ភ្នំពេញៈ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​បានធ្វើ​កូដកម្ម​អស់​ពេល​ ៦ ​ថ្ងៃ​នឹង​ចាប់ផ្តើម​ចូល​ការងារ​ឡើងវិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មានការ​សន្យា​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​នៅមាន​ខ្លះ​មិនទាន់​សម្រេចចិត្ត​ទេ ខណៈ​ក្រសួង​ការងារ​បាន​បញ្ជាក់ថា ការតវ៉ា​របស់​ពួកគេ​ខុស​នឹង​ច្បាប់​ការងារ​ទាំងស្រុង​។

លោក ទេស រុក្ខាផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ (​គ.ក.ប) ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ម្សិលមិញ​ថា អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ​កម្មករ​ទាំងអស់​ត្រូវ​ចូលធ្វើការ​វិញ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ (​ម្សិលមិញ​)​។ ​ប៉ុន្តែ​ខាង​កម្មករ​បាន​សុំ​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ (​ថ្ងៃនេះ​) ​ដោយសារ​កម្មករ​មួយចំនួន​ហួស​វេន​ធ្វើការ​។

លោក​បាន​ថ្លែងថា​៖ «​កម្មករ​នឹង​អាច​វិលត្រឡប់​ចូលធ្វើការ​វិញ​នៅ​ថ្ងៃស្អែក​។ ​ខាង​ក្រុមហ៊ុន និង​សហជីព​របស់​ពួកគាត់​នឹង​ធ្វើការ​បន្ត​សម្រប​សម្រួល​ជាមួយ​កម្មករ​ក្នុង​ការពន្យល់​ណែនាំ​ផ្នែក​ច្បាប់​ និង​ការធានា​អះអាង​របស់​សាលា​រាជធានី​ភ្នំពេញ​...»​។

បើតាម​លោក ទេស រុក្ខាផល ការតវ៉ា​ទាមទារ​របស់​កម្មករ​ប្រមូល​សំរាម មិន​ត្រូវ​តាមច្បាប់​ទេ ពីព្រោះ​ជាធម្មតា​ករណី​វិវាទ​ត្រូវមាន​ការដោះស្រាយ​ផ្ទៃក្នុង​សិន​។ ​មួយវិញ​ទៀត ​ពួកគាត់​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ​ខណៈពេល​ក្រុមហ៊ុន​នៅ​ដំណើរការ តែ​បែរ​ជា​កម្មករ​មក​ទាមទារ​ផ្តាច់​កិច្ចសន្យា​។ បើ​ពួកគាត់​ធ្វើ​ដូចនេះ គឺ​មាន​ន័យថា គាត់​លាឈប់​ពី​ការងារ​ដោយ​​ខ្លួនឯង​។

តាម​កំណត់ហេតុ​ប្រជុំ​ស្តីពី​ការសម្របសម្រួល​ដោះស្រាយ​ករណី​កូដកម្ម​នេះ ដែល​ដឹកនាំ​ដោយ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដោយ​មាន​​ការចូលរួម​ពី​មន្ត្រី​ក្រសួង​ការងារ តំណាង​ក្រុមហ៊ុន និង​សហជីព បាន​សម្រេច​ថា សំណើ​របស់​កម្មករ​ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា​គឺ​ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាមច្បាប់​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួលខុស​ត្រូវ​។ ​រីឯ​ការងារ​របស់​កម្មករ​និយោជិត​ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធានា​មិន​បាត់បង់​​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីនទ្រី​ដេញ​​ថ្លៃ​ជាប់​ ឬ​មិន​ជាប់​ក៏ដោយ​។

លោក ទេស រុក្ខាផល បាន​បញ្ជាក់ថា​៖ «​ការសន្យា​ទាំងនេះ​​ធ្វើឱ្យ​កម្មករ​ស្ងប់ចិត្ត អាច​ចូលធ្វើការ​វិញ​បាន​។ ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​​ដែរ​ថា នីតិវិធី​ដែល​គាត់​ធ្វើ គឺ​មិន​ត្រឹមត្រូវ​ហើយ​កូដកម្ម​នេះ​ជា​​កូដកម្ម​ខុសច្បាប់ ពីព្រោះ​អ្វីដែល​ទាមទារ​ក្នុង​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ​គឺ​ពួកគាត់​ចរចា​ជាមួយ​ក្រុមហ៊ុន​បើ​មិនមាន​ដំណោះស្រាយ​អាច​បញ្ជូនទៅ​នាយកដ្ឋាន​វិវាទ​ការងារ ហើយ​បើ​នៅ​​តែ​មិន​សះជា​ទៀត ត្រូវ​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ប៉ុន្តែ​ករណីនេះ​មិនមែន​កើតឡើង​នាពេល​នេះ​ទេ តែ​ជា​អ្វីដែល​ពួកគាត់​​គិត​ទៅ​ថ្ងៃ​អនាគត​របស់គាត់​​ខណៈ​ក្រុមហ៊ុន​មិនទាន់​បាន​បញ្ឈប់​ ឬ​បិទ​ក្រុមហ៊ុន​នៅឡើយ​»​។

ថ្លែង​ទៅកាន់​ក្រុមកម្មករ​នៅ​កន្លែង​តវ៉ា​កាលពី​ម្សិលមិញ លោក ឃួង ស្រេង បាន​ពន្យល់​ថា សាលាក្រុង​ភ្នំពេញ​បាន​ដេញថ្លៃ​ជ្រើសរើស​យក​ក្រុមហ៊ុន​ចំនួន​ ៣ ​សម្រាប់​ប្រមូល​សំរាម​ទៅ​ថ្ងៃ​​អនាគត​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​​ត្រូវ​បែងចែក​កម្លាំង​គ្នា ជា​អ្វី​​ដែល​កម្មករ​បារម្ភ​ពី​ការបាត់បង់​ការងារ​។

