កណ្ដាលៈ ​កម្មករ​រោង​ចក្រ នូវ ខ​ប ​មួយ​ចំនួន​នៅ​តែ​អះអាង​ថា ​ពួក​គេ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដើម្បី​ស្វែង​រក​ការ​អន្តរាគន៍​បន្ត​ករណី​រោង​ចក្រ​ផ្តល់​សំណង​មិន​ត្រឹម​ត្រូវ​ដល់​ពួក​គេ ​ក្រោយ​មិន​មាន​លទ្ធភាព​បន្ត​កិច្ច​សន្យា​ការងារ​ជា​មួយ​កម្មករ​ ព្រោះ​តែ​គ្មាន​ការ​បញ្ជា​ទិញ។​

​ការ​អះអាង​យ៉ាង​ដូច្នេះ ​បន្ទាប់​ពី​ការ​ចរចា​កាល​ពី​ម្សិល​មិញ​ តាំង​ពី​ម៉ោង​ ៩ ​ព្រឹក​ រហូត​ដល់​ម៉ោង​ ១២​ ថ្ងៃ​ត្រង់​ ​រវាង​តំណាង​កម្មករ​រោង​ចក្រ ​នូវ​ ខ​ប ​ចំនួន​ ១២ ​នាក់​ និង​ភាគី​រោង​ចក្រ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ប្រធាន​មន្ទី​រការងារ​ខេត្ត​ មិន​ទាន់​ទទួល​បាន​ការ​ឯក​ភាព​ទាំង​ស្រុង​ ដោយ​មាន​កម្មករ​មួយ​ចំនួន​ នៅ​តែ​ប្រកាន់​ជំហរ​ ខណៈ​កម្មករ​មួយ​ចំនួន​ យល់ព្រម​​ទទួល​យក​អត្ថ​ប្រ​យោជន៍​បន្ថែម​ពី​ថៅ​កែ​រោង​ចក្រ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ លោក​ ថុ​ន នាង ​ប្រធាន​មន្ទី​រការងារ​ខេត្ត​កណ្តាល​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ។

​លោក​ ​នាង​ បន្ត​ថា​ ក្រោយ​កិច្ច​ចរចា​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ កម្មករ​ទាំង​អស់ ​បាន​សម្រេច​បែង​ចែក​ជា​ ៣ ក្រុម ដោយ​មួយ​ក្រុម​សម្រេច​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ និង​មួយ​ក្រុម​សម្រេច​ប​ញ្ជូ​ន​ករណី​នេះទៅ​តុលា​ការ ​ចំណែក​មួយ​ក្រុម​ទៀត​ បាន​យល់​ព្រម​ទទួល​សំណង​បន្ថែម​ដែល​ភាគី​រោង​ចក្រ​បាន​ផ្តល់​ជូន​ ចន្លោះ​ពី​ ៤៥០ ដុល្លារ ​ដល់​ជាង ​៥០០ ដុល្លារ ​បន្ទាប់​ពី​បូកបន្ថែម​អត្ថ​ប្រយោជន៍​ក្នុង​ឆ្នាំ​ថ្មី​នេះដែល​ភាគី​រោងចក្រ​ព្រម​ផ្តល់​ជូន។​

​លោក​ ​នាង ​បានបញ្ជាក់​ថា៖​ «​ប្តឹង​ និង​ដោះ​ស្រាយ​ទៅ​ច្បាប់​ការងា​រ ដែល​យើង​បន្ត​ បើ​បង​ប្អូន​ណា​គាត់​ព្រម​ទទួល​យក ​ពី​ក្រុម​ហ៊ុន​នេះ​ជា​សិទ្ធិ​របស់​គាត់​ ហើយ​បើ​បងប្អូន​ណា​មិន​ព្រម​ជា​សិទ្ធិ​របស់​គាត់។​ ​យើង​នឹង​ដោះ​ស្រាយ​បន្ត​ទៀត​ យើង​នឹង​ធ្វើ​ឯក​សារ​ហ្នឹង​បញ្ចូន​ទៅ»។​

