ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​ ១៣ ​ថ្ងៃ​កន្លងមក​ បាន​យល់ព្រម​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ចាប់ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឯកភាព និង​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​កម្មករ​នៅ​ចុងខែ​មករា ឆ្នាំក្រោយ និង​សម្រេច​បើកប្រាក់​បំណាច់​ទូទាត់ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ពាក់កណ្តាល ខែ​កុម្ភៈ ឆ្នាំ​ ២០២១​។

បន្ទាប់ពី​កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ដឹកនាំ​ដោយ​លោក​ កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​ក្រុមហ៊ុន និង​សហជីព​ពីថ្ងៃ​ម្សិលមិញ ឯកភាព​យក​សំណើ​របស់​កម្មករ​និយោជិត​ទៅ​ដោះស្រាយ​ដោយ​ក្រុមហ៊ុន​ស៊ិនទ្រី ឯកភាព និង​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​កម្មករ​នៅ​ថ្ងៃទី​ ៣១ ខែ​ មករា ឆ្នាំ​ ២០២១ ហើយ​ទទួល​ដោះស្រាយ​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករនិយោជិត​ស្របតាម​ច្បាប់​ស្តីពី​ការងារ​។ នេះ​បើតាម​ការប្រកាស​ពី​លោក កៅ សុវ៉ាត ប្រធាន​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រាប់​កម្មករ​នៅខាងមុខ​ក្រុមហ៊ុន ស៊ីនទ្រី ដែល​ពួកគាត់​កំពុង​រង់ចាំ​លទ្ធផល​។

លោក​ថ្លែងថា​៖ «​ប្រាក់​បំណាច់​ទូទាត់ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​បានបញ្ចប់​កិច្ចសន្យា​ការងារ​នេះ​នឹង​ត្រូវ​បើក​ជូន​កម្មករនិយោជិត​យ៉ាងយូរ​នៅ​សប្តាហ៍​ទី​ ២ ​នៃ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដោយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកធានា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទូទាត់​នេះ ដោយ​កាត់​យក​ពី​កញ្ចប់​ប្រាក់​សំណង​សម្រាប់​រម្លត់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ស៊ីនទ្រី​»​។

ប្រធាន​សហជីព​រូបនេះ​បាន​ប្រាប់​កម្មករ​ថា ចំពោះ​ថ្ងៃ​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ទី​ ២ ដល់ទី​ ៧ ខែ​តុលា ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ឱ្យនៅ​ដដែល​។ ដោយឡែក​កូដកម្ម​ចាប់ពី​ថ្ងៃទី​ ៨ ដល់ទី​ ១៤ ខែតុលា ក្រុមហ៊ុន​មិន​ផ្តល់ប្រាក់​ឈ្នួល​ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ​។

លោក​ថា​៖ «​ចាប់ពី​ថ្ងៃនេះ​តទៅ កម្មករ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម ក្រុមហ៊ុន​ពុំ​ផ្តល់ប្រាក់​ឈ្នួល​ទេ ដោយ​អនុវត្ត​តាមច្បាប់​ស្តីពី​ការងារ​ហើយ បងប្អូន​ទាំងអស់​នាំគ្នា​ចូល​ធ្វើការងារ​ជាធម្មតា​វិញ​ចាប់ពី​ថ្ងៃនេះ​តាម​វេន​តាម​ក្រុម​របស់ខ្លួន​»​។

លោក​ កើត ឆែ អភិបាលរង​ក្រុងភ្នំពេញ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថា ក្រុម​ការងារ​បាន​ឯកភាព​គ្នា​រួចរាល់​អស់ហើយ​។ ក្រុមហ៊ុន​ព្រម​អនុវត្ត ការបញ្ឈប់​កិច្ចសន្យា​តាមច្បាប់​ការងារ​ទាំងអស់​ជាមួយ​បុគ្គលិក​ទាំងអស់​គឺ​យក​ថ្ងៃទី​ ៣១ ខែ មករា ឆ្នាំ​ ២០២១ ហើយនឹង​ធ្វើការ​ធានា​ទូទាត់​សំណង​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​ការងារ​ទាំងអស់​។