ក៏ប៉ុន្តែ​លោក ឃួង ស្រេង បាន​បញ្ជាក់ថា​៖ «​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យតែ​បងប្អូន​គោរព​នូវ​លក្ខខណ្ឌ​ការងារ​នៅពេលដែល​បែងចែក​ទៅ​ក្រុមហ៊ុន​ផ្សេងៗ​សល់​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​ជ្រើសរើស រដ្ឋបាល​រាជធានី-ភ្នំពេញ នឹង​ទទួល​បងប្អូន​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផ្សេងទៀត​ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​ការងារ​​ដែរ​ដោយ​បងប្អូន មិន​បាត់បង់​ការងារ មិន​បាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ​។ ​ខ្ញុំ​ស្នើសុំ​ឱ្យ​បងប្អូន​កម្មករ​ទាំងអស់​ត្រូវ​នឹងនរ​ក្នុង​ចិត្ត​ថា បងប្អូន​មិន​បាត់បង់​ការងារ​​មិន​បាត់បង់​អត្ថប្រយោជន៍ ហើយ​អ្វីៗ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​»​។

ប្រធាន​សហព័ន្ធ សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល បាន​ថ្លែង​ដែរ​ថា លោក​ចង់ឱ្យ​កម្មករ​ត្រឡប់​ចូលធ្វើការ​វិញ​ដោយសារ​ក្រុមហ៊ុន និង​សាលាក្រុង​បានធ្វើ​លិខិតស្នាម​លាយលក្ខណ៍​អក្សរ​ដោយមាន​ការទទួល​ខុសត្រូវ​ត្រឹមត្រូវ​ផងដែរ​។

លោក​ថា​៖ «​យើង​មានកំណត់​​ហេតុ​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឱ្យ​យើង​ទុកចិត្ត​បាន​ដែល​ពី​កន្លង​​មក​យើង​មិន​ច្បាស់​ថា ការងារ​ និង​អត្ថប្រយោជន៍​របស់​កម្មករ​តើ​អ្នកណា​ទទួលខុសត្រូវ តែ​​ពេលនេះ​យើង​ដឹង​ហើយ​ថា​ក្រុមហ៊ុន​ស៊ីនទ្រី និង​រដ្ឋបាល​ក្រុងភ្នំពេញ​​ទទួលខុសត្រូវ​លើ​កម្មករ​»​។

លោក ម៉ី ផាន អគ្គលេខាធិការ​​នៃ​សហជីព​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ឱ្យដឹង​ពីថ្ងៃ​ម្សិលមិញ​ថា មាន​កម្មករ​ខ្លះ​ជា​អ្នក​សម្អាត​បាន​យល់​ព្រមទៅ​​ធ្វើការ​វិញ តែ​ចំពោះ​អ្នកបើកបរ​រថយន្ត និង​អ្នក​កើប​សំរាម​មិនទាន់​សម្រេចចិត្ត​ទេ​។

លោក​ថា៖ «​វា​ពិបាក ខ្ញុំ​មិនអាច​សម្រេចចិត្ត​ជំនួស​គាត់​បាន​ទេ​ដោយសារ​មាន​កម្មករ​ច្រើន​មិន​ព្រម​ដោយសារ​ពួកគាត់​ចង់ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ឱ្យ​គាត់​ទាំងអស់​សិន​។ ប៉ុន្តែ​បើ​តាម​គំនិត​របស់ខ្ញុំ ខ្ញុំ​ចង់​ឱ្យ​គាត់​ចូល​ធ្វើការ​សិន ដោយសារ​បើ​គាត់​នៅ​តវ៉ា​យូរ​គាត់​នឹង​បាត់បង់​ប្រាក់​ឈ្នួល អត្ថប្រយោជន៍​ផ្សេងៗ​»​។

កម្មករ​ផ្នែក​បើករថយន្ត​ដឹកសំរាម​លោក សុផល បាន​ថ្លែងថា លោក​ហាក់​មិនទាន់​ពេញចិត្ត​នឹង​ដំណោះស្រាយ​នេះ​ទេ ប៉ុន្តែ​លោក​ចាំមើល ប្រសិន​បើ​កម្មករ​ភាគច្រើន​វិល​ចូលធ្វើ​ការងារ​​វិញ​លោក​នឹង​ចូល​ដែរ​។

លោក ងួន ស៊ីផេង ប្រធាន​គ្រប់គ្រង​ហ្គារ៉ាស​នៃ​ក្រុមហ៊ុន​ស៊ីនទ្រីបាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​​ម្សិលមិញ​ថា កម្មករ​មិនបាន​ចេញ​ធ្វើការ​ទេ ដោយសារ​ពួកគាត់​មិនទាន់​យល់ព្រម ហើយ​​លោក​ក៏​មិនមាន​ព័ត៌មាន​ថា​តើ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពួកគាត់​នឹង​ចូលធ្វើការ​វិញ ឬ​អត់​ទេ​?

គួរបញ្ជាក់​ផងដែរ​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមាណ​ជា​ជិត ២ ០០០ ​នាក់​បានចាប់ផ្ដើម​តវ៉ា​កាលពី​​ថ្ងៃទី​ ២ ខែ​តុលា ដោយ​ស្នើឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​នូវ​ ៥ ចំណុច​រួមមាន ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រាក់​សំណង​ជំងឺចិត្ត ប្រាក់​ជួស​ការជូនដំណឹង​មុន​ប្រាក់ខែ​ចុងក្រោយ និង​ការឈប់សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេសសល់​៕