ភ្នំពេញៈ កម្មករ​កាត់ដេរ​មកពី​រោងចក្រ​ចំនួន​ ៤ ដែល​ថៅកែ​បិទទ្វារ​រត់​ចោល​បាន​លើក​ឡើង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​អំពី​កញ្ចប់​សំណង ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ​ដែល​បាន​បិទ​នៅ​លើ​ជញ្ជាំង​រោងចក្រ​ដោយ​អះអាង​ថា ចំនួន​ប្រាក់​សំណង​នោះ​មិន​គ្រប់​នឹង​ចំនួន​ដែល​ជំពាក់​ពួកគេ​។

កាលពី​ខែ​កុម្ភៈ​ក្រសួង​បាន​ប្រកាស​ថា ក្រសួង​បាន​កំណត់​ថវិកា​ចំនួន ៤,៦ លាន​ដុល្លារ ដើម្បី​សង​ប្រាក់​បំណាច់​ដល់​កម្មករ​នៅ​រោងចក្រ​ចំនួន ៩ ដែល​ថៅកែ​បាន​បិទទ្វារ និង​រត់ចោល ហើយ​ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​ម្ចាស់​រោងចក្រ Yu Fa ជនជាតិ​តៃវ៉ាន់​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​បិទ​ទ្វារ ហើយ​រត់​គេច​ខ្លួន ខណៈ​កម្មករ​កំពុង​ទៅ​ចូលរួម​ពិធី​សំណេះ​សំណាល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

បន្ទាប់ពី​ការប្រកាស​កាលពី​សប្តាហ៍​មុន​ថា​កម្មករ​នៅ​រោងចក្រ​ចំនួន​ ៤ រួម​មាន​រោងចក្រ Benoh Apparel រោងចក្រ Yu Fa Garment Industry រោងចក្រ Great Honour Textile Factory និង​រោងចក្រ Chung Fai Knitwear នឹង​ត្រូវ​ផ្តល់​សំណង​មុន​ចូល​ឆ្នាំ​ខ្មែរ ក្រសួង​ការងារ​បាន​បិទ​ប្រកាស​ពី​ចំនួន​ប្រាក់​សំណង​នៅ​រោងចក្រ​នីមួយៗ​កាលពី​ថ្ងៃ​សុក្រ​។

ទោះ​យ៉ាង​ណា​ក្តី​​ កម្មករ​បាន​អះអាង​ថា ការ​គណនា​ដែល​ធ្វើ​ឡើង​ដោយ​ពួកគេ​ខ្លួនឯង និង​សហជីព​មិន​ត្រូវ​គ្នា​នឹង​ចំនួន​សំណង​នៅក្នុង​ឯកសារ​របស់​ក្រសួង​នោះ​ទេ​។

អ្នកនាង រឿម សៅលាប ដែល​ជា​កម្មការិនី​នៅ​រោងចក្រ Benoh Apparel បាន​ថ្លែង​ថា វា​គួរ​ឲ្យ​ខក​ចិត្ត​ដែល​ឃើញ​ថា អ្នកនាង​នឹង​ទទួល​បាន​តែ ៤១ ដុល្លារ បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល​ ៩ ​​ឆ្នាំ​នៅ​រោងចក្រ​នេះ​ហើយ​ចង្អុល​បង្ហាញ​ថា អ្នកនាង​ស្ថិត​នៅ​ក្នុង​កិច្ចសន្យា​មាន​ថិរវេលា​កំណត់​ ៦ ​ខែ​ក្នុង​អំឡុង​ពេល​នោះ​។

កិច្ចសន្យា​រយៈពេល​ខ្លី​គឺជា​បញ្ហា​មួយ​ដែល​បន្ត​យាយី​វិស័យ​នេះ ខណៈ​ក្រុម​អ្នក​តស៊ូ​មតិ​សិទ្ធិ​ការងារ​បាន​ថ្លែង​ថា​វា​បំពាន​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​កម្មករ​គួរតែ​ទទួល​បាន​កិច្ចសន្យា​មាន​ថិរវេលា​មិន​កំណត់​ បន្ទាប់ពី​ធ្វើការ​បាន​ ២ ​ឆ្នាំ​។ រោងចក្រ Benoh Apparel បាន​ឈប់​ប្រតិបត្តិការ​កាលពី​ខែ​វិច្ឆិកា និង​ផ្តល់​ឲ្យ​កម្មករ​ចំនួន​ ៦០ ​ដុល្លារ​សម្រាប់​ការព្យួរ​ការងារ​រយៈពេល​ ២ ​ខែ​ដោយ​សន្យា​ថា​នឹង​បើក​ដំណើរការ​វិញ​នៅ​ខែ​មករា​។ ប៉ុន្តែ​កម្មករ​បាន​ដឹង​ថា​ថៅកែ​រោងចក្រ​បាន​រត់​គេច​ខ្លួន​នៅពេល​ពួកគេ​ត្រឡប់​ទៅ​ធ្វើការ​វិញ​។

