ភ្នំពេញៈ កម្មករ-កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ ធី&អិល ប្រមាណ ៥០ នាក់​ស្ថិតក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​បាន​បន្ត​ការតវ៉ា​ជាថ្មីទៀត​កាលពី​ម្សិលមិញ បន្ទាប់ពី​ថៅកែ​រោងចក្រ​នៅតែ​មិន​ព្រម​ទទួលយក​តំណាង​កម្មករ​ចំនួន ៤ ​នាក់​ឲ្យ​ចូលធ្វើការ​វិញ បន្ទាប់ពី​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ក្រោម​ហេតុផល​ចងក្រង​បង្កើត​សហជីព​ក្នុង​រោងចក្រ​។

ការតវ៉ា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់ ដែល​បន្ត​ការតវ៉ា​តាំងពីដើម​ខែមីនា​មក​ឲ្យ​ចូលធ្វើការ​វិញ​ជាធម្មតា និង​បញ្ឈប់​សកម្មភាព​តវ៉ា​នៅមុខ​រោងចក្រ​នៅ​ត្រឹម​ថ្ងៃទី ៩ មីនា​នេះ​។

តំណាង​កម្មករ​លោក សាន សាមុន ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​បាន​ថ្លែង​ក្នុងការ​ឡាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​អំឡុងពេល​តវ៉ា​ថា ពួកលោក ៤ នាក់​ដែល​ជា​តំណាង​កម្មករ​ត្រូវ​បាន​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ ក្រោយពី​បាន​បោះឆ្នោត​បង្កើត​សហជីព​នៅក្នុង​រោងចក្រ​នេះ​មិន​បាន​ ១ ខែ​ផង​។ ​នេះ​គឺជា​ការរើសអើង​សហជីព​ដោយ​មិន​ចង់ឱ្យមាន​សហជីព​ក្នុង​រោងចក្រ ខណៈ​ដែល​ថៅកែ​រោងចក្រ​មួយ​នេះ​កំពុង​រំលោភបំពាន​សិទ្ធិ​របស់​កម្មករ​ជាច្រើន​ករណី ហើយ​មូលហេតុ​ដែល​រោងចក្រ​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​សហជីព ក៏​ព្រោះតែ​រោងចក្រ​នេះ​មិន​បាន​គោរព​ទៅតាម​ច្បាប់​ការងារ​នោះទេ​។

លោក​ថ្លែងថា​៖ «​កម្មករ​តវ៉ា​ដោយ​ស្ម័គ្រចិត្ត មិនមាន​ការបង្ខំ​ពី​ពួកយើង​នោះទេ គឺ​ពួកគាត់​តវ៉ា​ចង់​ឲ្យ​តំណាង​ពួកគាត់​បាន​ចូលធ្វើការ​ជាធម្មតា ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​កម្មករ​ដែល​កន្លងទៅ​រោងចក្រ​នេះ​ធ្លាប់​បាន​បំពាន​។ ធ្លាប់មាន​ការបញ្ឈប់​កម្មករ​មាន​ផ្ទៃពោះ​។ រោងចក្រ​នេះ​បើក​ជាង ១ ​ឆ្នាំ​ហើយ តែ​គ្មាន​បន្ទប់​ពិនិត្យ​ជំងឺ​នោះ​ទេ​»​។

ចំណែក​មន្ត្រី​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​កម្មករ​លោក អួក ឆវ័ន្ត ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដែរនោះ ថ្លែង​ថា​បើទោះ​ជា​មាន​ការសម្រេច​ឲ្យ​កម្មករ ចូល​ធ្វើ​ការធម្មតា ប៉ុន្តែ​តំណាង​កម្មករ​ទាំង​​ ៤ ​នាក់​ដែល​ត្រូវបាន​បញ្ឈប់ គឺ​មិន​ត្រូវបាន​ថៅកែ​រោងចក្រ​ឲ្យ​ចូលធ្វើការ​វិញ​នោះទេ​។ ដូច្នេះ​កម្មករ​ទាំងអស់​ក៏​បន្ត​ការតវ៉ា​ជាថ្មីទៀត ដោយ​មិន​ព្រម​ចូល​ធ្វើការ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​តំណាង​ ៤ ​នាក់​វិញ​។

