កំពង់ចាមៈ កម្មករ​នៅ​រោងចក្រ​ជាង ២ ០០០ នាក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​យក​សំ​ណាក​ជា​បន្តបន្ទាប់ ​ដើម្បី​ឲ្យ​ប្រាកដថា​ ពួកគេ​មាន​ ឬគ្មាន​ជំងឺ​កូ​វីដ ១៩ ​បន្ទាប់​កម្មករ​ទាំងនោះ ​បាន​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ​ជាតិ​លេខ ៦ ​មិន​ឲ្យ​ធ្វើ​ចរាចរកាលពី​ថ្ងៃទី ២៩​ ខែ ឧសភា ឆ្នាំ ២០២១។

ការដែល​កម្មករ​ផ្ទុះ​ការតវ៉ា​បិទផ្លូវ​នេះ បន្ទាប់ពី​ពួកគេ​បានទទួល​ព័ត៌មាន​ថា ​មាន​កម្មករ-​កម្មការិនី​ចំនួន ​៥​ ទៅ​ ៦ នាក់ ​បម្រើ​ការងារ​នៅ​រោងចក្រ​វ៉ា​ឡុង​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ ១៩ ​ហើយ​ត្រូវបាន​នាំមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កូ​វីដ​ក្នុង​ក្រុង​កំពង់​ចាម។

ក្នុង​ពេល​នោះ ​ក៏មាន​កម្មករ​ជាង ៣០០ នាក់ ​បានផ្ទុះ​ការតវ៉ា​នេះ ​ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​ធ្វើ​សំណាក​កម្មករ​រោងចក្រ​ទាំង​អស់ ​បន្ទាប់ពី​ពួកគេ​បារម្ភ​ពី​បញ្ហា​ឆ្លង​កូ​វីដ ១៩ ​ចូលក្នុង​រោងចក្រ ​និង​ទាមទារ​ឲ្យ​រោងចក្រ​នេះ ផ្តល់ប្រាក់​ឈ្នួល​៥០ ភាគរយ ​ក្នុងពេល​ដែល​កម្មករ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ។ នេះ​បើ​តាម​លោក ​ចេង ហ៊ាង ​ប្រធាន​មន្ទីរ​ការងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៣១ ឧសភា។

លោក ​ចេង ហ៊ាង ​អះអាងថា ​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ គឺ​កម្មករ​ទាំងអស់ ​បាន​យល់ព្រម​ចូល​ធ្វើការ​វិញ ​ក្រោយពី​ថៅកែ​រោងចក្រ​បានយល់ព្រម​តាម​សំណើ​ របស់​កម្មករ ​ដោយ​តម្រូវឲ្យ​កម្មករ​ទាំងអស់​ធ្វើ​តេស្ត​គ្រប់គ្នា។​កម្មករ​ទាំងនោះ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ ៥០ ភាគរយ ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តា​ឡី​ស័ក​រយៈពេល ​១៤ ថ្ងៃ ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នេះ​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «កម្មករ​បានធ្វើ​តេស្ត​អស់​ហើយ ​ចាប់តាំង​ពី​ថ្ងៃ​តវ៉ា ​រហូត​មកដល់​ថ្ងៃទី ៣០ ​ឧសភា ​គឺ​យក​សំណាក​អស់​ហើយ។ ប៉ុន្តែ​រហូតមក​ដល់​ពេលនេះ ​ក្រសួង​សុខាភិបាល ​មិនទាន់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ខ្ញុំ​ទេ​ថា​ លទ្ធផល​របស់​កម្មករ​យ៉ាង​ណា»។

បើ​តាម​លោក ​ចេង ហ៊ាង ​កម្មករ​ជាង ​២ ០០០ នាក់​នេះ ​គឺ​កំពុង​ធ្វើការ​ក្នុង​រោងចក្រ​វ៉ា​ឡុង​ខេម​បូឌា ​អៅ​សូល​អិន​ដាស​ស្ទ្រី ​អិល​ធី​ឌី ​រោងចក្រ​ម៉ាន់​ឡុង​ស៊ូ ​ឯ.ក ​និង​រោងចក្រ​ឡុង​ឈឹង​ស៊ូ​ផាត​ ឯ.ក ​ស្ថិតនៅ​ភូមិ​ឈើទាល ​ឃុំ​ផ្ដៅ​ជុំ ​ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់​ចាម។

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​លើកឡើងថា ​ករណី​ដែល​កម្មករ​ទាមទារ​ក្នុង​ពេលនេះ ​គឺជា​សិទ្ធិ​របស់​កម្មករ ​ស្រប​ពេលដែល​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ចេញ​លិខិត​ផ្លូវការ​ជា​បន្តបន្ទាប់ ឲ្យ​រោចក្រ ​ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​អំឡុង​ពេល​កម្មករ​ណា​ម្នាក់ ធ្វើ​ចត្តា​ឡី​ស័ក។

បន្ថែម​ពីនេះ​ លោក​ថា ​ការដែល​កម្មករ​ទាម​ទារ​ឲ្យ​ធ្វើ​សំណាក​រក​ជំងឺ​កូ​វីដ ១៩ ក៏​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​ផងដែរ ​ព្រោះ​កម្មករ ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន ហើយ​បើ​មានការ​ធ្វើតេស្ត​ឲ្យ​ប្រាកដប្រជា​នោះ​ ពួកគាត់​ អាច​នឹង​លែងមាន​ការ​ព្រួយបារម្ភ។

លោក​ថ្លែងថា​៖«ក្រសួង​ការងារ ​និង​ក្រសួង​សុខា​ភិបាល​ បានចេញ​ [លិខិត]​ ជា​បន្តបន្ទាប់ ​ហើយ​ក្រុមហ៊ុន​គួរតែ​អនុវត្ត​តាម​ហ្នឹង។ តែ​តាម​ខ្ញុំ​ដឹង ​គឺមាន​ក្រុមហ៊ុន​មួយចំនួន ​មិនបាន​អនុវត្ត​នោះទេ ​ដែល​ហេតុ​នាំ​ឲ្យ​កម្មករ​តវ៉ា។ ដូច្នេះ​ដើម្បី​ចៀស​វាងមានការ​ប្រមូលផ្តុំ​តវ៉ា​ពី​កម្មករ បើ​ក្រុមហ៊ុន​ណា​អនុវត្ត​មិនបាន​ទេ​ក្រសួង​គួរតែ​ចុះទៅ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ដោយ​ការផាក​ពិន័យ ​និង​ផ្អាក​រោងចក្រ​ទាំង​នោះ»។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ ​នៃ​ខេត្ត​កណ្តាល ​កាលពី​ខែមេសា​ លោក​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា ​រោងចក្រ​ជាង​ ២០០ កន្លែង ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន ​បន្ទាប់ពី​រកឃើញ ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ​ដោយ​ក្នុងនោះ​ មាន​កម្មករ ​១ ៦៧៣ នាក់ ​មាន​ផ្ទុក​ជំងឺ ​និង​កម្មករ​ជាង​ ១ ម៉ឺន​នាក់ ​បានធ្វើ​ចត្តា​ឡី​ស័ក៕