អ្នកនាង​បាន​ថ្លែង​បន្ត​ថា​៖ «​កម្មករ​ជាច្រើន​នៅ​រោងចក្រ Benoh ឥឡូវ​នេះ​ទទួល​បាន​សំណង​ពី ១៧ ដុល្លារ​ទៅ​ ៤៥ ដុល្លារ​។ វា​តិចតួច​ណាស់​ហើយ​សហជីព​ជួយ​គណនា​ខ្ញុំ ខ្ញុំ​ទទួល​បាន​ប្រហែល ៣០០០ ដុល្លារ ប៉ុន្តែ​នៅ​ក្នុង​បញ្ជី​ពី​ក្រសួង​ការងារ ខ្ញុំ​ទទួល​បាន​តែ​ ៤១ ​ដុល្លារ​»​។

សំណង​សម្រាប់​កម្មករ គឺ​គិត​ទៅ​លើ​កត្តា​ ៥ ក្នុង​នោះ​មាន​ប្រាក់​ខែ​មិន​ទាន់​បើក ការឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់​ប្រាក់​បំណាច់​បណ្តេញ​ចេញ​ប្រាក់​សំណង​សម្រាប់​ការ​មិន​បាន​ជូន​ដំណឹង និង​ប្រាក់​ជំងឺ​ចិត្ត​។

អ្នកនាង កឿន ជីវិន ជា​កម្មការិនី​នៅ​រោងចក្រ Chung Fai បាន​ថ្លែង​ថា ការ​គណនា​របស់​ក្រសួង​ពិចារណា​តែ​កត្តា​ ៣ ​ដំបូង និង​មិន​ពិចារណា​កត្តា​ ២ ​ខាង​ក្រោយ​នោះ​ទេ​។ អ្នកនាង​អះអាង​ថា​នាង​ត្រូវ​ទទួល​បាន​ប្រហែល ២៦០០ ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​កំណត់​ឲ្យ​ទទួល​បាន​ ១៥០៤ ដុល្លារ​។ អ្នកនាង​បន្ត​ថា​៖ «​យើង​ខក​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ​ពី​ការសន្យា​របស់​នាយករដ្ឋមន្ត្រី​ដែល​ថា​យើង​នឹង​ទទួល​បាន​សំណង​ទាំងអស់​ទៅ​តាម​ច្បាប់​»​។ «​ក្រសួង​បាន​ឆ្លើយតប​...​ថា ថវិកា​ដែល​រដ្ឋាភិបាល​មាន​គឺ​សម្រាប់​កម្មករ​ជាង ៤០០០ នាក់ ដូច្នេះ​មិន​អាច​ផ្តល់​គ្រប់​អ្វីៗ​ឲ្យ​សុក្រឹត​នោះ​ទេ ហើយ​ពួកគេ​បាន​ព្យាយាម​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ផ្តល់​សំណង​នោះ​»​។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ថ្លែង​ថា គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​គណនា​ប្រហែល​ជា​មិន​បាន​ទទួល​បាន​ឯកសារ​សុក្រឹត សម្រាប់​កម្មករ​ទាំងអស់​ជាពិសេស​កម្មករ​ដែល​ធ្វើការ​ក្រោម​កិច្ចសន្យា​រយៈពេល​ខ្លី​។ «​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​តែងតែ​សុំ​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​នេះ ដើម្បី​ចូលរួម​នៅ​ក្នុង​ដំណើរការ​គណនា​ហើយ​ផ្តល់​ការទូទាត់​ដោយ​សុក្រឹត​ដល់​កម្មករ​»៕ PS