ភ្នំពេញៈ កម្មករ កម្មការិនី​រោងចក្រ​វ៉ាយអូលែត​ប្រមាណ ២៥០ ​នាក់ ​តំណាង​ឲ្យ​កម្មករ ១ ២៨៤ ​នាក់​ កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​នៅមុខ​ទីស្នាក់ការ​សហគមន៍​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​អន្តរាគមន៍​ឲ្យ​រោងចក្រ​ដែល​បាន​បិទទ្វារ​ដោះស្រាយ​ផលប្រយោជន៍​ជូន​កម្មករ​ទៅ​តាម​ច្បាប់​។

បើ​តាម​ញត្តិ​របស់​កម្មករ​ដែល​បាន​ដាក់​ជូន​សហគមន៍​អឺរ៉ុប (EU) រោងចក្រ វ៉ាយអូលែត មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ បាន​ព្យួរការងារ​កម្មករ​រយៈពេល​ ២ ​ខែ​ចាប់ពី​ខែ​ឧសភា​ដល់​ខែមិថុនា ឆ្នាំ​​ ២០២០​។ ញត្តិ​ដដែល​បន្តថា ក្នុង​ពេល​នោះ​ក្រុមហ៊ុន​បាន​ប្រកាស​បិទទ្វារ​រោងចក្រ​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ១ ខែ​ កក្កដា​ ឆ្នាំ​ ២០២០ ​ដោយ​មិនបាន​ដោះស្រាយ​ផលប្រយោជន៍​ជូន​កម្មករ​តាមផ្លូវ​ច្បាប់​ស្តីពី​ការងារ​នោះឡើយ​។

ញត្តិ​កម្មករ​បញ្ជាក់​ថា​៖ «​ស្នើសុំ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មេត្តាជួយ​រក​យុត្តិធម៌​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​នៅ​រោងចក្រ​វ៉ាយអូលែត ដោយ​សុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ ៤ ចំណុច​។ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ដល់​កម្មករ​ដែលមាន​ផ្ទៃពោះ​ចាប់ពី​ ៤ ​ខែ​ឡើង​ទៅ ត្រូវ​ទទួល​បាន​ ៥០ ​ភាគរយ​ ពី​ក្រុមហ៊ុន​រយៈពេល​ ៣ ​ខែ​នៃ​លុយ​លម្ហែ​មាតុភាព​»​។

បន្ថែម​ពីនេះ កម្មករ​ក៏​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​ទូទាត់​ប្រាក់​ចំនួន ៥ ​ថ្ងៃ​នៃ​ថ្ងៃ​សម្រាក​ចូលឆ្នាំ និង​ស្នើឲ្យ​ក្រសួង​ការងារ បញ្ចូន​សំណុំរឿង​វិវាទ​រោងចក្រ វ៉ាយអូលែត​នេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

លោកស្រី Pok Poun មន្ត្រី​ផ្នែក​ព័ត៌មាន​នៃ​សហគមន៍​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

អ្នកស្រី អ៊ុង ចាន់ធឿន ​តំណាង​កម្មករ​ដែល​បានដាក់​ញត្តិ​ជូន​សហគមន៍​អឺរ៉ុប​កាលពី​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សហគមន៍​អឺរ៉ុប​បាន​សន្យាថា ខ្លួន​នឹង​ពិនិត្យ​ទៅលើ​សំណើ​របស់​កម្មករ និង​ជំរុញ​រឿងនេះ​ទៅ​កាន់​អ្នកបញ្ជា​ទិញ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ទាំងនេះ​។

អ្នកស្រី​បាន​បន្តថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​កម្មករ និង​បងប្អូន​យើង​មួយចំនួន​នៅ​មាន​ឆន្ទៈ ចង់​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​។ យើង​សង្ឃឹមថា យើង​នឹង​ទទួល​បាន​យុត្តិធម៌ តាមច្បាប់ និង​ចង់​ឲ្យ​រោងចក្រ គោរព​ច្បាប់ និង​ផ្តល់នូវ​អ្វីដែល​កម្មករ​ត្រូវ​ទទួល​បាន​»​។

ប៉ុន្តែ​លោក​ ប៊ូ សំណាង ប្រធាន​រដ្ឋបាល​រោងចក្រ​វ៉ាយអូលែត ថ្លែង​ថា​ការដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​នេះ គឺ​នឹង​មិនមាន​​ឥទ្ធិពល​អ្វី​មក​លើ​ក្រុមហ៊ុន​នោះទេ ព្រោះ​រោងចក្រ​បាន​ដោះស្រាយ​ទៅតាម​ច្បាប់ និង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ដោយ​បាន​ផ្តល់​សំណង​ដល់​កម្មករ​ចំនួន ៣ ​ចំណុច ដើម្បី​ឆ្លើយតប​នឹង​ការបិទទ្វារ​រោងចក្រ​ហើយ​។

លោក​បាន​បន្តថា ចំពោះ​ដំណោះស្រាយ​ទាំងនេះ​ក៏​មាន​ការគាំទ្រ​ពី​ក្រសួង​ការងារ​ដោយ​មាន​កម្មករ​ជាច្រើន​បាន​មក​ទទួលយក​ដំណោះស្រាយ​ទាំងនេះ​។ លោក​បញ្ជាក់ថា​៖ «​អ្វីដែល​គាត់​បាន​ទាមទារ​គឺជា​រឿង​ផ្សេង ហើយ​អ្វីដែល​យើង​ធ្វើ គឺ​ធ្វើ​ទៅ​តាមច្បាប់ និង​មាន​ការចូលរួម​ពី​ខាង​ក្រសួង​។ ខ្ញុំ​ក៏​មិនដឹងថា យ៉ាងម៉េច​បាន​ជា​គាត់​នៅតែ​ទាមទារ​ដែរ​»​។

លោក​អះអាង​ថា​៖ «​លក្ខខណ្ឌ ដែល​យើង​បានផ្តល់​ឲ្យ​គាត់ គឺ​ការផ្តល់​ប្រាក់ខែ​ចុងក្រោយ ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ ហើយ​មកដល់​ពេល​នេះ​មាន​កម្មករ​ជាង ៩០០ ​នាក់ ហើយ​បានមក​ទទួល​យក​លក្ខខណ្ឌ​នេះ និង​នៅមាន​ជា​បន្តបន្ទាប់​»៕