លោក​អះអាង​ថា​៖ «​ប្រាក់​សំណង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធានាថា​នឹងមាន​លុយ​សង​ដោយ​កាត់​យក​ពី​កញ្ចប់​ថវិកា​ដែល​បាន​រម្លត់​កិច្ចសន្យា​រវាង​ក្រុមហ៊ុន ស៊ីនទ្រី ជាមួយ​សាលា​ក្រុងភ្នំពេញ​យក​មក​ទូទាត់​ជូន​បងប្អូន​កម្មករ​មុនគេ​។ ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​ជាមុនសិន​រួច​នឹង​ធ្វើការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​អត្ថប្រយោជន៍​ផ្សេងៗ​យ៉ាងយូរ​សប្តាហ៍​ទី​ ២ ​នៃ​ខែកុម្ភៈ​ ឆ្នាំ​ ២០២១​។ អ្វីៗ​ទាំងអស់ គឺ​យើង​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ការងារ​»​។

លោក​ កើត ឆែ មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​នឹង​យកមក​ទូទាត់​ជូន​កម្មករ​នៅឡើយ​ទេ ដោយ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹងធ្វើ​ការងារ​នេះ​បន្តទៀត​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា​លោក ទូច កុសល បាន​លើកឡើង​ថា ដំណោះស្រាយ​នេះ​អាច​ទទួល​យក​បាន ដោយសារ​ភាគី​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ដោះស្រាយ​ដោយ​មាន​កាលកំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​កម្មករ ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត និង​ព្រម​ចូលធ្វើការ​វិញ​។

លោក​ កុសល​ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ បន្ទាប់ពី​ប្រជុំ​ថា​៖ «​ចាប់ពី​ចុងខែ​មករា ឆ្នាំ​ ២០២១ គឺ​នៅពេលដែល​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​គឺ​កម្មករ​ទាំងនេះ​លែង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ទៀតហើយ​។ ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុន​អាច​ទទួលយក​ពួកគាត់​ធ្វើការ​វិញ នោះ​កិច្ចសន្យាការងារ​របស់​ពួកគាត់​នឹង​ចាប់ផ្តើម​សាជាថ្មី​»​។

បន្ទាប់ពី​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​រួចមក លោក សឹង សុភក្រ អាយុ​ ៤៣ ​ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ជិត​ ២០ ​ឆ្នាំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា លោក​សប្បាយចិត្ត​ក្នុង​ការត្រឡប់​ចូល​បម្រើ​ការងារ​វិញ បន្ទាប់ពី​គាត់​យល់ព្រម​តាម​ដំណោះស្រាយ​របស់​សាលាក្រុង​ជូន​កម្មករ​ដោយ​ជោគជ័យ​។

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​នឹង​ចាប់ផ្តើម​ការងារ​ខ្ញុំ​វិញ​ចាប់ពី​យប់​នេះ​តទៅ​។ ពួកយើង​នឹង​ខិតខំ​ធ្វើការ​ប្រមូល​សំរាម​ឱ្យ​អស់ពី​ក្នុង​ទីក្រុង​ឱ្យ​ឆាប់​អស់​ទៅតាម​លទ្ធភាព​ដែល​យើង​អាចធ្វើ​ទៅបាន​។ ខ្ញុំ​មិនទាន់​អាចនិយាយ​បាន​ទេ ថា​តើ យើង​នឹង​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ការប្រមូល​ឱ្យ​អស់ ដោយសារ​តែ​សំរាម​មាន​ច្រើន​ពាន់​តោន​ក្នុង​រយៈពេល​ជាង​ ១០ ​ថ្ងៃ​កន្លងមកនេះ​»​។

កម្មករ​ដដែល​នេះ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កម្លាំង​របស់​សាលាក្រុង​ដែល​បាន​ជួយប្រមូល និង​ដឹក​សំរាម​ក្នុង​អំឡុងពេល​ដែល​កម្មករ​ទាំងអស់​មិនបាន​ចូល​បម្រើ​ការងារ​។

គួរបញ្ជាក់​ផងដែរ​ថា កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីនទ្រី​ជាង​ ២ ៥០០ ​នាក់ បានធ្វើ​កូដកម្ម​តាំងពី​រសៀល​ថ្ងៃទី​ ២ ខែ​តុលា រហូតដល់​រសៀល​ថ្ងៃទី​ ១៤ ខែ តុលា ឆ្នាំ​ ២០២០៕

វីដេអូ៖