បន្ទាយមានជ័យៈ មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា កម្មករ​បម្រើការ​នៅ​រោងចក្រ​ស៊ីសុផុន ហុងសេង ស្ព័តវ៉ែរ ឯ.ក ដែល​ផ្ទុះ​ការតវ៉ា​កាល​ចុង​សប្តាហ៍​មុន​បាន​យល់ព្រម​ចូលធ្វើការ​វិញ​ហើយ​​ក្រោយពី​ក្រុមហ៊ុន​យល់ព្រម​តាម​សំណើ​របស់​ពួកគេ​ស្ទើរតែ​ ១០០ ​ភាគរយ​។

កាលពី​ថ្ងៃ​ ៧ ខែ​កុម្ភៈ​ ឆ្នាំ​នេះ​កម្មករ​នៅ​រោងចក្រ​ខាងលើ​ដែល​​ស្ថិតនៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ជាង​ ១ ​ពាន់​នាក់​​បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ការងារ និង​បញ្ឈប់​ការគាបសង្កត់​លើ​ពួកគាត់​។

លោក រស់ សារុំ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ផ្ទុះ​ការតវ៉ា​នៅ​ថ្ងៃ​ដដែល​នោះ​ក៏​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ និង​ភាគី​​ពាក់ព័ន្ធ​ដោយ​មាន​រូបលោក​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​។

លោក​បន្តថា ចំណុច​ដែល​​កម្មករ​ទាមទារ​មាន​ជាង​ ១០ គឺ​ស្នើឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ឈប់​សម្រាក​ដែល​សល់​ពី​ឆ្នាំ​ចាស់ បន្ថែម​ម៉ាស៊ីន​ស្គែន​ក្រយៅ​ដៃ បន្ថែម​ធុង​ទឹក និង​បង្គន់​អនាម័យ​សម្រាប់​កម្មករ បញ្ឈប់ការ​កាត់​ម៉ោង​ពេល​កម្មករ​សម្រាក​អំឡុង​ពេល​ដាច់​ភ្លើង មាន​ឡាន​ពេទ្យ​សម្រាប់​ដឹក​កម្មករ​នៅពេល​មាន​ឧប្បទ្ទវហេតុ កុំ​បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ដែល​ការទាមទារ​ទាំងនេះ​ក្រុមហ៊ុន​បាន​ឯកភាព​។

លោក សារុំ បន្ថែមថា ចំណែក​ការទាមទារ​របស់​កម្មករ​ឲ្យ​ដក​អ្នកគ្រប់គ្រង​ជា​ជនជាតិ​ថៃ និង​ប្រធាន​រដ្ឋបាល​ជា​ជនជាតិខ្មែរ​ ២ ​នាក់​ គឺ​ភាគី​ក្រុមហ៊ុន​បាន​ស្នើ​សុំ​ពេល​ ២ ​ខែ​ដើម្បី​ឲ្យ​បុគ្គល​ទាំង​ ២ ​នាក់​នេះ​កែខ្លួន បើ​មិន​កែ​ទេ​នឹង​មាន​វិធានការ​ទៅ​តុលាការ ប៉ុន្តែ​ចំពោះ​ការទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​កម្មករ​ដែល​បាន​ឡើង​តំណែង​នោះ ភាគី​ក្រុមហ៊ុន​សុំ​ពិចារណា​សិន​។

លោក​ថា​៖ «​រាល់​ការពិភាក្សា​ភាគី​ទាំងអស់​បាន​ឯកភាព​រៀងៗ​​ខ្លួន​ដោយបាន​បំពេញ​ឯកសារ​​ និង​ចុះ​ជា​ហត្ថលេខា​ពី​តំណាង​នីមួយៗ​។ ខ្ញុំ​សប្បាយចិត្ត ព្រោះ​អ្វីៗ​នៅ​សម័យនេះ​ទៅហើយ ​គប្បី​បំពេញ​ការងារ​ដោយ​គោរព​ទៅ​តាម​ច្បាប់ »​។

