ភ្នំពេញៈ ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី​រាប់រយ​នាក់​បាន​ប្រកាស​បន្ត​ការធ្វើ​កូដកម្ម​ដដែល​ ក្រោយពី​គ្មាន​ដំណោះស្រាយ​សម្រាប់​ការទាមទារ​របស់​ពួកគេ​ ខណៈ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​សម្រាប់​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។

អ្នកស្រី សៀម ណន អាយុ​ ៣០ ​ឆ្នាំ​ ដែល​ជា​កម្មករ​ផ្នែក​បោស​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​កំពុង​ឈរ​ផ្តុំគ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ និយាយ​ថា​អ្នកស្រី និង​កម្មករ​ផ្សេងទៀត​មិន​ព្រម​ចូល​ធ្វើការ​វិញ​ទេ​បើ​ខាង​ក្រុមហ៊ុន​មិន​យល់ព្រម​ផ្តល់​សំណង​តាម​ការទាមទារ​របស់​ពួកគាត់​។

អ្នកស្រី​ថា​៖ «​យើង​ព្រម​ចូលកាន់​ការងារ​រៀងៗ​ខ្លួន​វិញ លុះត្រា​មាន​កិច្ចសន្យា​រវាង​ក្រុមហ៊ុន និង​តំណាង​កម្មករ​ពួកយើង​ពី​ការផ្តល់​ជូន​តាម​អ្វី​ដែល​យើង​បាន​ទាមទារ​។ ទោះបី​ជា​ការយល់ព្រម​ ២ ​ឬ​ ៣ ​ចំណុច​ក៏ដោយ គឺ​យើង​ត្រូវការ​មាន​កិច្ចសន្យា​ច្បាស់លាស់​»​។

កម្មករ​ ១ ​រូប​ទៀត ​ដែល​កំពុង​អង្គុយ​ធ្វើការ​តវ៉ា​ទាមទារ​ជាមួយ​នឹង​កម្មករ​ជាច្រើន​នាក់ អ្នកស្រី ជុំ ម៉ាលី អាយុ​ ៥៦ ​ឆ្នាំ​ ដែល​បាន​ធ្វើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ស៊ីនទ្រី​នេះ​ប្រមាណ​ជា​ ២០ ​ឆ្នាំ​មក​ហើយ​នោះ​នៅតែ​អះអាង​ថា ទាល់តែ​អ្នកស្រី​ទទួល​បាន​ដំណោះស្រាយ​ទៅតាម​ការទាមទារ​របស់​គាត់​ទើប​គាត់​ព្រម​ចូលធ្វើការ​វិញ​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​បារម្ភ​ និង​ដឹង​ពី​ការប៉ះពាល់​មុខមាត់​របស់​ទីក្រុង​យើង​ពី​គំនរ​សំរាម​នៅ​ពាសពេញ​គ្រប់​ទីកន្លែង ប៉ុន្តែ​ក្រពះ​របស់​ខ្ញុំ ការងារ​ខ្ញុំ​ក៏​សំខាន់​ដែរ​។ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​មក​ធ្វើការ​ទាមទារ​នេះ​»​។

កម្មករ​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ស៊ីនទ្រី​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចូលដល់​ថ្ងៃទី​ ៥ ​ដែល​ពួកគេ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​នូវ​ ៥ ​ចំណុច​រួមមាន ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺ​ចិត្ត ប្រាក់​ជួស​ការជូន​ដំណឹង​មុន ប្រាក់ខែ​ចុងក្រោយ និង​ការឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់​។

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ដែល​ជា​តំណាង​របស់​កម្មករ​ប្រមូល​សំរាម និង​បាន​ចូលរួម​ធ្វើការ​ប្រជុំ​រក​ដំណោះស្រាយ​ជាមួយ​នឹង​អាជ្ញាធរ​ខណ្ឌ សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ីនទ្រី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ថា ការចរចា​មិនមាន​លទ្ធផល​អ្វី​ដែល​កម្មករ​អាច​ទទួល​យក​បាន​ទេ​ដោយសារ​ក្រុមហ៊ុន​ប្រាប់​ថា មិន​ព្រម​ទូទាត់​តាម​សំណើ​របស់​កម្មករ​ឡើយ ពីព្រោះ​ក្រុមហ៊ុន​គ្មាន​លុយ​។

