កំពង់ស្ពឺៈ ​កម្មករ​រោងចក្រ​ម៉ូណូភា Monopia (Cambodia) នៅ​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ផ្តើម​ធ្វើការ​តវ៉ា​ជាថ្មីទៀត​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅមុខ​រោងចក្រ បន្ទាប់ពី​មន្ត្រី​អធិការកិច្ច​នៃ​មន្ទីរ​ការងារ​ខេត្ត​បានចេញ​សេចក្តី​សម្រេច​ឲ្យ​ភាគី​រោងចក្រ​បញ្ឈប់​តំណាង​កម្មករ ២ ​នាក់​តាម​ការស្នើសុំ​របស់​ភាគី​រោងចក្រ​ក្រោយពី​ចុះ​អង្កេត​ ១ ​សប្តាហ៍​។

ការផ្ទុះ​ការតវ៉ា​ជាថ្មី​នេះ​ក៏បាន​ធ្វើឡើង​បន្ទាប់ពី​កម្មករ​ទាំងនោះ​បាន​ចូល​ធ្វើការ​វិញ​តាម​ការបញ្ជា​របស់​តុលាការ​ខេត្ត​នេះ​កាលពី​ថ្ងៃទី​ ១៥ ខែ​វិច្ឆិកា ​ដោយ​សម្រេច​ក្នុង​ដីការក្សា​ការពារ​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​បញ្ឃប់​ការធ្វើ​បាតុកម្ម​ខុសច្បាប់ និង​ចូល​ធ្វើការ​វិញ​ក្នុង​អំឡុងពេល ៤៨ ​ម៉ោង​។

អ្នកស្រី សួស សោភ័ណ្ឌ កម្មការិនី​ដែល​ចូលរួម​ការតវ៉ា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្មករ​បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី​កាលពី​ថ្ងៃ​ពុធ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ដីការក្សា​ការពារ​ដែល​កំណត់​ឲ្យ​ពួកគាត់​ចូល​ធ្វើការ​វិញ បាន​ផុត​សុពលភាព​។ អ្នកស្រី​បន្ត​ថា កម្មករ​ទាំងអស់​នៅ​តែ​ប្រកាន់​ជំហរ ចូលរួម​ការតវ៉ា​រហូត​ទាល់តែ​រោងចក្រ​ព្រម​ទទួល​យក​តំណាង​របស់​ពួកគេ​ឲ្យ​ចូល​ធ្វើការ​វិញ​។

អ្នកស្រី សោភ័ណ្ឌ បញ្ជាក់ថា​៖ «​ព្រោះ​អីយើង​អត់​មាន​តវ៉ា​ទាមទារ​អី​ច្រើន​ទេ គឺ​សូម​តែ​តំណាង​ ២ ​រូប ហើយ​និង​បង​កម្មករ ៧ ​នាក់​ទៀត​បាន​ចូល​ធ្វើការ​វិញ​។ ស្អែក​ហ្នឹង (​ថ្ងៃ​សុក្រ​) ​យើង​នឹង​បន្ត​ការតវ៉ា​បន្តទៀត​ព្រោះ​គេ​មិនបាន​សម្របសម្រួល​ឲ្យ​ពួកគាត់​ចូល​ធ្វើការ​វិញ​ទេ​។ យើង​នៅតែ​មាន​ជំហរ​រឹងមាំ តវ៉ា​ដដែល​»​។

កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា កម្មករ​រោងចក្រ ម៉ូណូភា ដែល​មាន​ទីតាំង​ក្នុងស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ជាង ៦០០ ​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ជាង ៩០០ ​នាក់ ​បាន​ធ្វើការ​តវ៉ា​នៅមុខ​រោងចក្រ ក្រោយ​ទទួល​ដំណឹង​ពី​ការបញ្ឈប់​តំណាង​របស់​ពួកគេ​ចំនួន​ ២ ​នាក់​កាលពី​ដើម​ខែ​។ បន្ទាប់ពី​តវ៉ា ភាគី​រោងចក្រ​ក៏បាន​ប្តឹង​ទៅ​តុលាការ​ហើយ​តុលាការ​ក៏បាន​ចេញ​ដីកា​រក្សា​ការពារ ឲ្យ​កម្មករ​ចូលធ្វើការ និង​បាន​ព្យួរការងារ​កម្មករ​ដែល​ចូលរួម​តវ៉ា​ក្នុង​ពេល​នោះ​ចំនួន​ ៧ នាក់​បន្ថែម​ទៀត​។

លោក ចឹក បូរិន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ស្ពឺ មិនអាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការចុះ​ធ្វើ​អធិការកិច្ច​ក្នុង​រយៈពេល​ ១ ​សប្តាហ៍ ​របស់​លោក​នៅ​រោងចក្រ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​ព្រោះ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​។