ថៅកែ​រោងចក្រ ស៊ីសុផុន ហុងសេង ស្ព័តវ៉ែរ ឯ.ក កាលពី​ម្សិលមិញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ព្រោះ​មិន​អាច​រក​ប្រភព​ទាក់ទង​បាន​។

លោក សិរី លីម៉េង កម្មករ​រោងចក្រ​ម្នាក់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ការសម្របសម្រួល គឺ​កម្មករ​ទាំងអស់​បាន​ចូលធ្វើការ​ធម្មតា​វិញ ដោយ​ភាគី​រោងចក្រ​ក៏បាន​គោរព​តាម​ការសន្យា​បណ្តើរៗ​ដែរ​។

លោក​ថា​៖ «​ពី​មុន​គាបសង្កត់​ខ្លាំង ប៉ុន្តែ​ការតវ៉ា​ឃើញ​ថា ធូរស្រាល​ច្រើន ហើយ​ក្រុមហ៊ុន​ក៏​​បាន​គោរព​ទៅតាម​សន្យា​ដែរ ដូចជា​មិន​មាន​អ្វី​ទេ​។ ​បើ​មាន​អ្វី​មិន​ប្រក្រតី​នោះ​យើង​បន្ត​តវ៉ា និង​ប្តឹង​ទៅ​មន្ទីរ​ការងារ​ទៀត​»​។

លោក ប៊ុន សុធី មន្ត្រី​សម្របសម្រួល​សហព័ន្ធ​សហជីព​ចលនាកម្មករ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា បើ​ករណី​នេះ​ពិតជា​មាន​ដំណោះស្រាយ​មែន​នោះ​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​កម្មករ ប៉ុន្តែ​កន្លង​មក​ពេល​មាន​ការតវ៉ា​តែង​មាន​ការគំរាមកំហែង​ដល់​កម្មករ​។ លោក​ថា រោងចក្រ​តែងតែ​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​ដល់​កម្មករ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា បន្ទាប់ពី​ស្ថានភាព​តវ៉ា​ស្ងប់ស្ងាត់​ទៅ​​វិញ​។ ​ដូច្នេះ​លោក​នឹង​បន្ត​ឃ្លាំមើល​ករណីនេះ​ ខណៈ​រោងចក្រ​នេះ​នៅ​មិនទាន់​មាន​សហជីព​ការពារ​ប្រយោជន៍​កម្មករ​នោះ​។

លោក​បន្ថែមថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​កន្លង​ទៅ​ប្រហែល​វា​អាក្រក់​ហ្នឹងហើយ ដែល​មាន​ការគាបសង្កត់​ជ្រុល​ហួសហេតុ​ពេក រហូត​ដល់​ទ្រាំលែង​បាន​ទើប​ដល់​ថ្នាក់​កម្មករ​ផ្ទុះ​ការតវ៉ា ព្រោះ​ជាទូទៅ​កម្មករ​យើង មាន​​ការអត់ធ្មត់​ខ្លាំងណាស់ បើ​មិនមាន​ការគាប​សង្កាត់​ខ្លាំង​ក៏​មិន​ហ៊ាន​ធ្វើ​ការតវ៉ា​ដែរ ដោយសារ​តែ​ខ្លាច​បាត់បង់​ការងារ​។ យើង​រំពឹង​ថា កម្មករ​នឹង​ទទួល​បាន​ដំណោះស្រាយ​ពិតប្រាកដ​»​។

រោងចក្រ​ ស៊ីសុផុន ហុងសេង ស្ព័តវ៉ែរ ឯ.ក បាន​បើក​ដំណើរការ​កាលពី​ឧសភា ឆ្នាំ​ ២០១៨ ដែល​មាន​កម្មករ​បម្រើការ​នៅ​​ទីនោះ​ប្រមាណ​ ១ ០០០ ​នាក់ ដោយ​មាន​ថៅកែ​ជា​ជនជាតិ​ថៃ ហើយ​រោងចក្រ​នេះ​កាត់ដេរ​សម្លៀកបំពាក់​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ​នេះ​បើ​តាម​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​៕