ស្វាយរៀងៈ កម្មការិនី​រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី​ឈ្មោះ​ ធី.វ៉ាយ អ៊ីឡិកទ្រិក​ (T.Y ELECTRIC CO.,LTD.) ​នៅ​ខេត្ត​ស្វាយរៀង​ចំនួន​​ ២០ ​នាក់​ ពី​ម្សិលមិញ​បាន​ដួលសន្លប់​ជាបន្តបន្ទាប់ ក្រោយពី​កម្មករ​ ៤៩ ​នាក់​ ដែល​ដួលសន្លប់​កាលពី​ថ្ងៃទី​ ៥-៦ មិថុនា​ បាន​ធូរស្រាល​វិញ​។ មូលហេតុ​នៃ​ការដួល​នេះ មន្ត្រី​អះអាង​ថា ពួកគេ​គ្មាន​កម្លាំង និង​គ្មាន​ជាតិ​វីតាមីន​គ្រប់គ្រាន់​។

លោក​ អ៊ូ សុខឿន ប្រធាន​មន្ទីរការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្មករ​ចំនួន​ ២៣ ​នាក់​ បាន​បន្ត​ដួលសន្លប់​នៅ​ថ្ងៃទី ៨ មិថុនា​ នេះ​ដោយ​មាន​អាការ​ទន់​ដៃជើង​។ លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ​ចំនួន​ ៤៩ ​នាក់​ ដែល​ដួលសន្លប់​កាលពី​ថ្ងៃទី​ ៥-៦ មិថុនា មាន​ស្ថានភាព​ធូរស្រាល និង​បាន​ចេញ​ពី​មន្ទីរពេទ្យ​អស់ហើយ​។

លោក​បន្តថា មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង​រោងចក្រ​ហើយ ប៉ុន្ដែ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ដួលសន្លប់​នេះ​ដោយសារ​ពួកគាត់​អស់កម្លាំង គ្មាន​វីតាមីន​គ្រប់គ្រាន់ ទើប​មាន​អាការ​ទន់​ដៃជើង ហើយ​ដួលសន្លប់​តែម្ដង​។ ចំពោះ​បរិយាកាស​ក្នុង​រោងចក្រ​មិនមាន​ចោទ​ជា​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ពួកគាត់​ដួលសន្លប់​ទេ​។

លោក​ សុខឿន ​ថា​៖ «​យើង​នៅ​បន្ត​តាមដាន​មើល​ស្ថានភាព ថា​តើ​នៅមាន​ករណី​ដួលសន្លប់​បន្ថែមទៀត​ដែរ​ទេ​។ ប្រសិន​នៅមាន​កម្មករ​ដួលសន្លប់​ទៀត យើង​នឹង​ធ្វើការ​ស្នើសុំ​ឲ្យ​រោងចក្រ​បិទ​រយៈពេល​ ២ ឬ​ ៣ ​ថ្ងៃ​សិន ដើម្បី​ឲ្យ​កម្មករ​មាន​អារម្មណ៍​ធូរស្បើយ ហើយ​នៅក្នុង​រោងចក្រ​ធ្វើការ​អនាម័យ​បន្ថែមទៀត ដើម្បី​កុំឲ្យ​មាន​ក្លិន​មិនល្អ​នៅ​កន្លែង​ធ្វើការ​របស់​កម្មករ​យើង​»​។

លោក​ ងិន សុធី ជំនួយការ​រដ្ឋបាល​រោងចក្រ​ផលិត​ឧបករណ៍ អគ្គិសនី​ខាងលើ​នេះ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់ ជុំវិញ​ការដួលសន្លប់​កម្មករ​បានទេ ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។

ប៉ុន្ដែ​តាម​លោក​ អ៊ូ សុខឿន បាន​ឲ្យ​ដឹងថា រោងចក្រ ធី.វ៉ាយ មាន​ថៅកែ​ជា​ជនជាតិចិន​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គីហ្គា រីសស៍ ភូមិ​ដើមពោធិ៍ ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ដែល​មាន​កម្មករ​សរុប​ប្រមាណ​ជាង ​១ ៦០០ ​នាក់​។ ករណីនេះ​ជា​លើក​ទី​ ១ ​ដែល​មាន​កម្មការិនី​ក្នុង​រោងចក្រ​ធី.វ៉ាយ​ដួល​សន្លប់​ក្នុង​ម៉ោង​ការងារ​។

ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ពី​កម្មករ ដើម្បី​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បានថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ទទួល​ចំនួន​កម្មករ​ដែល​ដួលសន្លប់​នោះ​បន្ថែមទៀត​ទេ​។ ប៉ុន្ដែ​លោក​ថា ករណី​ដួលសន្លប់​កន្លង​មក​ដោយសារ​ក្លិនថ្នាំ​នៅ​ជាប់​ខ្សែភ្លើង និង​ខ្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​នៅ​កន្លែង​ធ្វើការ​ដែល​បង្ក​ឲ្យ​កម្មការិនី​ណែនទ្រូង និង​ពិបាក​ដកដង្ហើម​។

លោក​បន្ថែមថា ជាទូទៅ​កម្មករ​តែងតែ​ដួលសន្លប់​ភាគច្រើន​បណ្ដាល​មកពី ពួកគេ​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​បរិយាកាស​មិន​ល្អ ដូចជា មាន​ក្លិន​ភាយ​ចេញ​ពី​សម្ភារ ឬ​ឧបករណ៍​ដែល​ពួកគេ​ធ្វើការ និង​ដោយសារ​ខ្វះ​ខ្យល់​ចេញចូល ឬ​អុកស៊ីហ្ស៊ែន​ព្រមទាំង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា បើ​នៅតាម​រោងចក្រ​ជួប​បញ្ហា​កម្មករ​ដួលសន្លប់​បែបនេះ​ខាង​រោងចក្រ​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​រយៈពេល​ ២ ឬ​ ៣ ​ថ្ងៃ​សិន ហើយ​ចាប់ផ្ដើម​សម្អាត ឬ​បូម​ធូលី​នៅ​ក្នុង​រោងចក្រ​។ សម្ភារ​គ្មាន​តម្លៃ​យកចេញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​របស់​កម្មករ​។ លើសពីនេះ អធិការកិច្ច​ក្រសួង​ការងារ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន​បរិយាកាស​នៅ​តាម​រោងចក្រ​ផងដែរ​»៕