កំពង់ស្ពឺៈ យ៉ាងហោចណាស់​មាន​កម្មករ​ផលិត​ស្បែកជើង​ប្រមាណ​ជិត​ ៧០ ​នាក់​​​​ បាន​ដួលសន្លប់​នៅក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ឈ្មោះ​វីងស្តារ​​ ២ ​ក្នុង​ភូមិ​អង្គសុគន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅតាម​មណ្ឌល​សុខភាព គ្លីនិក​ឯកជន និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដែល​ហេតុការណ៍​នេះ​កម្មករ​ក្នុង​រោងចក្រ​កើតហេតុ​បាន​អះអាង​ថា ដោយសារ​ចំហាយ​ក្លិន​កាវ​។

លោក​ ឃឹម សុផាន់រ៉ា អធិការនគរបាល​ស្រុក​គងពិសី​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ករណី​កម្មករ​ដួលសន្លប់​នោះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​ ៩ ​ព្រឹក​ថ្ងៃទី​ ៥ ខែ​មីនា​ ស្ថិត​នៅ​ទីតាំង​ខាងលើ​ដោយ​មាន​ចំនួន​សរុប​ទាំងអស់​ប្រហែល​ជាង​ ៦០ ​នាក់​។

លោក​ថា បន្ទាប់ពី​ទទួល​សេចក្តី​រាយការណ៍​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​ទីតាំង​រោងចក្រ​កើតហេតុ​ដោយ​បាន​ជួយ​សម្រួល​ចរាចរណ៍ និង​ជួយ​ការពារ​សន្តិសុខ​នៅក្នុង​បរិវេណ​រោងចក្រ និង​ជុំវិញ​ទីតាំង​កើតហេតុ​។ កម្មករ​រងគ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​មាន​ដូចជា គ្លីនិក​ឈ្មោះ​ ជា សុខលីម មន្ទីរពេទ្យបង្អែក​ខេត្ត​មណ្ឌល​សុខភាព​ត្រាំខ្នារ និង​គ្លីនិក​ឈ្មោះ​មូល​មិត្ត​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

លោក​បញ្ជាក់​ថា​៖ «​បញ្ហា​នេះ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា​បណ្តាល​មកពី​មូលហេតុ​អី​ដែរ តែ​បើ​តាម​កម្មករ​ដែល​រងគ្រោះ​ប្រាប់ថា​ធុំក្លិន​កាវ​បិទ​ស្បែកជើង​។ ព្រោះ​សមត្ថកិច្ច​ខ្ញុំ​មាន​នាទី​តែ​ការពារ​សន្តិសុខ​ប៉ុណ្ណោះ​»​។

ស្ត្រី​ជា​កម្មការិនី​ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​ជា​ជនរងគ្រោះ​ពី​ការដួល​សន្លប់​ក្នុង​ចំណោម​កម្មករ​ជាង​ ៦០ ​នាក់​នោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នាង​កំពុងធ្វើការ​ដូច​សព្វមួយដង​។ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​នាង​ធុំក្លិន ដែល​ក្លិន​នោះ​ទំនង​ជា​ក្លិនកាវ​ដែល​គេ​ប្រើ​សម្រាប់​បិទ​ស្បែកជើង​ក្នុង​រោងចក្រ​។

កម្មការិនី​រូបនោះ​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​ធុំក្លិន​មក​ស្រាប់តែ​ខ្លួន​ខ្ញុំ​ហាក់​ចង់​ក្អួត និង​ឈឺក្បាល​ហើយ​ក៏​លែង​ដឹងខ្លួន​តែម្តង​»​។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ​លោក​ ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា រោងចក្រ​ផលិត​ស្បែកជើង​នោះ​មាន​ឈ្មោះ​ វីងស្តារ២ ជា​សាខា​របស់​រោងចក្រ​វីងស្តារ​ ១ ​ស្ថិត​នៅក្នុង​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ​។ បញ្ហា​ដួលសន្លប់​នេះដែរ​បើ​តាម​ដែល​លោក​ទទួល​របាយការណ៍​ពី​ក្រុមកម្មករ​នៅក្នុង​រោងចក្រ​បាន​ប្រាប់ថា​កម្មករ​ដែល​ដួលសន្លប់​នោះ​មាន​ចំនួន​សរុប​ទាំងអស់​ ៦៩ ​នាក់​។