លោក​ ទូច កុសល បាន​បន្តថា លោក​ចង់​ជួយ​សម្របសម្រួល​ឱ្យ​បញ្ហា​នេះ​ដោះស្រាយ​បាន​រលូន និង​ឆាប់រហ័ស​ដើម្បី​កម្មករ​ចូល​បំពេញ​ការងារ​វិញ​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​នៅតែ​មិន​មាន​ដំណោះស្រាយ​ដដែល​។

លោក​បាន​ថ្លែងថា​៖ «​ការទាមទារ​ ៥ ​ចំណុច​នេះ​មិន​ទាន់​មាន​ការសះជា​ទេ​តែ​ខ្ញុំ​ស្នើ​សុំឱ្យ​កម្មករ​ទាំងអស់​បន្ត​កិច្ចការងារ​រៀងៗ​ខ្លួន​វិញ​សិន ប៉ុន្តែ​វា​ជា​សិទ្ធិ​របស់​ពួកគាត់​ក្នុង​ការសម្រេចចិត្ត​ចូល​ ឬ​មិន​ចូល ខ្ញុំ​គ្មាន​សិទ្ធិអំណាច​ក្នុង​ការបង្ខំ​ពួកគាត់​ទេ​។ ខ្ញុំ​ចង់​ពន្យល់​ប្រាប់​កម្មករ​ទាំងអស់​ថា វា​មិនទាន់​ដល់​ដំណាក់កាល​ក្នុង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​ទេ ដោយសារ​ក្រុមហ៊ុន​នេះ​នៅ​បន្ត​ធ្វើ​អាជីវកម្ម​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​ការដេញថ្លៃ​ ឬ​ផ្ទេរ​ទៅ​ក្រុមហ៊ុន​ផ្សេង​នៅឡើយ​ដែរ​»​។

លោក​ ជិន ប៊ុនធឿន ​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​ទៅកាន់​កម្មករ​ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម​នេះ​ថា អ្នកណា​ក៏​ភ័យ​បារម្ភ​ដែរ ទាក់ទង​នឹង​ការបាត់បង់​ការងារ មុខរបរ​ចិញ្ចឹមជីវិត​ប៉ុន្តែ​វា​មិនទាន់​ដល់​ដំណាក់​កាល​ដែល​បងប្អូន​កម្មករ​ត្រូវ​ធ្វើការ​ទាមទារ​ទេ ដោយសារ​ក្រុមហ៊ុន​មិនទាន់​បាន​បញ្ឈប់​កម្មក​រណា​ម្នាក់​ឡើយ​។ លោក​ថា​៖ «​នៅពេល​ក្រុមហ៊ុន​បញ្ឈប់​បងប្អូន​នោះ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​ផ្តល់នូវ​អ្វីដែល​បងប្អូន​កម្មករ​ត្រូវការ​ហើយ​»​។

លោក​បន្ថែម​ថា ការស្នើសុំ​របស់​កម្មករ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​វា​មិនទាន់​ត្រូវ​ពេលវេលា​។

តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី លោក ងួន ស៊ីផេង មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​។

ទោះបី​ជា​មាន​ការពន្យល់​ណែនាំ​យ៉ាងណា​ក៏ដោយ ក៏​កម្មករ​ទាំងអស់​មិន​យល់ព្រម​ចូល​ធ្វើការងារ​វិញ​ឡើយ​។

នៅ​ថ្ងៃ​ម្សិលមិញ​ដែរ បន្ទាប់ពី​ការចរចា​មិនមាន​លទ្ធផល​ព្រមព្រៀង​គ្នា​ហើយ​កម្មករ​នៅតែ​បដិសេធ​ចូល​ធ្វើការ​វិញ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ជ្រើសរើស​កម្មករ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ដោយបាន​លើកឡើង​ថា ក្នុង​ដំណាក់កាល​អន្តរកាល​នេះ រដ្ឋបាល​រាជធានី-ភ្នំពេញ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដើម្បី​បំពេញ​ការងារ​ជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​។

ទាក់ទង​នឹង​ការប្រកាស​ជ្រើសរើស​កម្មករ​ថ្មី​នេះ​លោក​ ទូច កុសល លើកឡើង​ថា ទាំង​សាលាក្រុង​ និង​ទាំង​ភាគី​ពាក់ព័ន្ធ​គួរ​ព្យាយាម​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ហើយ​លោក​មិន​ចង់​ឱ្យ​មាន​ការជ្រើសរើស​កម្មករ​ថ្មី​មក​ជំនួស​កម្មករ​ចាស់​ទេ តែ​គួរតែ​មាន​ដំណោះស្រាយ​ដល់​ពួកគាត់​វិញ​ទើប​ជា​ការប្រសើរ​៕

វីដេអូ៖