ភ្នំពេញៈ មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា កម្មករ​និយោជិតរាប់ម៉ឺន​នាក់​​ក្នុងចំណោម​កម្មករ​ក្នុង​គ្រប់​វិស័យ​ប្រមាណ​ជិត​ ២ ​លាន​នាក់​ បាន​ស្ម័គ្រចិត្ត​ទទួលយក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូវីដ​ ១៩ ខណៈ​គ្រូពេទ្យ​ត្រូវបាន​បណ្ដុះបណ្ដាល​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ​បានចាប់ផ្ដើម​កាលពី​ម្សិលមិញ​។

លោក​ អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា មកដល់​ពេល​នេះ ក្រសួង​ការងារ​កំពុងតែ​ធ្វើ​ចលនា​បន្ថែមទៀត​ជាមួយ​នឹង​ក្រុមអធិការកិច្ច​ការងារ​ទៅ​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់​ដើម្បីឱ្យ​ពួកគាត់​ផ្ញើ​ឈ្មោះ​កម្មករ​បន្តទៀត​។

លោក​បាន​ថ្លែងថា​៖ «​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​មិនទាន់​បាន​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ​ថា តើ​អាច​នឹង​ចាក់​មុន​ចូលឆ្នាំ​ ឬ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​នៅឡើយ​ទេ ព្រោះ​ថ្នាក់ដឹកនាំ​មិនទាន់​បាន​កំណត់​ទេ ប៉ុន្តែ​ការបើក​វគ្គប​ណ្តុះបណ្តាល​គ្រូពេទ្យ​គឺ​យើង​ចាប់ផ្តើម​ធ្វើ​នៅ​ព្រឹក​ថ្ងៃនេះ​តាមរយៈ​អនឡាញ (Video Conference)»​។

លោក ចាន់ធូ ថ្លែងថា ការបណ្តុះបណ្តាល​គ្រូពេទ្យ​នេះ​គឺ​ពី​ក្រសួង​សុខាភិបាល មក​ពេទ្យ​ការងារ​ក្នុង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែម្តង ដែលមាន​ ២ ​កន្លែង​ គឺ​នៅ​ទីស្តីការ​ក្រសួង​ការងារ​សាល​ B និង​ ១ ​ទៀត​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​។ ក្នុង​ ១ ​កន្លែងៗ​មាន​គ្រូពេទ្យ​ដែល​ទទួល​ការបណ្តុះបណ្តាល​នេះ​ចំនួន​ ១៥ ​នាក់​ តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ឱ្យ​គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា​រៀន​ពី​របៀប​នៃ​ការចាក់​វ៉ាក់សាំង​នេះ ប៉ុន្តែ​លោក​ជឿជាក់ថា ក្រុមគ្រូពេទ្យ​ទាំងនេះ​នឹង​ឆាប់​ចេះ​ដោយសារ​ពួកគាត់​ជា​គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា​។

លោក​ អ៊ុក ចាន់ធូ បាន​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​មិនទាន់​បាន​កំណត់​នូវ​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ ប៉ុន្តែ​ថ្នាក់ដឹកនាំ​បានឱ្យ​ខ្ញុំ​ទៅពិនិត្យ​ទីតាំង​ដូច​អ្វីដែល​យើង​បានធ្វើ​ក្នុងពេល​សម្តេច​នាយករដ្ឋមន្ត្រី​ចុះ​សំណេះសំណាល​ជាមួយនឹង​បងប្អូន​កម្មករ​កាលពី​ឆ្នាំ​ ២០១៧-២០១៨ ​ដែល​ទីតាំង​អាច​មាន​នៅ​សួន​វឌ្ឍនៈ​ ១ សួន​វឌ្ឍនៈ​ ២ សួន​កាណាឌីយ៉ា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្នុង​តំបន់​បឹង​បៃតង​»​។

លោក​ថា ក្រសួង​ក៏​កំពុងតែ​ពិនិត្យមើល​ទីតាំង​ផ្សេងៗ​ទៀត​នៅក្នុង​រាជធានីភ្នំពេញ​ដែលមាន​ចំនួន​ ៥៧ ​ទីតាំង ប៉ុន្តែ​បាន​បង្រួម​មក​នៅ​ចំនួន​ ៤១ ​ទីតាំង ប៉ុន្តែ​ថ្នាក់ដឹកនាំ​នឹងធ្វើ​ការពិនិត្យ​មើលថា តើ​ត្រូវ​ដំឡើង​ទាំង​ ៥៧ ​ទីតាំង ឬ​តែ​ ៤១ ​ទីតាំង​សម្រាប់​កម្មករនិយោជិត​ជាង​ ១ ​លាន​ ៨ ​សែន​នាក់​នៅ​គ្រប់​វិស័យ​។

