់ប្លាស្ទិក ហើយសល់ពីនោះជាសំណល់រឹង និងសំណល់ឧស្សាហកម្មផ្សេងៗ៕
វីដេអូ៖