លោ​ក​ ហេង​ សុខា​ តំណាង​កម្មករ​ម្នាក់​ដែល​បាន​ចូល​ជួប​ចរចា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ចំពោះ​ការ​ចង់បាន​របស់​លោក ​និង​កម្មករ​ដទៃ​ទៀត​ គឺ​ចង់​ឲ្យ​ភាគី​រោង​ចក្រ​ ផ្តល់​សំណង ​និង​ប្រាក់អតី​តភាព​ការងារ​ដល់​ពួក​គាត់​ទៅ​តាម​អតី​តភាព​ការ​ងារ​របស់​កម្មករ​នី​មួយៗ​ ដែល​​អាច​មាន​ជាង​ ១០ ​ឆ្នាំ​ ប៉ុន្តែ​ភាគី​រោង​ចក្រ​ ព្រម​ទូទាត់​ឲ្យ​កម្មករ​តែ​រយៈពេល​ ២ ឆ្នាំ​ក​ន្លះ​ប៉ុណ្ណោះ ​ដោយ​សំអាង​ថា​ រោង​ចក្រ​បាន​ទូទាត់​ជូន​កម្មករ​ម្តង​រួច​មក​ហើយ។​

លោ​ក​បញ្ជាក់​ថា៖​ ​«​ជា​មួយ​នឹង​ការ​គ្មាន​លទ្ធ​ភាព​បន្ត​កិច្ច​សន្យា​ជា​មួយ​កម្មករ​នេះ​ ភាគី​រោង​ចក្រក៏​មិន​បាន​បង្ហាញ​ឲ្យ​ច្បាស់​ថា ​រោង​ចក្រ​របស់​ខ្លួន​ ក្ស័យ​ធន​ ឬ​យ៉ាង​ណា​នោះ​ដែរ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមកម្មករ មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។​

ជា​មួយ​គ្នា​នេះ​ កម្ម​ករ​ម្នាក់​ឈ្មោះ ​លោក​ ខែ​ន សុ​ភ័​ណ្ឌ ​វ័យ​ ៣១​ ឆ្នាំ​ បាន​បញ្ជាក់​ជំហរ​របស់​លោកថាបើ​គ្មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ ​ក្រុមកម្មករទាំងអស់​នឹង​​ប្រ​មូល​ផ្តុំគ្នា ​ដាក់​ពាក្យ​បណ្តឹង​ទៅក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៃ​ក្រសួង​ការងារ​ ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​យុត្តិ​ធម៌​ ព្រោះ​តែ​ក្រុម​ហ៊ុន​មិន​បាន​អនុវត្ត​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ការងារ។​

កាល​ពី​ថ្ងៃទី ​២៦ ​និង​ ២៧ ​ខែ​ មិថុនា​ កម្មករ​រោង​ចក្រ ​នូវ ​ខ​ប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជើង​អក​ ឃុំ​លំហាច​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល ​ប្រមាណ​ជាង​ ៤០០ នាក់​ ដែល​មិន​យល់​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​រោងចក្រ​ ដើ​ម្បិ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អត្ថ​​ប្រ​យោជន៍​នានា​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ។​ ​

​ការ​ទាម​ទារ​នេះ ត្រូវ​បាន​កម្មករ​​អះអាង​ថា​ ព្រោះតែ​​រោង​ចក្រ​ នូវ​ ខ​ប​ ពុំ​មាន​ការងារ​ឲ្យ​កម្មករ​ ទើប​សម្រេច​កាត់​បន្ថយ​ការងារ​កម្មករ ​​​៥០ ភាគរយ​ រយៈ​ពេល​ ១ ខែ​​កន្លះ​ និង​បន្ទាប់​មក​ ក៏​បាន​ប្រកាស​ព្យួរ​ការងារ​រយៈ​ពេល​ ២​ ខែ ​ដោយបា​ន​ជូនដំណឹង​ដល់​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​ងារ​វិញ​ នៅ​ថ្ងៃទី​ ២៦​ ខែ មិថុនា។​

ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​ នៅ​តែ​គ្មាន​ការ​ងារ​ឲ្យ​កម្មករ​ធ្វើ​ដដែល​ ទើប​រោង​ចក្រ ​បាន​ប្រកាស​ឲ្យ​កម្មករ​ទាំងអស់​ ដែល​មិន​អាច​បន្ត​រង់ចាំ​បាន​មក​ទទួល​យកប្រាក់​អត្ថ​ប្រ​យោជន៍​ដោយ​គិត​ទូទាត់​លុយ​ឲ្យ​កម្មករ​ចន្លោះ​ពី​ ៣២០$ ​ទៅ​ ៤៥០$ ​ក្នុង​ម្នាក់ៗ មិន​ថា ​កម្មករ​ថ្មី​ ឬ​ចាស់​នោះទេ ​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​កម្មករ​ កម្មការិនី​ថា​ បិទ​រោង​ចក្រឬ​ក៏​បើក​រោងចក្រ​នោះ​ទេ។​

​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​ម្ចាស់​រោង​ចក្រ​ ដែល​កម្មករ​អះអាង​ថា​ ជា​ជន​ជាតិ​កូរ៉េ​នោះ​បា​នទេ ចំណែក​មន្ត្រី​ផ្នែក​រដ្ឋបាល​ ឈ្មោះ ​វាស​នា ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ កាល​ពី​ម្សិល​មិញ ព្រោះ​តែ​ទូរ​ស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។​ ​

​លោក ​សៀង ​សម្បត្តិ​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​មិត្តភាព​កម្មករ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ករណី​នេះ​ វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​កម្មក​រ ព្រោះ​វា​ជា​វិវាទ​ការងារ​ស្ថិត​ក្នុង​ការ​ចរចា​ ប៉ុន្តែ​បើ​ភាគី​ណា​មួយ​មិន​អាច​ទទួ​ល​យក​បាន​ នោះ​​គឺ​អាច​​ប្តឹង​បន្ត​ទៅ​ក្រសួង​ការងារ​ និង​តុលាការ​បាន។​

​លោក​​បញ្ជាក់​ថា៖​ «​ដោយ​សា​រតែ​នៅ​ពេល​ប្រជុំ ​ភាគី​ទាំង​សង​ខាង​សុទ្ធ​តែមា​ន​អំណះ​អំ​ណា​ង​រៀងៗ​ខ្លួន​ ប៉ុន្តែ​បើតាម​ការ​បក​ស្រាយ​របស់​ប្រធាន​​មន្ទីរ​ការងារ​ បាន​អះអាង​ថា​ផ្អែក​តាម​ច្បាប់ កម្មករ​ អាច​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​តិច​ជាង​អត្ថ​ប្រយោជន៍​ដែល​ក្រុមហ៊ុន​បាន​ផ្តល់ជូ​ន​។​ ប៉ុ​ន្តែ​ការ​សម្រេច​យ៉ាង​ណា ​គឺ​អាស្រ័យ​លើ​កម្មករ​ខ្លួនឯង»។​

តាម​ការ​អះអាង​របស់​កម្មក​រ និង​សហ​ជីព​ បាន​ឲ្យ​ដឹង​ថា​ រោច​ចក្រ​ នូវ​ ខ​ប​ បាន​បើក​ដំណើ​រការ​តាំង​ពី​ឆ្នាំ ​២០០៦ ​ដែល​មាន​កម្មករ​ប្រមាណ ​១ ៤០​០ ​នា​ក់ ​ហើយ​សម្លៀក​បំពាក់​ដែល​ផលិត​បាន​ គឺ​ធ្វើ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក។​ ​កម្មករ​ប្រមាណ​ជាង​ ៤០០​ នាក់​ទៀត​ នៅ​តែ​បន្ត​ការ​តវ៉ា​នេះ៕​