ក្រសួង​ការងារ និង​សមាគម​រោងចក្រ​កាត់ដេរ​បាន​សហការ​គ្នា​ដែល​សរុប​ទាំង​គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​មាន​ប្រមាណ​ជាង​ ៥០០ ​នាក់​ហើយ សម្រាប់​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​កម្មករ និយោជិត​។

លោក ចាន់ធូ ថ្លែងថា​៖ «​ដើម្បី​ការពារ​នូវ​អាយុជីវិត​សូម​ឱ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ត្រូវតែ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវិដ​១៩ ប៉ុន្តែ​នៅតែ​បន្ត​ការការពារ​ដដែល​ទោះបីជា​យើង​ចាក់​វ៉ាក់សាំង​ក៏ដោយ​»​។

កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ិត សំហេង បាន​ផ្ញើលិខិត​ស្នើឱ្យ​សមាគម រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់​ ឬ​នាយក​រោងចក្រ​សម្រាប់​រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​វីដ​ ១៩​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមាគម​បានរៀបចំ​ផ្សព្វផ្សាយ​នូវ​កិច្ចការងារ​នេះ​ទៅដល់​រោងចក្រ​ទាំងអស់​រួចហើយ ហើយ​ក៏​មានការ​ចូលរួម​ក្នុង​កម្រិត​ខ្ពស់​ពី​រោងចក្រ សហគ្រាស​ផងដែរ ដោយ​គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែមីនា នេះ​មាន​គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​ចំនួន​ ៥៣៤ ​នាក់​។

លោក​បាន​ប្រាប់ថា​៖ «​យើង​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ទាំងអស់​នៅ​ក្រសួង​ការងារ​រួចហើយ​ដើម្បី​រៀបចំ​វគ្គបណ្តុះបណ្តាល​បច្ចេកទេស​មុននឹង​ចាក់​វ៉ាក់សាំង ហើយ​ជា​ជំហាន​ដំបូង​ក្រសួង​សុខាភិបាល​បាន​បង្រៀន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ពី​នីតិវិធី​បច្ចេកទេស​ក្នុង​ការចាក់​នេះ​»​។ ​លោក​ កាំង ម៉ូនីកា​ថា នាពេល​ខាងមុខ​ឆាប់ៗ​នេះ ក្រសួង​នឹង​បង្រៀន​បន្ត​មកដល់​ក្រុមគ្រូពេទ្យ​របស់​រោងចក្រ​ដែល​សមាគម​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​រួចរាល់​ហើយ​ផងដែរ ដែល​ការបង្រៀន​នេះ​គឺធ្វើឡើង​តាមរយៈ​អនឡាញ​។

លោក​ថា​៖ «​ស្របពេល​គ្នា​នេះដែរ យើង​កំពុង​ជំរុញ​រោងចក្រ​ឱ្យ​បញ្ជូន​ឈ្មោះ​កម្មករ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ ពីព្រោះ​ការចាក់​នេះ​មិនមែន​ចាក់​កម្មករ​ទាំងអស់​ទេ គឺ​យើង​ចាក់​តាម​ការស្ម័គ្រចិត្ត ហើយ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ពន្យល់​ណែនាំ​ដល់​កម្មករ​ឱ្យ​យល់ ហើយ​ស្ម័គ្រចិត្ត​ចាក់​»​។

លោក​ សុទ្ធ សំអុល កម្មករ​រោងចក្រ​ ១ ​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ ១ ​ក្នុង​ខណ្ឌមានជ័យ​បាន​អះអាងថា បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​រួចហើយ​។ លោក​ថា​៖ «​ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ដោយ​មិនមាន​អ្នកណា​បង្ខំ​ឡើយ ដោយសារ​ខ្ញុំ​ចង់​ការពារ​ខ្លួន​ខ្ញុំ និង​ក្រុមគ្រួសារ​ពី​មេរោគ​នេះ​»​។

លោក​ថា កម្មករ​ប្រហែលជា​ ៨០០ ​នាក់​ ហើយ​ក្នុង​រោងចក្រ​លោក​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ក៏មាន​កម្មករ​មួយចំនួន​ក៏​មិន​ចង់​ចាក់​វ៉ាក់សាំង​ដែរ តែ​វា​ជាការ​សម្រេចចិត្ត​របស់​ពួកគាត់​៕