ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់ដេរ សិនតៃ ហ្គាមេន (ខេមបូឌា) អិល ធី ឌី ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​ប្រាក់ខែ​ខ្លះ និង​ផ្តល់ប្រាក់​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដោយ​ពួកគេ​បាន​អះអាងថា ប្រាក់ខែ​លើក​ទី ១ ក្នុង​ខែមេសា ពួកគេ​ទទួល​បាន​មិន​គ្រប់ ៥០ ភាគរយ​នៃ​ប្រាក់ខែ​សរុប​នោះទេ។

រោងចក្រ​សិនតៃ ហ្គាមេន (ខេមបូឌា) អិល ធី ឌី ZHEN TAI Garment (Cambodia) Co.,Ltd មាន​កម្មករ​ប្រមាណ ១ ៧០០ នាក់ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ត្រូវបាន​ផ្អាក​ការងារ​ប្រមាណ​កន្លះ​ខែ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ។

បន្ទាប់ពី​ចូលធ្វើការ​វិញ កម្មករ និង​សហជីព​បាន​ដាក់​លិខិត​ទៅ​រោងចក្រ កាលពី​ថ្ងៃទី ១១ ឧសភា ដើម្បី​ស្នើ​ដល់​រោងចក្រ​នេះ​ឲ្យ​ទូទាត់​ប្រាក់​ឈ្នួល​ដែល​ត្រូវ​បើក​ផ្តល់​ដល់​កម្មករ​ឲ្យ​បាន​គ្រប់​ចំនួន​ចន្លោះ​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ១៣ មេសា និង​ផ្តល់ប្រាក់​ថ្ងៃ​ឈប់សម្រាក រួមទាំង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដល់​កម្មករ ក្នុង​អំឡុងពេល​បិទខ្ទប់​ចន្លោះ​ពីថ្ងៃ​ទី ១៥ ដល់​ថ្ងៃទី ៣០ មេសា។

លោក​ កឹម សុខឃេន ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ ដែល ជា​តំណាង​ឲ្យ​កម្មករ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅថ្ងៃនេះ​ថា អំឡុងពេល​ពាក់កណ្តាល​ខែមេសា កម្មករ​ទាំងអស់​ក្នុង​រោងចក្រ គឺ​មិន​ទទួល បាន​ប្រាក់​ឈ្នួល​គ្រប់ ៥០ ភាគរយ​នៃ​ប្រាក់ខែ​សរុប​ដែល​ពួកគេ​ត្រូវ​ទទួល បាន​ពេញ ១ ខែ​នោះទេ ខណៈ​កម្មករ​ទទួលបាន​ប្រាក់ខែ ចន្លោះ​ពី​ជាង ២០០ ដុល្លារ ទៅ ជាង ៣០០ ដុល្លារ​ក្នុង ១ ខែ។

លោក​អះអាង​បែបនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន បាន​បើកប្រាក់​ឈ្នួល​លើក​ទី ១ ដល់​កម្មករ​ចំនួន​តែ ១០០ ដុល្លារ​ប៉ុណ្ណោះ ។

កម្មករ​ទាំងអស់​មិនទាន់​ទទួលបាន​ការទូទាត់​ក្នុង​ការបើកប្រាក់​ខែ​ជា​លើក​ទី ២ សម្រាប់​ខែមេសា​នោះទេ។ ក្រុមហ៊ុន​បាន​ប្រកាស​ថា ប្រាក់​នេះ​នឹង​ធ្វើ​ការទូទាត់​បើក​ជូន​កម្មករ​នៅ​ថ្ងៃទី ១៣ ខែឧសភា ស្របពេល​មាន​កម្មករ​ជាច្រើន នឹង​មិន​ទទួលបាន​ប្រាក់​ខែលើក​ទី ២ នោះ​ទេ។

លោក​បញ្ជាក់ថា៖ «ក្រសួង គាត់​ចេញ​ឲ្យ​រោងចក្រ​ផ្តល់ប្រាក់​សម្បទាន​ណាមួយ​អាច​មាន​លទ្ធភាព​ឲ្យ​បាន គឺ​ឲ្យ​ប៉ុណ្ណឹង​ទៅ។ តែ​ក្នុងពេល​បិទខ្ទប់​នេះ បងប្អូន​កម្មករ​យើង​ពិបាក​ណាស់ ហើយ​នៅពេល​ចេញ​បុង​បើកប្រាក់​លើក​ទី ២ នេះ កម្មករ​ខ្លះ គាត់​មិន​បាន ១ រៀល​ផង ហើយ​អ្នកខ្លះ​បាន ៤០០ លុយ​ខ្មែរ»។