ករណី​នេះ​លោក​មិនទាន់​ដឹង​ច្បាស់​ថា ការដួលសន្លប់​នេះ​បណ្តាល​មកពី​មូលហេតុ​អ្វី​ទេ តែ​បើ​តាម​ព័ត៌មាន​ពី​កម្មករ​ប្រាប់​លោក​ថា ដូចជា​មាន​ក្លិន​ប្រភេទ​ជា​កាវ ប៉ុន្តែ​បញ្ហា​នេះ​គ្រាន់តែ​និយាយ​តៗ​គ្នា​តែប៉ុណ្ណោះ​។

លោក​ប្រាប់ថា​៖ «​ករណីនេះ​យើង​រក​មូលហេតុ​មិនទាន់​បានទេ​»​។ លោក​បន្តថា​នៅក្នុង​រោងចក្រ​ស្បែកជើង​កើតហេតុ​នោះ​មាន​កម្មករ​ជាង​ ១ ​ពាន់​នាក់​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​នោះ​។ ចំពោះ​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ​លោក​បាន​ប្រាប់​ទៅ​ភាគី​ពាក់ព័ន្ធ​ថា ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ការងារ​ដូចជា ខាង ប.ស.ស. ឬ​ខាង​ពេទ្យ​ដែល​ប្រចាំការ​ក្នុង​រោងចក្រ​ ឬ​ពេទ្យ​ដែល​មាន​ជំនាញ​ខាង​ការចុះ​ត្រួតពិនិត្យ​ទៅលើ​នាយកដ្ឋាន​ពេទ្យ​របស់​ក្រសួង​ការងារ​ជាដើម​គួរតែ​ចុះ​ស្រាវជ្រាវ​រកហេតុផល​នៃ​ការដួលសន្លប់​របស់​កម្មករ​នេះ​ឲ្យ​ទាន់​ពេលវេលា​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

លោក​ថ្លែងថា​៖ «​ដោយសារ​ឥឡូវនេះ​មាន​ព័ត៌មាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​ជំងឺ​វីរុស​ផង អី​ផង អ៊ីចឹង យើង​មិន​ចង់​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ករណី​ដួលសន្លប់​ទៅជា​ហេតុ​អី​ផ្សេងៗ​ទេ​»​។

លោក​បញ្ជាក់ថា ចំពោះ​ស្ថានភាព​បរិស្ថាន​ក្នុង​រោងចក្រ​នៅ​កម្ពុជា​នៅ​មិនទាន់​មាន​លក្ខណៈ​មួយ​ដែលជា​ការសាងសង់​រោងចក្រ​ស្របតាម​ស្តង់ដា​ប្រសើរ​នៅឡើយ​ទេ​។ វា​នៅ​មាន​កម្រិត​នៅឡើយ ហើយ​ភាគតិច​ណាស់​ដែលថា​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​បរិស្ថាន​តាម​ស្តង់ដា​នោះ​។ ​ដោយឡែក​នៅក្នុង​រោងចក្រ​វីងស្តារ​នេះ​ទាំង​ការសាងសង់​អគារ​ទាំង​អ្វី​ទៀត​នោះ ហាក់​ដូចជា​នៅក្នុង​កម្រិត​មួយ​មិន​ជា​អាក្រក់​ទេ ដោយ​សាងសង់​អគារ​ខ្ពស់​ហើយ​គ្មាន​បង្អួច​គ្រប់គ្រាន់​។ អ៊ីចឹង​លោក​ថា​វា​អាចពាក់ព័ន្ធ​ក្លិន​កាវ ឬ​ក្លិនថ្នាំ​អ្វី​ផ្សេង​ដែលជា​ធាតុ​ផ្សំ​ក្នុង​ការផលិត​ស្បែកជើង​នោះ ដូច្នេះ​វា​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ច្រើនជាង​។

ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិន​ទាន់​អាច​រក​ប្រភព​ណាមួយ ដើម្បី​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អ្នកគ្រប់គ្រង​រោងចក្រ​ខាងលើ​បាន​ទេ​ម្សិលមិញ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​ទូរស័ព្ទ​ទៅ​លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ដើម្បី​សុំ​ការពន្យល់​ដែរ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​៕