ប៉ុន្តែ​បើ​តាម​លោក សំ សុជា ប្រធាន​រដ្ឋបាល​រោងចក្រ ម៉ូណូភា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាគី​រោងចក្រ​បាន​ទទួល​សេចក្តី​សម្រេច​របស់​មន្ត្រី​អធិការកិច្ច​មន្ទីរ​ការងារ​ហើយ​កាលពី​ថ្ងៃទី ១៩ ខែ​វិច្ឆិកា​នេះ​។

លោក​បន្តថា សេចក្តី​សម្រេច​នេះ​បាន​អនុញ្ញាត​ឲ្យ​ខាង​រោងចក្រ បញ្ឈប់​តំណាង​កម្មករ​ទាំង ២ ​នាក់​នេះ​តាម​ការស្នើសុំ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ចំពោះ​កម្មករ​ ៧ នាក់​ផ្សេង​ទៀត​គឺ​ស្ថិតក្នុង​នីតិវិធី​ដោយឡែក​របស់​តុលាការ ហើយ​តុលាការ​គ្រាន់តែ​ព្យួរការងារ​គាត់​មិន​ឲ្យ​ចូលធ្វើការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

លោក​បន្តថា​៖ «៧ នាក់​ផ្សេងទៀត​គ្រាន់តែ​បញ្ចូល​ទៅក្នុង​បញ្ជី​របស់​តុលាការ ស្តីពី​ដីការ​ក្សា​ការពារ​ទេ មិន​ពាក់ព័ន្ធ​នឹង​រឿង​បញ្ឈប់​ទេ​។ តាមពិត​ទៅ​គាត់​អាច​ចូល​ធ្វើការ​បាន ប៉ុន្តែ​ដោយសារ​តែ​ពួកគាត់​អះអាង​ថា បើ​ពួកគាត់​ចូល​ធ្វើការ ទាល់តែ​ចូល​ធ្វើការ​ទាំងអស់​គ្នា​ ( ៩ នាក់​) បើ​ចូល​មួយ​អត់​មួយ​ក៏​ពួកគាត់​មិន​ចូល​ធ្វើការ​ដែរ​»​។

យ៉ាងណា​ក៏ដោយ​ជាមួយ​នឹង​ការព្រមាន​តវ៉ា​របស់​កម្មករ​បន្ត​ទៀត ដើម្បី​ឲ្យ​រោងចក្រ​ទទួល​យក​តំណាង​កម្មករ​ទាំងអស់​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ លោក សំ សុជា ​អះអាង​ថា​មិន​អាច​ទៅរួច​ទេ ហើយ​ការតវ៉ា​របស់​កម្មករ​មិន​បាន​ធ្វើឲ្យ​មាន​ផលចំណេញ​នោះ​ទេ​គឺ​នឹង​ធ្វើឲ្យ​ខាតបង់​ទាំងអស់​គ្នា​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​យល់​ថា ការសម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត​គឺជា​ចេតនា​ក្នុង​ការពារ​ការរើសអើង​សហជីព​ពី​សំណាក់​ថៅកែ​រោងចក្រ​ដែល​តែងតែ​មិន​ចង់​ឲ្យ​មាន​សំឡេង​សហជីព​នៅ​រោងចក្រ​របស់​ពួកគេ ដែល​វា​ផ្ទុយ​នឹង​ច្បាប់​។

លោក​ថា​៖ «​ការដែល​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​គឺ​មិនមែន​ជា​ករណី​បញ្ឈប់​បុគ្គល​ទេ គឺ​បញ្ឈប់​ក្រុម​សហជីព​។ អ៊ីចឹង​ក្រុម​សហជីព គឺ​តំណាង​ឲ្យ​កម្មករ​តំណាង​ឲ្យ​សមាជិក ដូច្នេះ​បើ​បញ្ឈប់​តំណាង​របស់​គាត់ គាត់​តវ៉ា​គឺជា​រឿង​មួយ​ត្រឹមត្រូវ​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​ការតវ៉ា​នេះ​ធ្វើ​ដោយ​សន្តិវិធី​ហើយ​ដើម្បី​បញ្ចប់​គឺ​មិន​គួរ​ឲ្យ​មាន​វិវាទ​ដដែលៗ​នៅ​ស្រុក​យើង​ដែល​មាន​ទាំង​ច្បាប់​អន្តរជាតិ ច្បាប់​ជាតិ ក្នុង​ការធានា​ដល់​សិទ្ធិសេរីភាព​របស់​សហជីព​គឺ​ត្រូវយក​វា​មក​ប្រើ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​»៕