លោក​បន្ថែមថា​៖ «​គេ​អត់​ឲ្យ​ខ្ញុំ​ចូលធ្វើការ​ទេ ដាច់ខាត​គេ​មិន​ឲ្យ​ពួក​ខ្ញុំ ៤ នាក់​នេះ​ចូល​ធ្វើការ​ដាច់ខាត​»​។

តំណាង​រោងចក្រ ធី&អិល​ កាលពី​ម្សិលមិញ​មិនអាច​ស្វែងរក​ប្រភព ដើម្បី​សាកសួរ​ជុំវិញ​​ករណី​នេះ​បាន​ទេ​។

លោក​ ទេស រុក្ខាផល អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា យោងតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​សម្រេច​ឲ្យ​កម្មករ​ដែល​នៅ​សេសសល់​ត្រូវ​ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី ៩ មីនា​។ ប៉ុន្តែ​កម្មករ និង​តំណាង​កម្មករ​មិន​បាន​គោរព​តាម​នោះទេ និង​បាន​បន្ត​ធ្វើ​បាតុកម្ម ដោយ​មាន​ការហែក្បួន​ទៀតផង​។

លោក​បន្តថា ក្រុមការងារ នឹង​បន្ត​ផ្សះផ្សា​បន្តទៀត ហើយ​ក្នុង​ករណី​ដែល​កម្មករ​នៅតែ​បន្ត​ការតវ៉ា​នោះ ក្រុមការងារ​នឹង​​បញ្ចូន​រឿងនេះ​ទៅ​ថ្នាក់លើ ឬ បញ្ចូនទៅ​តុលាការ​ធ្វើការ​បន្ត​តែម្តង​។ យ៉ាងណា​ក្នុង​ដំណាក់កាល​នេះ​លោក​អះអាង​ថា ក្រសួង​នឹង​បន្ត​ផ្សះផ្សា​បន្តទៀត​។

លោក​បញ្ជាក់​ថា​៖ «​កាលពី​ថ្ងៃ​ចន្ទ​ហ្នឹង ក្រុមការងារ​យើង​ក៏​បាន​ចុះ​ផ្សះផ្សា​ដែរ ប៉ុន្តែ​មិន​ជា​សះ​នោះទេ បន្ទាប់ពី​ពួកគាត់​បាន​នាំគ្នា​មក​តវ៉ា នៅ​ក្រសួង​ការងារ ហើយ​ក៏​បាន​ត្រឡប់​ទៅវិញ ក្រោយ​សម្របសម្រួល​។ យើង​នឹង​បន្ត​ផ្សះផ្សា​ទៀត ប៉ុន្តែ​ជារួម​កម្មករ​មិន​បាន​ធ្វើតាម​នីតិវិធី​នៃ​ការផ្សះផ្សា​។ ដូច្នេះ​បើ​គាត់​នៅ​បន្តធ្វើ​កូដកម្ម​បន្តទៀត យើង​នឹង​មិន​បន្ត​ដោះស្រាយ​ករណីនេះ​ទៀត​ទេ »​។

លោក អួក ឆវ័ន្ត ឱ្យ​ដឹងថា​រោងចក្រ ធី&អិល ហ៊ែនប៊ែក (T&L Cambodia Handbags Industrial) ជា​រោងចក្រ​ផលិត​កាបូប មាន​ថៅកែ​ជា​ជនជាតិ​ចិន និង​មាន​កម្មករ ៣៨០ ​នាក់​កំពុង​បំពេញ​ការងារ​៕