ជាមួយ​នឹង​ការទាមទារ​នេះ កម្មករ​បាន​ព្រមាន​ធ្វើការ​តវ៉ា ឬ​ធ្វើ​សកម្មភាព​ណាមួយ ក្នុង​ករណី​ដែល​ការបើកប្រាក់​ឈ្នួល​លើក​ទី ២ សម្រាប់​ខែមេសា មិនអាច​ផ្គត់ផ្គង់​ជីវភាព​បាន។ ខណៈ​នេះ កម្មករ​ទាំងអស់​បាន​ធ្វើពហិកា​មិន​ធ្វើការ​ថែម​ម៉ោង​ជូន​ក្រុមហ៊ុន​នោះទេ។

លោក សា ប៊ុង មន្ត្រី​ផ្នែក​ច្បាប់​នៃ​រោងចក្រ សិនតៃ ហ្គាមេន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រោងចក្រ​អនុវត្ត​ទៅតាម​ច្បាប់ និង​សេចក្តី​សម្រេច​នានា​ដែល​ចេញ​ដោយ​ក្រសួង​ការងារ។

លោក​បន្តថា ចំពោះ​ការបើកប្រាក់​ឈ្នួល​នេះ​គឺ​ក្រុមហ៊ុន​ធ្វើ​ទៅតាម​គោលការណ៍ ហើយ​ចំនួន​កម្មករ​ដែល​នឹង​ទទួល​បាន​ក្នុងពេល​បើកប្រាក់​ឈ្នួល​លើក​ទី ២​នៃ​ខែមេសា គឺ​អាស្រ័យ​ទៅតាម​កម្មករ​នីមួយ។

ទោះយ៉ាងណា លោក​មិន​អាច​បញ្ជាក់​បានទេ ថា ក្រុមហ៊ុន​នឹង​សម្រេច​ទៅលើ​សំណើ​របស់​កម្មករ​តាម​ការទាមទារ​ឬ​យ៉ាងណា​នោះទេ។

លោក​បញ្ជាក់ថា៖ «ជាទូទៅ រោងចក្រ​តែង​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង។ ចំពោះ​សំណើ​របស់​កម្មករ​នេះ គឺ​សម្រាប់​ខ្ញុំ​ផ្ទាល់ គឺ​មិនអាច​ឆ្លើយ​បានទេ។ ចាំមើល​ការងារ​ជាក់ស្តែង ដែល​រោងចក្រ បានធ្វើ​នៅ​ថ្ងៃស្អែក»។

កាលពី​អំឡុង​ខែ​មេសា ក្រសួង​ការងារ​បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន ឲ្យ​បើកប្រាក់​ឈ្នួល​ដើមខែ​មេសា និង​ប្រាក់ឧបត្ថម្ភ​បន្ថែម​ដល់​កម្មករនិយោជិត​ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់។ ក្នុងនោះ​ការបើក​ផ្ដល់ប្រាក់​ឈ្នួល​ដើមខែ​មេសា​ត្រូវ​គិតពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៤ ខែមេសា ដោយ​ត្រូវ​ផ្ដល់ជូន​កម្មករនិយោជិត​របស់​ខ្លួន ប្រសិនបើ​មិនទាន់​បើក​ផ្ដល់​នាពេល​កន្លងមក។

បន្ថែម​ពីនេះ ម្ចាស់​រោងចក្រ សហគ្រាស សិប្បកម្ម និង​ក្រុមហ៊ុន​ក៏​អាច​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​កម្មករ​និយោជិត​របស់​ខ្លួន​តាម​លទ្ធភាព ដោយ​ផ្អែកលើ​ស្មារតី​មនុស្សធម៌ សាមគ្គីភាព និង​ទំនួល​ខុសត្រូវ​សង្គម​ក្នុង​គ្រា​លំបាក​រួម​នេះ​ផងដែរ។

អ្នកស្រី សេង គន្ធា កម្មករ​រោងចក្រ សិនតៃ ហ្គាមេន រំពឹងថា ខាង​ក្រុមហ៊ុន នឹង​ផ្តល់ប្រាក់​តាម​ការទាមទារ​របស់​កម្មករ ដើម្បី​ឲ្យ​កម្មករ​អាចមាន​លទ្ធភាព​ជាង​មុន​ក្នុង​ការផ្គត់ផ្គង់​ជីវភាព ស្របពេល​ប្រាក់ខែ​ដែល​ទទួល​បាន​ក្នុង​ខែមេសា​នោះ គឺ​មិន​គ្រប់គ្រាន់​នោះទេ៕