កណ្តាលៈ កម្មករ​រោងចក្រ Prestige Garment Co., LTD ជាង ១០០ នាក់​ក្នុង​ចំណោម​ជាង ៣០០ នាក់​ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង​នៅ​តែ​មិន​ព្រម​ចូល​ធ្វើការ​ហើយ​គ្រោង​យក​ញត្តិ​មក​ដាក់​ស្នើសុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពី​ភាគី​រោងចក្រ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ទទួល​យក​តំណាង​ពួកគេ​ឲ្យ​ចូល​ធ្វើការ​វិញ​។

តំណាង​កម្មករ​លោក ហួន សុវ៉ិត ​និយាយ​ថា​ភាគី​រោងចក្រ​បាន​យល់​ស្រប​តាម​សំណើ​មួយ​ចំនួន​តាម​ការស្នើសុំ​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​។ ប៉ុន្តែ​មិន​បាន​យល់​ព្រម​ទទួល​យក​រូបលោក​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ​ទេ​។

«​យើង​បាន​ប្រជុំ​ (​ម្សិលមិញ​) តាំងពី​ម៉ោង ១០ ព្រឹក​រហូត​ដល់​ម៉ោង ១២ ថ្ងៃត្រង់​។ រោងចក្រ​បាន​យល់ព្រម និង​ចុះ​ជា​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម​។ មិន​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើការ​មុន​ម៉ោង​ក៏ដូចជា​ការសម្រួល​ពេល​សុំច្បាប់​ការងារ​ជាដើម​»​។

បើ​ទោះបី​ជា​យ៉ាង​ណា​លោក ហួន សុវ៉ិត និយាយ​ថា​កម្មករ​មួយ​ចំនួន​នឹង​មិន​ចូល​ធ្វើការ​ទេ ហើយ​នឹង​ដង្ហែ​ញត្តិ​ទៅ​គេហដ្ឋាន​លោក ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ករណី​ទាមទារ​ឲ្យ​លោក​បាន​ចូល​ធ្វើការ​វិញ​។

លោក​ សុវ៉ិត ថ្លែង​ថា​៖ «​ខ្ញុំ​នៅតែ​មាន​សង្ឃឹម​ថា កម្មករ​នៅ​តែ​ចង់​ឲ្យ​ខ្ញុំ​បាន​ចូលធ្វើការ​វិញ​។ ស្អែក​ហ្នឹង កម្មករ​នឹង​ហែ​ញត្តិ​ទៅ​ផ្ទះ​សម្តេច​។ ខ្ញុំ​គិត​ថា រោងចក្រ​រើសអើង​ខ្ញុំ​ដែល​ជា​តំណាង​កម្មករ ព្រោះ​គាត់​លែង​អាច​​ជិះជាន់​កម្មករ​បាន​ដោយសារ​ខ្ញុំ​ហ៊ាន​តវ៉ា​ការពារ​កម្មករ​»​។

លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្តាល​បាន​ថ្លែង​ថា ក្នុង​ការចរចា​កាលពី​ម្សិលមិញ​ភាគី​ទាំង​ ២ ​យល់​ព្រម​គ្នា​បាន​ ៩ ​ចំណុច​តែ​មាន ៥ ចំណុច​ដែល​មិន​ព្រមព្រៀង​គ្នា​។ កម្មករ​ជាង ២០០ នាក់​នឹង​បន្ត​ចូល​ធ្វើការ​វិញ ខណៈ​កម្មករ​ប្រមាណ​ជាង ១០០ ​នាក់ មិន​យល់ព្រម​ចូល​ធ្វើការ​វិញ​ទេ​។

លោក​បញ្ជាក់​៖ «​យើង​បាន​ព្យាយាម​ចរចារ​អស់​លទ្ធភាព​ហើយ​។ ប៉ុន្តែ​ភាគី​ទាំង​ ២ នៅតែ​មិន​ព្រម​។ ចុងក្រោយ​ខាង​សហជីព គាត់​ដើរ​ចេញ​ពី​តុ​ចរចា​។ អ៊ីចឹង​ថ្ងៃ​ស្អែក​ (​ទី​ ៣ ខែ​មករា ឆ្នាំ​ ២០១៩) ខ្ញុំ​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឲ្យ​ដោះស្រាយ​។ ចំណុច​ដែល​រឹងទទឹង​គឺ​ការមិនព្រម​ទទួល​យក​សហជីព​ហ្នឹង​ [​តំណាង​កម្មករ​]»៕